en     km
en     km

សង្គម​ស៊ី​វិល​យល់​ថា​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​គឺ​មាន​តម្លាភាព​តែ​ត្រូវ​បន្ដ​តាមដាន​ទៀត​សិន​🔊

Share

​ភ្នំពេញ​៖​ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យល់​ថា​ ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​សម្រាប់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​កាលពី​អាណត្ដិ​មុនៗ​ ព្រោះ​មាន​រូបថត​ ក៏​ប៉ុន្ដែ​សង្គម​ស៊ី​វិល​ទាំងនោះ​ថា​ នេះ​ត្រឹមតែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​។​

see
សកម្មភាពពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត

​ជុំវិញ​រឿង​នេះ​ គ​.​ជ​.​ប​ អះអាង​ថា​ ខ្លួន​នឹង​ខិតខំ​បន្ដ​ធ្វើ​កិច្ច​ការងារ​ដោយ​ឈរ​លើក​គោលការណ៍​អ​ព្យា​ក្រិ​ត្យ​ យុត្ដិធម៌​ និង​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ទទួលយក​បាន​។​

​ខណៈ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ទើបតែ​ចាប់ផ្ដើម​ ទាំង​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​បង្ហាញ​ក្ដី​សាទរ​ដែល​បញ្ជី​ឈ្មោះ​ថ្មី​នេះ​មាន​រូបថត​ និង​ទិន្នន័យ​របស់​ប្រជាពលរដ្ឋ​ច្បាស់លាស់​ជាង​កាលពី​អាណត្ដិ​មុនៗ​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ដឹង​នៅ​ថ្ងៃ​ពុធ​ ទី​០៤​ ខែមករា​ ឆ្នាំ​២០១៧​ ​ថា​ លោក​មានការ​រីករាយ​ចំពោះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដែល​បាន​បង្ហាញ​ពី​តម្លាភាព​នៃ​អ្នក​ចុះ​ឈ្មោះ​ល្អ​ប្រសើរ​ជាង​អាណត្ដិ​មុនៗ​។​ ទោះជា​យ៉ាងណា​លោក​ គល់​ បញ្ញា​ នៅ​តែ​មិន​សាទរ​ដោយសារ​ចំនួន​ពល រដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​តិច​នៅឡើយ​។​ ករណី​នេះ​ លោក​ថា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកបោះ ឆ្នោត​។​

​លោក​ គល់​ បញ្ញា​ ៖ "​យើង​មិន​អាច​សន្និដ្ឋាន​បាន​ភ្លាមៗ​ទេ​តែ​យើង​បាន​សន្មត​ហើយ​ថា​ វា​មានគុណ​ភា ពល្អ​ប្រសើរ​ជាង​មុន​ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​យើង​នៅ​ពេលវេលា​ទៀត​ដើម្បី​យើង​ពិនិត្យ​មើល​ធ្វើ​សវន​កម្ម​ទៅ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ ហើយ​យើង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថា​តើ​មាន​ពលរដ្ឋ​មក​មើល​ឈ្មោះ​ប៉ុ​ន្មា​ កែ​ឈ្មោះ​ប៉ុន្មាន​ ហើយ​មានការ​ប្ដឹងផ្ដល់​ប៉ុន្មាន​ ដើម្បី​យើង​តាមដាន​បន្ដ​ទៀត​ថា​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ​គឺ​អាច​ជឿ​ទុកចិត្ដ ​"​។

kol-panha
លោក គល់ បញ្ញា នាយកប្រតិបត្ដិ ខុមហ្រ្វែល

​បន្ថែម​ពី​នេះ​លោក​ គល់​ បញ្ញា​ ក៏​មានការ​ព្រួយបារម្ភ​ពី​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ​ ថា​ អាច​នឹង​ត្រូវ​បាន​គេ​លួច​ចូល​ទៅ​ Hack​ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃនេះ​មានការ​លំបាក​ក្នុង​ការ​ចូល​ទៅ​មើល​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត​។

​ដូច​គ្នា​ដែរ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្ដិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និក​ហ្វិ​ច​ យល់​ថា​បញ្ជី​ឈ្មោះ​ដែល​មាន​តម្លាភាព​នេះ​ អាច​ជា​ការ​លើកទឹកចិត្ត​អ្នកបោះឆ្នោត​ផង​ដែរ​។​

