en     km
en     km

សភាអន្តជាតិIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRPខណៈCPPព្យាយាមបញ្ជៀសរឿងនេះ

Share

ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិ ចំណែកបក្សកាន់អំណាចព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យសភាអន្តរជាតិនេះមិនទទួលស្គាល់ ។ ដោយសម្ដែងការខកចិត្តនឹងIPU សភាកម្ពុជាមកពីបក្សកាន់អំណាចក៏បានថ្កោលទោសសេចក្ដីសម្រចនេះ។ ករណីនេះអ្នកវិភាគថា កម្ពុជាគួរតែបន្ទន់ខ្លួនថែមទៀតហើយត្រូវពិនិត្យគោលនយោបាយការបរទេសខ្លួនឡើងវិញ ។

លោក សោម លាភ រាយការណ៍លំអិត៖

គណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា IPU កាលពីថ្ងៃទី១៨ ខែតុលាបានអនុម័តសេចក្តីសម្រេចរបស់ខ្លួនអំពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា។

តាមរយៈសេចក្តីសម្រេចរបស់សភាអន្តរជាតិមួយនេះ គឺទាមទារឲ្យកម្ពុជាមានការចរចាផ្នែកនយោបាយឡើងវិញជាមួយគណបលក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយអំណាចតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។

គណៈកម្មការសិទ្ធិមនុស្សនៃសភាអន្តរជាតិនេះនៅតែទទួលស្គាល់មន្ត្រីភាពស្របច្បាប់នៃអតីតតំណាងរាស្ត្រ ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ។  យ៉ាងណាមិញ ពួកគេបានថ្កោលទោសចំពោះការចែកអាសនៈសភារបស់អតីតគណបក្សសង្គ្រោះជាតិ ដោយបែកចែកអាសនៈនេះទៅគណបក្សដែលមិនមានការគាំទ្រពីពលរដ្ឋ។

ជាងនេះ  ការដកសិទ្ធិនយោបាយរបស់មន្ត្រីគណបក្សប្រឆាំងចំនួន ១១៨រូបក្រោមសាលដីការរបស់តុលាការកំពូលកម្ពុជា ក៏សភាអន្តរជាតិនេះមិនទទួលស្គាល់ដែរ ហើយថាកម្ពុជាត្រូវតែដោះស្រាយបញ្ហានេះ។

ជាក់ស្ដែង សហភាព​អន្តរ​សភា(IPU) ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​ពេញ​លេញ​វិញ​។

យ៉ាងណា ​អាជ្ញាធរកម្ពុជាត្រូវ​បង្ហាញ​ភស្តុតាង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៧​។

សម្រាប់សហភាព​អន្តរ​សភា IPU តាមរយៈ​សេចក្តី​សម្រេច​របស់​ខ្លួននេះបាន​ហៅការ​ចាប់​ខ្លួន​ លោក​ កឹម សុខា គឺ​ធ្វើ​ឡើង​ដោយមិនមានភស្តុតាង​ត្រឹម​ត្រូវ​។

​សភាអន្តរជាតិនេះ ទាមទារដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តារវិបត្តិនយោបាយ និងគោរពសិទ្ធិមនុស្ស ព្រមទាំងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។​ យ៉ាងណា ពួកគេបានបង្ហាញនូវការព្រួយបារម្ភចំពោះការរំលោភអភ័យឯកសិទ្ធិសភារបស់ លោក កឹម សុខា។

ជាងនេះទៀត សហភាពអន្តរសភាមួយនេះ ក៏មិនទទួលស្គាល់លើសេចក្ដីសម្រេចតុលាការកំពូលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់លោកកឹម សុខា ពីទោសក្បត់ជាតិ ពោលគឺចោទលោកកឹមសុខាថា គ្រោងនឹងផ្ដួលរំលំរដ្ឋាភិបាលដោយការរៀបចំបដិវត្តន៍ពណ៌នោះដែរ។ យ៉ាងណាមិញ សុន្ទរកថាឆ្នាំ ២០១៣ របស់លោកកឹមសុខាមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ។ ដោយឡែកករណីរបស់លោកសមសរង្ស៊ី  សភាអន្តរជាតិនេះ បានការបន្តកសាងសំណុំរឿង ប្រឆាំងនឹងមេដឹកនាំរូបនេះថា ជាការធ្វើទុក្ខបុកម្នេញមិនចេះច​ប់។

