en     km
en     km

សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​ព្រមាន​លោកនាយក​រដ្ឋមន្ត្រី​

Share

​ភ្នំពេញ​៖​ ក្រោយ​ពី​មានការ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជា​ថ្មី​ឲុ្យ​ចាប់ខ្លួន​ចំពោះ​ជន​ណា​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ក្រុម​អ្នកវិភាគ​នយោបាយ​ និង​សង្គម​ស៊ី​វិល​ បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​មិន​ឯកភាព​ជាតិ​ ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​ វៀតណាម​។​

ព័ត៌មានជាសំឡេង៖

150828-pheary-news-01-dara-cover​អ្នកវិភាគ​នយោបាយ​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ពេល​កម្ពុជា​នៅ​មាន​ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ព្រំដែន​ ព្រួយបារម្ភ​ព្រោះថា​ ការ​ផ្ទៀងផ្ទាត់​ផែនទី​ មិន​បាន​ធ្វើ​ឲ្យ​មានការ​រួបរួម​ជាតិ​ តែ​បែរជា​បែកបាក់​គ្នា​ទៅ​វិញ​ ។​

​ការ​លើកឡើង​នេះ​ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ព្រមាន​ជា​ថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៥​ នេះ​ ឲ្យ​ចាប់ខ្លួន​អ្នក​ដែល​ចោទប្រកាន់​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ចោរ​ ឬ​ផែនទី​ក្លែងក្លាយ​ “​អា​ឡូ​វ​សាក​ហ៊ាន​បន្ត​ទៀត​មើល​ អ្នក​ណា​ក៏​ដោយ​ ហ៊ាន​ប្រើប្រាស់​នូវ​ពាក្យ​ថា​ ផែនទី​ចោរ​ ឬ​ផែនទី​ក្លែងក្លាយ​ ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​ជា​បន្ទាន់​ អត់​មានការ​លើកលែង​ ហើយ​អត់​រង់ចាំ​ពេលវេលា​”​។​

​​លោក​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ បាន​លើក​ឡើង​កង្វល់​របស់​លោក​ថា​ ការ​ព្រមាន​នេះ​ វា​បាន​បង្ហាញ​ពី​ទិដ្ឋភាព​មិនល្អ​ចំពោះ​ប្រទេស​ជាតិ​។​ លោក​លើកយក​ទិដ្ឋភាព​បី​មក​ឆ្លុះ​បញ្ចាំង​។​ ទិដ្ឋភាព​ទី​១​ បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ប្រើប្រាស់​សម្តី​មិន​សមរម្យ​ណាមួយ​ ទិដ្ឋភាព​ទី​២​ បង្ហាញ​ពី​ការ​ប្រើប្រាស់​អំណាច​ និង​ទិដ្ឋភាព​ទី​៣​ បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​គ្នា​ បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី​។​ លោក​បាន​បន្ថែម​ថា​ គ្រាន់តែ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ កម្ពុជា​មិន​ឯកភាព​ ចុះបើ​យក​ផែនទី​ទៅ​ផ្ទៀងផ្ទាត់​នឹង​ផ្ទៃដី​ តើ​កម្ពុជា​មានការ​ឯកភាព​គ្នា​យ៉ាងដូចម្តេច​?​ “​យើង​ពិនិត្យ​ឃើញ​ថា​ គ្រាន់តែ​ផ្ទៀងផ្ទាត់​ផែ​ទី​ យើង​មាន​ភាព​ចម្រូងចម្រាស​មិន​ឯកភាព​គ្នា​ទៅ​ហើយ​ ចុះ​ទម្រាំ​តែ​យក​ផែនទី​ទៅ​ផ្ទៀងផ្ទាត់​លើ​ផែនដី​ ថា​តើ​យើង​មាន​ភាព​ច​ម្រូ​ស​ចម្រាស​គ្នា​យ៉ាងម៉េច​ យើង​ឯកភាព​គ្នា​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ​ជាមួយ​ប្រទេស​ជិតខាង​យើង​ ”​។​​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នកវិភាគ​នយោបាយ​ និង​ជា​ប្រធាន​អង្គការ​វេទិការ​អនាគត​ លោក​អ៊ូ​ វី​រៈ​ បាន​ថ្លែង​ថា​ អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​កន្លង​មក​ ទាក់ទង​នឹង​បញ្ហា​ផ្ទៀងផ្ទាត់​ផែ​ទី​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​ លើ​ការ​ប្រើប្រាស់​ផែនទី​ ដើម្បី​បោះបង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​។​ លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួរតែ​បន្ត​បើក​ទូលាយ​ចំពោះ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ មិន​គួរ​ព្រមាន​ឲ្យ​មានការ​ចាប់​ខ្លួន​​ ចំពោះ​អ្នក​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះ​ទេ​។​ លោក​ថា​ បើ​រដ្ឋាភិបាល​ចាប់ខ្លួន​សកម្មជន​ ឬ​តំណាង​រាស្ត្រ​​គណបក្សប្រឆាំង​នោះ​ គឺ​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​សង្ស័យ​ចំពោះ​ ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ “​បើសិនជា​ខ្ញុំ​ជា​រដ្ឋាភិបាល​ ខ្ញុំ​ឲ្យ​លោក​អ៊ុំ​ សំ​អាន​ យក​ផែនទី​ទាំង​២៦​ផ្ទាំង​ដែល​ទើប​រក​ឃើញ​មក​ផ្ទៀងផ្ទាត់​ជា​ចំហ​ទៀត​ ដើម្បី​បង្ហាញ​ជា​សាធារណជន​ ហើយ​បើ​សិន​ដូច​គ្នា​មែនទែន​ ខ្ញុំ​មើលទៅ​ ក្រុម​លោក​អ៊ុំ​ សំ​អាន​ នឹង​អាម៉ាស់​ចំពោះ​មុខ​សារ​ធារ​ណ​ជន​ជាង​ ប៉ុន្តែ​បើ​ចាប់ខ្លួន​គាត់​ ឬ​ក៏​មានការ​គំរាម​កំហែង​ណាមួយ​ផ្សេង​ គឺ​ប្រជាពលរដ្ឋ​ ស្វ័យប្រវត្តិ​ជឿ​លោក​ អ៊ុំ​ សំ​អាន​ហ្មង​ ជឿ​ទ្រឹស្តី​ថា​ រដ្ឋាភិបាល​មានអី​លាក់​ អាហ្នឹង​ជា​ចិត្តសាស្ត្រ​របស់​មនុស្ស​”​ ។​

​គួរ​ម្លឹ​កថា​ ការ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ឲ្យ​ចាប់ខ្លួន​អ្នក​ណា​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ គឺ​ធ្វើ​ឡើង​ផ្ទួន​គ្នា​ក្នុង​ចន្លោះ​ពេល​មិន​ដល់​មួ​យស​ប្ដា​ហ៍​ផង​ ក្នុង​នោះ​ការ​ព្រមាន​លើក​ទី​១​ គឺ​នៅ​ថ្ងៃ​ទី​២១​ សីហា​ ឆ្នាំ​២០១៥​ និង​ការ​ព្រមាន​លើក​ទី​២​ធ្វើ​នៅ​ថ្ងៃ​ទី​២៦​ សីហា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ថ្មីៗ​នេះ​ ៕

Share

Image
Image
Image