en     km
en     km

សញ្ញា​វិជ្ជមាន​ ឆ្ពោះទៅ​រក​ការ​កើនឡើង​ នៃ​ចំនួន​អណ្ដើក​ហ្លួង​

Share

​ភ្នំពេញ​ ៖​ អង្គការ​សមាគម​អ​ភិ​រក្ស​សត្វព្រៃ​ បាន​ប្រាប់​ថា​ បន្ទាប់​ពី​បាន​ព្រ​លែង​អណ្ដើក​ហ្លួង​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​ព្រែក​ស្រែអំបិល​ នៅ​ពេល​នេះ​គឺ​មាន​សញ្ញា​វិជ្ជមាន​ នៃ​ភាព​ជោគជ័យ​ចំពោះ​ការ​រស់រាន​របស់​អណ្ដើក​ហ្លួង​។​ តែ​យ៉ាងណា​ការ​បូម​ខ្សាច់​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ គឺជា​កង្វល់​ដ៏​ធំ​មួយ​ នៃ​ការ​បាត់បង់​អណ្ដើក​ហ្លួង​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ឆ្លងកាត់​តាម​ការ​តាមដាន​រៀង​រាល់​ខែ​ ដោយ​ក្រុម​ល្បាត​សហគមន៍​ រដ្ឋបាល​ជលផល​ និង​អង្គការ​ WCS​ បាន​រក​ឃើញ​អណ្ដើក​ហ្លួង​ទាំងអស់​ក្នុង​រយៈពេល​ ១០​ខែ​ បន្ទាប់​ពី​ព្រ​លែង​តាម​រយៈ​ឧបករណ៍​តាមដាន​ ដែល​បាន​បំពាក់​លើ​ខ្លួន​អណ្ដើក​ទាំងនោះ​។​ ទិន្នន័យ​បង្ហាញ​ថា​ អណ្ដើក​ហ្លួង​មួយ​ក្បាល​ បាន​ផ្លាស់​ទី​ ទៅ​កាន់​ប្រព័ន្ធ​ព្រែក​ជី​ផាត់​ ដែល​មាន​ចម្ងាយ​ជិត​ ១០០​គីឡូម៉ែត្រ​ ពី​ទីតាំង​ដែល​បាន​ព្រ​លែង​។​ ក្រៅពី​រក​ឃើញ​ការ​រស់រាន​របស់​អណ្ដើក​ហ្លួង​ ដែល​ព្រ​លែង​ហើយ​ ក៏​មាន​អណ្ដើក​ហ្លួង​ ១​ក្បាល​ផ្សេង​ទៀត​ ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ជាប់​មង​ និង​ប្រគល់​ឲ្យ​អង្គការ​ WCS​ ដើម្បី​រក្សា​។​

​អណ្ដើក​ហ្លួង​ ត្រូវ​បាន​គេ​គិត​ថា​ បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​អស់​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​នៅ​ក្នុង​ឆ្នាំ​២០០០​ រដ្ឋបាល​ជលផល​ និង​អង្គការ​ WCS​ បាន​សិក្សា​ស្រាវជ្រាវ​ និង​រក​ឃើញ​មាន​ចំនួន​សត្វ​អណ្ដើក​ប្រភេទ​នេះ​ ដ៏​តិច​តូច​ឡើង​វិញ​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​ នៃ​ប្រទេស​កម្ពុជា​។​ ក្រោយ​ការ​រក​ឃើញ​ អង្គការ​ WCS​ និង​រដ្ឋបាល​ជលផល​បាន​ធ្វើការ​រួម​គ្នា​ដោយ​ការពារ​ និង​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ទាំងនេះ​ ពី​ការ​ផុត​ពូជ​តាម​រយៈ​សកម្មភាព​ ការពារ​សំបុក​ពង​កូន​ ការ​ចិញ្ចឹម​ ថែរក្សា​ ការ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ និង​ការ​ជួញដូរ​សត្វព្រៃ​។​

