en     km
en     km

សភា​អឺរ៉ុប​​ព្រមាន​លុប​ចោល​ជំនួយ​មក​កម្ពុជា​ បើ​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​វិល​ចូល​កម្ពុជា​បាន​

Share

រូបភាពពីហ្វេសប៊ុក

​ភ្នំពេញ​៖​ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន​ ៥៦៧​ ក្នុង​ចំណោម​ ៦៣០​ រូប​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អនុម័ត​គាំទ្រ​នូវ​វិធានការ​ព្រមាន​លុប​ចោល​ជំនួយ​សម្រាប់​កម្ពុជា​នូវ​ទឹកប្រាក់​ ៤៣៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​វិល​មក​កម្ពុជា​ធ្វើ​នយោបាយ​វិញ​បាន​។​

​សភា​អឺរ៉ុប​ដែល​មាន​សមាជិក​ ២៨​ ប្រទេស​ បាន​អនុម័ត​លើ​សេចក្តីសម្រេច​ជា​ផ្លូវការ​របស់​ខ្លួន​ ដោយ​បាន​ស្នើ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​លើ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ទាមទារ​ឱ្យ​រដ្ឋសភា​ផ្តល់​អភ័យឯកសិទ្ធិ​សភា​ ព្រមទាំង​សមាជិកភាព​សភា​ដល់​លោក​ សម​ រ​ង្ស៊ី​ វិញ​។​

​ចំណែក​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​លោក​ ផៃ​ ស៊ី​ផា​ន​ ដែល​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ហៅ​ថា​ការ​ព្រមាន​លុប​ចោល​ជំនួយ​មក​កម្ពុជា​របស់​សភា​សហភាព​អឺរ៉ុប​ ថា​ជា​ការ​សម្តែង​មតិ​ជា​លាយលក្ខណ៍អក្សរ​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ការ​ដាក់​សម្ពាធ​ ឬ​បង្ខំ​ដល់​រដ្ឋាភិបាល​នីមួយៗ​នៅ​សហភាព​អឺរ៉ុប​ ឱ្យ​អនុវត្ត​ការ​សម្តែង​មតិ​នេះ​ឡើយ​ ហើយ​សហភាព​អឺរ៉ុប​ក៏​មិន​អាច​បង្ខំ​ឱ្យ​កម្ពុជា​ធ្វើ​តាម​ខ្លួន​នោះ​ដែរ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ការ​សម្តែង​មតិ​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​ ហាក់​មិន​ទាន់​យល់​ច្បាស់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​នោះ​ទេ​ លោក​ក៏​បាន​ចាត់​ទុក​ការ​សម្តែង​មតិ​ជា​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​ថា​ជា​ការ​ប្រឆាំង​លើ​នីតិរដ្ឋ​របស់​កម្ពុជា​ និង​មើល​មិនឃើញ​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

​សូម​ជម្រាប​ថា​ សហភាព​អឺរ៉ុប​ គឺជា​ប្រភព​ផ្ដល់​ជំនួយ​ច្រើន​ជាងគេ​សម្រាប់​កម្ពុជា​ ហើយ​ជំនួយ​នេះ​កើតឡើង​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ ស្ដី​អំពី​ការ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​៕

Share

Image
Image
Image