លោក សមរង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ក្នុងការសាទរចំពោះសេចក្តីសម្រេចរបស់សភាអន្តរជាតិមួយនេះដោយលើកឡើងថាបានផ្តល់យុត្តិធម៌ដល់គណបក្សសង្គ្រោះជាតិ និងជនរងគ្រោះដទៃទៀត។

ខណៈដែលគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា អនុម័តចេញសេចក្ដីបែបនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា បង្ហាញការខកចិត្តចំពោះសេចក្តីសម្រេចរបស់ IPU លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសំណុំរឿងអតីតតំណាងរាស្ត្របក្សប្រឆាំងជាខ្លាំង។

ជាងនេះគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចនេះថា មានភាពលំអៀងទៅរកអតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលត្រូវបានតុលាការកាត់ទោស ដោយសារតែទង្វើក្បត់ជាតិ។

គណៈប្រតិភូរដ្ឋសភាកម្ពុជា បញ្ជាក់ពីការខកចិត្ត ខណៈដែលប្រតិភូនេះបានផ្តល់ព័ត៌មានពិតដែលអាចជឿទុកចិត្តបានយ៉ាងច្រើន បែជាគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ហាក់ដូចជាពុំមានការពិចារណាឱ្យគ្រប់ជ្រុងជ្រោយ។

ប្រតិភូរដ្ឋសភាកម្ពុជា មិនពេញចិត្តចំពោះការសម្រេចមួយនេះ ដោយផ្អែកលើប្រភពព័ត៌មាន ដែលមានលក្ខណៈនយោបាយពីភាគីម្ខាង ហើយលាបពណ៌ប្រទេសកម្ពុជាឱ្យខ្មៅងងឹតតាមរយៈការចេញនូវសេចក្តីសម្រេចដែលមានលក្ខណៈលម្អៀងនេះ។

ផ្អែកទៅលើការចេញសេចក្ដីសម្រេចរបស់សហភាពអន្តរសភា IPU មានលក្ខណៈដូចទៅនឹងការវិភាគរបស់លោក ឯម សុវណ្ណារ៉ា។

អ្នកវិភាគនយោបាយ និងកិច្ចការសង្គម លោក ឯម សុវណ្ណារ៉ា បានប្រាប់វិទ្យុស្រ្តីកាលពីថ្ងៃទី១៦ តុលា ថា តម្លៃការទូតកម្ពុជាមានការធ្លាក់ចុះដោយសារតែសហភាពអន្តរសភា នៅតែទទួលស្គាល់ភាពស្របច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិ។

លោក ឯម សុវណ្ណារ៉ាថា តម្លៃការទូតកម្ពុជាហាក់ដូចជាចាញ់ប្រៀបអតីតគណបក្សសង្គ្រោះជាតិ។ លោកថា អ្វីដែលនាំឱ្យតម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារ តែសហគមន៍អន្តរជាតិធំៗដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសហភាពអន្តរសភាIPU នៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP។ ក្នុងន័យនេះ លោកគិតថា សហភាពអន្តរសភា មិនបានទទួលស្គាល់សមាជិករដ្ឋសភាចំនួន ១២៥ អាសនដែលបានពីការបោះឆ្នោតសភានីតិកាលទី៦នោះទេ តែសហភាពអន្តរសភានេះបែជាទទួលស្គាល់តែសម្លេងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានមកពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ទៅវិញ។

គួររំលឹកថា សន្និបាត​សហភាព​អន្ដរសភា (IPU) លើក​ទី​១៣៩ ធ្វើ​នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស រយៈ​ពេល​៥​ថ្ងៃ ហើយ​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែតុលា។ ក្នុងសន្និបាតនេះ​ ​មាន តំណាង​រដ្ឋសភា ជិត ២០០​ប្រទេស នៅ​លើ​ពិភពលោក ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។ គណៈប្រតិភូសមាជិកសភាកម្ពជា ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាក៏បានចូលរួមដែរ។ ដោយឡែកលោកសមរង្សីអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ក៏មានវត្តមាននៃ មហាសន្និបាតនេះដែរ​ក្នងនាមលោកជាអ្នកតស៊ូមតិដើម្បី ភាពស្របច្បាប់របស់អតីតតំណាងរាស្ត្រ CNRP ៥៥រូប។ ក្រុមគណៈប្រតិភូសមាជិកសភាបក្សកាន់អំណាចបាន ជំទាស់យ៉ាងខ្លាំង វត្តមានរបស់លោកសមរង្ស៊ី៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image