​បន្ថែម​លើ​នេះ​លោក​ ចង់​ឲ្យ​ គ​.​ជ​.​ប​ បង្កើន​ការ​ផ្សព្វ​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បានដឹង​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​គាត់​ឲ្យ​បាន​មុន​ពេល​ដែល​ គ​.​ជ​.​ប​ បិទ​បញ្ចប់​ការ​ប្ដឹង​តវ៉ា​ និង​ប្ដឹង​ជំទាស់​។​ ​លោក​ សំ​ គ​ន្ធា​មី​ ៖​ “​ វា​ល្អ​ហើយ​ដំណាក់កាល​ទី​មួយ​នេះ​ គឺ​ឃើញ​សញ្ញា​ល្អ​ណាស់​ គ​.​ជ​.​ប​ គាត់​ប្រើ​វិធីសាស្ដ្រ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ហ្នឹង​ វា​គួរ​ឲ្យ​យើង​ទុកចិត្ដ​បាន​ ហើយ​អ្នកបោះឆ្នោត​ទាំងអស់​ក៏​ទុកចិត្ដ​បាន​ដែរ​ ជាមួយ​ប្រព័ន្ធ​កុំព្យូទ័រ​ ប៉ុន្ដែ​យើង​មិន​អាច​មានឈ្មោះ​ស្ទូ​ន​ ឈ្មោះ​អី​ទេ​ដំណាក់កាល​នេះ​ តែ​នៅ​ដំណាក់កាល​បន្ទាប់​ទៀត​យើង​ត្រូវ​ចាំ​មើល​ និង​តាមដាន​សិន ​”​។

sam-kuntheamy
លោក សំ គន្ធាមី នាយកប្រតិបត្ដិ និកហ្វិច

​ជា​ការ​ឆ្លើយ​តប​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ នឹង​បន្ដ​ខិតខំ​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍​អ​ព្យា​ក្រិ​ត្យ​ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មួយ​ដែល​គ្រប់​ភាគី​ទាំងអស់​អាច​ទទួលយក​បាន​។

​អ្នកនាំពាក្យ​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​សង្គម​ស៊ី​វិល​ និង​គណបក្ស​នយោបាយ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ផ្សព្វ​ផ្សាយដំណឹង​នេះ​ដល់​ពលរដ្ឋ​។​ ជាមួយ​គ្នា​នេះ​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រសិនបើ​សង្គម​ស៊ី​វិល​ ឬ​ បក្សនយោបាយ​ចង់បាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវការ​អាច​ទាក់ទង​ទៅ​ គ​.​ជ​.​ប​ ដើម្បី​រៀបចំ​ការ​ស្នើ​សុំ​។​

​ចំពោះ​គេហទំព័រ​របស់​ គ​.​ជ​.​ប​ មាន​ភាព​រអាក់រអួល​ក្នុង​ការ​បើក​មើល​ លោក​ថា​ អាច​បណ្ដាល​មក​ពី​អ្នក​ចូល​មើល​ មាន​ចំនួន​ច្រើន​និង​មួយវិញទៀត​លោក​ក៏​សង្ស័យ​ផង​ដែរ​ថា​ អាច​មាន​អ្នក​លួច​ Hack​។​ តែ​លោក​សង្កត់ធ្ងន់​ថា​ ទោះ​មាន​អ្នក​ចូល​ទៅ​ Hack​ គឺ​ Hack​ បាន​ត្រឹមតែ​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ​ ចំពោះ​ទិ ន្នន័យ​ដើម​ គឺ​មិន​អាច​ចូល​ទៅ​លួច​កែប្រែ​អ្វី​បាន​ទេ​។​ លោក​ ហង្ស​ ពុទ្ធា​ ៖​ “​ចំពោះ​ការ​ណី​នេះ​យើង​ក៏​មានការ​សង្ស័យ​ថា​មាន​អ្នក​ Hack​ ដែរ​ គឺ​យើង​កំពុង​តែ​តាមដាន​ ហើយ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ផង​ដែរ​ថា​ បើ​ Hack​ គឺ​បាន​តែ​ខាងក្រៅ​ទេ​ចំពោះ​បញ្ជី​ដើម​ គឺ​មិន​អាច​ Hack​ ចូល​ទៅ​កែប្រែ​ ឬ​ធ្វើ​អ្វី​បាន​ទេ ​”​

hang-puthea
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប

​បញ្ជី​បោះ​ឆ្នោត​ដំបូង​ ត្រូវ​បាន​ចាប់ផ្តើម​បិទ​ផ្សាយ​ នៅ​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​គ្រប់​ ឃុំ​ សង្កាត់​ ចំនួន​ ១៦៣៣​ នៅ​ទូ​ទាំង​ប្រទេស​។​  ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​រយៈពេល​ខែ​ ៣​ កាលពី​ឆ្នាំ​២០១៦​ មាន​ចំនួន​ ៧,៨៦៨,៤២៩​នាក់​  ហើយ​ចំនួន​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ដំបូង​មាន​ចំនួន​ ៨,៣៦៥​ នាក់​។​ ចំណែក​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​លុប​ចេញពី​ទិន្នន័យ​រួចរាល់​ គឺ​មាន​ចំនួន​ ២,៧៣៧​ នាក់​។​

​សូម​ជម្រាប​ថា​ ប្រទេស​កម្ពុជា​នឹង​មាន​ព្រឹ​ត្ដ​ការណ៍​សំខាន់​ចំនួន​២​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​០៦​ នៅ​ឆ្នាំ​២០១៨៕

Share

Image
Image
Image