​លោក​ សោម​ ស៊ី​ថា​ ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ ប្រចាំ​ខេត្ដកោះកុង​ របស់​អង្គការ​ WCS​ បាន​បញ្ជាក់​ កម្មវិធី​ការពារ​សំបុក​ពង​កូន​ របស់​អណ្ដើក​ហ្លួង​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ការពារ​សត្វ​ល្មួ​ន​ដ៏​កម្រ​នេះ​។​ កម្មវិធី​នេះ​ បាន​ផ្ដល់​ប្រាក់​សម្រាប់​ប្រជា​សហគមន៍​ ដែល​ការពារ​សំបុក​រហូត​ដល់​ពង​របស់​វា​ញាស់​។​

​លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​ WCS​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គិត​មក​ដល់​ពេល​នេះ​ អង្គការ​ សហការ​ជាមួយ​អាជ្ញាធរ​ បាន​ព្រ​លែង​សត្វ​អណ្ដើក​ហ្លួង​បាន​ចំនួន​ពីរ​លើក​ហើយ​ចូល​ទៅ​ក្នុង​ព្រែក​ស្រែអំបិល​នេះ​។​ លើក​ទី​១​ ក្នុង​ឆ្នាំ​២០១៥​ និង​លើក​ទី​២​ ក្នុង​ឆ្នាំ​២០១៧​។​ ការ​ព្រ​លែង​ទាំង​ពីរ​លើក​នេះ​ មាន​សត្វ​អណ្ដើ​ហ្លួង​ញី​ឈ្មោល​ ប្រមាណ​ជា​ ៤៦​ក្បាល​ ៖«​ក្នុង​ឆ្នាំ​២០១៨​នេះ​ យើង​អត់​មានបាន​ព្រ​លែង​ទេ​។​ តែ​កន្លង​មក​យើង​បាន​ព្រ​លែង​ពីរ​ដង​ហើយ​ ក្រោយ​ពី​យើង​ចាប់ផ្ដើម​ធ្វើកា​ងារ​ហ្នឹង​នៅ​ឆ្នាំ​២០០១​។​ យើង​ព្រ​លែង​បាន​តែ​ពីរ​ដង​ទេ​ គឺ​ឆ្នាំ​២០១៥​ យើង​ព្រ​លែង​ម្ដង​ មាន​ ២១​ក្បាល​ ហើយ​ឆ្នាំ​២០១៧​ ខែវិច្ឆិកា​ យើង​ព្រ​លែង​ម្ដងទៀត​ មាន​ ២៥​ក្បាល​»​។​

​បើ​ទោះជា​មានការ​សហការ​ ក្នុង​ការ​ការពារ​ និង​ព្រ​លែង​អណ្ដើក​ហ្លួង​ចូល​ធម្មជាតិ​វិញ​ ដើម្បី​ឲ្យ​ពួក​វា​បន្ដ​ពូជ​ ហើយ​រំពឹង​ថា​ ចំនួន​របស់​វា​នឹង​កើនឡើង​បន្ថែម​ក្ដី​។​ តែ​ការ​បូម​ខ្សាច់​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ ក្នុង​តំបន់​ ព្រៃ​ធម្មជាតិ​ ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​ គឺជា​ក្ដី​កង្វល់​ដ៏​ធំ​មួយ​របស់​ក្រុម​អ្នក​អភិរក្ស​ ក៏​ដូច​ជា​អាជ្ញាធរ​។​

