en     km
en     km

សង្គម​ស៊ី​វិល​ព្រួយបារម្ភ​ ពី​ការ​កើនឡើង​នៃ​ការ​បង្ក្រាប​លើ​អ្នក​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​

Share

freedomofspeech-fb-cover
រូបតំណាង៖ ហ្វេស ប៊ុក

​សលាក​ប​ត្រ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ CCHR​ ដែល​បាន​ចេញផ្សាយ​កាល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ម្សិលមិញ​ បាន​លើក​ឡើង​ថា​ ការ​បង្ក្រាប​ទៅ​លើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ មានការ​កើនឡើង​ ហើយ​ចំនួន​ករណី​ខ្លះ​ ក៏​ត្រូវ​អាជ្ញាធរ​កំណត់​មុខសញ្ញា​ផង​ដែរ​។​ CCHR​ បាន​បង្ហាញ​ការ​ព្រួយរ​ម្ភ​ថា​ ការ​បង្ក្រាប​នេះ​ នឹង​គំរាមកំហែង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​បរិយាកាស​សេរី​ និង​បើកចំហ​នៅ​កម្ពុជា​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយ​ការ​ព័ត៌មាន​នេះ​៖

​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណេ​ត​ ជា​ច្រើន​នាក់​នៅ​ក្នុង​ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ និង​រង​ការ​ចោទប្រកាន់​ពី​ បទ​ព្រហ្មទណ្ឌ​ ដោយសារ​ការ​បញ្ចេញ​មតិយោបល់​នៅ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​ នេះ​បើ​តាម​ការ​ចេញផ្សាយ​សលាក​ប​ត្រ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ម្សិលមិញ​។​

​សលាក​ប​ត្រ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចាត់​ទុក​ថា​ ហ្វេ​ស​ប៊ុ​ក​គឺជា​សមរភូមិ​ថ្មី​ សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​កម្ពុជា​ ក្រោយ​ពី​មនុស្ស​៧​នាក់​ យ៉ាង​ហោច​ណាស់​ ត្រូវ​បាន​ចាប់ខ្លួន​ និង​២៤​នាក់​ផ្សេង​ទៀត​ រង​ការ​គ​ម្រា​ប​កំហែង​ ដោយសារ​បង្ហោះ​សារ​ ឬ​បញ្ចេញមតិ​ យោបល់​តាម​បណ្តាញ​អ៊ិ​ន​ធឺ​ណេ​ត​ ចាប់តាំងពី​ខែ​ សីហា​ ឆ្នាំ​២០១៥​កន្លង​មក​។​ ករណី​ដែល​គួរ​ឱ្យ​បារម្ភ​ជាងគេ​ គឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​និស្សិត​វ័យ​ ២៥​ ឆ្នាំ​ ម្នាក់​ ឈ្មោះ​គង់​ រ៉ៃ​យ៉ា​ ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ បដិវត្តន៍​ ពណ៌​ កាលពី​ខែ​ សីហា​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ ប៉ា​ ងួ​ន​ទៀង​ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ CCIM​ បាន​កត់​សម្គាល់ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ចាប់ផ្តើម​សកម្ម​នៅ​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឃើញ​ថា​ ការ​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​មានការ​កើនឡើង​។​ លោក​មាន​ប្រសាសន៍​ ទៀត​ថា​ ការ​ចាប់ខ្លួន​ និង​ការ​គម្រាម​គំ​ហែង​ ពិតជា​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​មួយ​ចំនួន​មានការ​ខ្លាចរអា​ ក្នុង​ការ​បញ្ចេញមតិ​។​

​លោក​ ប៉ា​ ងួ​ន​ទៀង​ បាន​បន្ថែម​ថា​ ការ​បង្ក្រាប​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​ រដ្ឋាភិបាល​ គួរតែ​ប្តូរ​ពី​របៀប​គ្រប់គ្រង​បែប​គម្រាមកំហែង​ មក​ជា​ការ​គ្រប់គ្រង​តាម​រយៈ​ការ​អប់រំ​ ណែនាំ​ប្រសើរ​ជាង​។​

​ក្រៅ​ការ​បង្ក្រាប​ដោយ​ការ​ចាប់ខ្លួន​ ម​ជ្ឈ​ម​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​លើក​ឡើង​ទៀត​ថា​ ចំនួន​ករណី​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ត្រូវ​បាន​អាជ្ញាធរ​កំណត់​មុខសញ្ញា​ មានការ​កើនឡើង​កាន់តែ​ច្រើន​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​

​បើ​តាម​ម​ជ្ឈ​ម​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​កំណត់​មុខសញ្ញា​រួម​មាន​ នារី​ម្នាក់​ដែល​បាន​បង្ហោះ​សារ​ ដោយ​លើក​ឡើង​ថា​ សម្តេច​ហ៊ុន​ សែន​បាន​ទទួលមរណៈភាព​បន្ទាប់​ពី​ត្រូវ​បណ្តាសារ​ ត្រូវ​បាន​ឃាត់ខ្លួន​ និង​សួរ​ចម្លើយ​រយៈពេល​មួយ​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​។​ ឈ្មោះ​ ឆាំ​ ចាន់​នី​ ត្រូវ​បាន​ លោក​ ហ៊ុន​ ម៉ា​នី​ កូនប្រុស​សម្តេច​ហ៊ុន​ សែន​ ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ​ ដោយ​ចោទប្រកាន់​ថា​ បាន​បរិហារកេរ្តិ៍​រូប​លោក​ និង​ម្តាយ​ថា​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។​ ចំណែក​ និស្សិត​ស្រី​ម្នាក់​ទៀត​ ដែល​ជា​អតីត​និស្សិត​សាកល​វិទ្យា​ខេមរៈ​ ត្រូវ​បាន​លោក​សុខ​ ទូច​គម្រាម​ប្តឹង​ផង​ដែរ​ ពី​បទ​បរិហា​កេរ្តិ៍​ដែល​បាន​បង្ហោះ​សារ​រិះគន់​ថា​ សាកលវិទ្យាល័យ​បាន​ទាមទារ​ឱ្យ​មានការ​បង់ថ្លៃ​ផ្សេងៗ​ ជា​ច្រើន​៕

Share

Image
Image
Image