​តែ​យ៉ាងណា​ លោក​ អ៊ុ​ក​ វិបុល​ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​ នៃ​រដ្ឋបាល​ជលផល​ មាន​ប្រសាសន៍​ថា​ ដើម្បី​អភិរក្ស​ពពួកសត្វ​អណ្ដើក​ហ្លួង​នេះ​ ឲ្យ​គង់វង្ស​ និង​កើនឡើង​មក​វិញ​ ពេល​នេះ​រដ្ឋបាល​ជលផល​កំពុង​រៀបចំ​ សេចក្ដី​ព្រាង​ប្រកាស​របស់​ស​ក្រសួងកសិកម្ម​ ដើម្បី​ដាក់​តំបន់​មួយ​ចំនួន​ធំ​ ដែល​ស្ថិត​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ឲ្យ​ទៅ​ជា​តំបន់​គ្រប់គ្រង​សម្រាប់​ពពួកសត្វ​អណ្ដើក​ហ្លួង​ និង​ក្រពើ​ត្រី​ (​ក្រពើ​ភ្នំ​)​ ហើយ​សេចក្ដី​ប្រកាស​នេះ​ នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​សត្វ​អណ្ដើក​ហ្លូ​ង​ គឺ​ ជា​ប្រភេទ​សត្វ​ល្មួ​ន​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ដែល​ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ នៅ​លើ​សាក​លោក​។​ ល្មួ​ន​ប្រភេទ​នេះ​ មាន​វត្ដមាន​តែ​នៅ​ប្រទេស​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ ភូមា​ និង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​។​ យោង​តាម​ការ​រក​ឃើញ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ ចំនួន​របស់​អណ្ដើក​ហ្លួង​ នៅ​លើ​សាកលលោក​ មាន​មិន​ដល់​ ៥០០​ក្បាល​នោះ​ទេ​។​ សម្រាប់​ប្រទេស​កម្ពុជា​ ប្រធាន​អង្គការ​ បាន​បញ្ជាក់​ថា​ ពួក​វា​មាន​ចំនួន​ប្រមាណ​ជាង​ ៥០​ក្បាល​ ហើយ​ពួក​វា​ គឺ​មាន​រស់នៅ​តែព្រៃ​ធម្មជាតិ​ ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​តែ​ប៉ុណ្ណោះ​។​

​លើស​ពី​នេះ​លោក​ កែន​ សេរីរ​ដ្ឋា​ សំណូមពរ​ថា​ ដើម្បី​ចូលរួម​រក្សា​វត្ដមាន​ដ៏​តិច​តូច​របស់​ពពួកសត្វ​អណ្ដើក​ហ្លួង​នៅ​កម្ពុជា​នេះ​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បន្ថែម​ទៀត​ ក្នុង​ករណី​ដែល​ចាប់​បាន​សត្វ​អណ្ដើក​ហ្លួង​ នៅ​តាម​ដងព្រែក​ស្រែអំបិល​ សូម​យក​មក​ប្រគល់​ឲ្យ​អង្គការ​ WCS​ ឬ​ក៏​រដ្ឋបាល​ជលផល​ ដែល​មាន​ការិយាល័យ​នៅ​ក្នុង​តំបន់​នោះ​។​ ជាង​នេះ​លោក​ស្នើ​ សូមកុំ​បរិភោគ​សត្វ​អណ្ដើក​ហ្លួង​នេះ​ ពីព្រោះ​តែ​វា​ជា​សត្វ​កម្រ​ ហើយ​ម្យ៉ាងវិញទៀត​ វា​ក៏​គ្មាន​ជាតិ​ប្រូ​តេ​អ៊ិ​ន​ច្រើន​អ្វី​ដែរ​។​

​សត្វ​អណ្ដើក​ហ្លួង​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មួ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ដោយ​ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​។​ មូលហេតុ​ដែល​គេ​ដាក់​ឈ្មោះ​ថា​ អណ្ដើក​ហ្លួង​ ពីព្រោះ​តែ​កាលពីមុន​ គឺ​មាន​តែ​ក្រុម​គ្រួសារ​រាជវង្ស​ប៉ុណ្ណោះ​ ដែល​អាច​សោយ​សាច់​ និង​ពង​របស់​ពួក​វា​បាន​៕

Share

Image
Image
Image