en     km
en     km

សង្គម​ស៊ី​វិល​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​

Share

anti-smoking-workshop-01​អង្គការ​សង្គម​ស៊ី​វិល​ បាន​ជំរុញឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ និង​អ្នក​ស្រូប​ផ្សែង​ពី​អ្នក​ជក់បារី​។

លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 នៅ​ក្នុង​បារី​មួយ​ដើម​មាន​សា​ធាតុគីមី​ពុល​ប្រមាណ​៨០០០​ប្រភេទ​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​តាម​រយៈ​ស្រូប​ផ្សែង​ពី​អ្នក​ជក់​ ។​ ពិសេស​បារី​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្រី្ត​មាន​ផ្ទៃពោះ​ និង​កុមារ​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ វេជ្ជបណ្ឌិត​ប្រចាំ​អង្គការ​ពិភពលោក​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តី​អំពី​៖​
«​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​»​ ដល់​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក​វេជ្ជបណ្ឌិត​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ បារី​អាច​ធ្វើ​ឲ្យ​អ្នក​ជក់​មាន​ជម្ងឺមហារីក​គ្រប់​ប្រភេទ​ ដូច​ជា​មហារីក​សួត​ និង​មហារីក​មាត់​ ជាដើម​។​ លោក​បន្ត​ថា​ ជា​ទូទៅ​អ្នក​ជក់បារី​ចាប់ពី ​២ ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​ រយៈពេល ​១០ ​ឆ្នាំ​ អ្នក​ជក់​នឹង​អាច​ប៉ះពាល់​សួត​ ជា​ពិសេស​បង្ក​ឲ្យ​មាន​ជំងឺមហារីក​ និង​ត្បៀត​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​។​

​លោក​វេជ្ជបណ្ឌិត​ មាន​ប្រសាសន៍​ផង​បន្ថែម​ថា​៖​ «​ចំពោះ​ស្រី្ត​ស្រូប​ផ្សែង​បារី​ពី​ប្តី​ ឬ​ស្ត្រី​ជក់បារី​បង្ករ​ឲ្យ​ប៉ះពាល់​មាត់ស្បូន​ សម្រាលកូន​មិន​គ្រប់​គីឡូ​ អត់​ប្រាជ្ញា​ និង​រលាក់​សួត​ទារក​»​។​

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ មុំ​ គង់​បាន​លើក​ឡើង​ដែរ​ថា​ បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ចាប់ផ្តើម​អនុវត្តន៍​កាលពី​ចុងឆ្នាំ​២០១៥​ កន្លង​មក​ លោក​ សង្កេត​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​ផ​លលិត​ផល​ថ្នាំជក់​ ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​។​ ប៉ុន្តែ​នៅ​តែ​មានការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ នៅ​តាម​ផ្សារ​ទំនើប​ ផ្សារ​ម៉ាត​ និង​កន្លែង​លក់​គ្រឿងទេស​ជាដើម​។​

​លោក​ មុំ​ គង់​បាន​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ «​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ឲ្រ​មាន​សុខភាព​ល្អ​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ ហាមឃាត់​ការ​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​ បង្កើត​គោលនយោបាយ​ការពារ​អ្នក​មិន​ជក់បារី​ ពិសេស​ ស្ត្រី​ និង​កុមារ​ ដែល​ស្រូប​ផ្សែង​បារី​ពី​គេ​ និង​ដាក់​បំរាម​សុខភាព​ជា​រូបភាព​ធំៗ​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​។​លើស​ពី​នេះ​ទៀត​ រាជរដ្ឋាភិបាល​ ត្រូវ​តែ​ដំឡើង​ពន្ធ​ការ​នាំ​ចូល​ផលិតផល​ថ្នាំជក់​ ឲ្យ​កាន់តែ​ខ្ពស់​ ទើប​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​នាំ​ផលិតផល​ថ្នាំជក់​នេះ​ មាន​ប្រសិទ្ធភាព​»​។​

​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នេះ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញ្ញា​រិ​ទ្ធ​ បាន​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ចំពោះ​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ កាសែត​ គ្រប់​ស្ថាប័ន​ទាំងអស់​ មិន​អនុញ្ញាត​ឲ្យ​ផ្សាយ​ ផលិតផល​ថ្នាំជក់​នោះ​ទេ​។​ លោក​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូប​នេះ​ បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ជួយ​ផ្សា​ព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​។​

​បើ​តាម​ លោក​វេជ្ជបណ្ឌិត​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ បញ្ជាក់​បន្ថែម​ថា​ មាន​អ្នក​ស្លាប់​ដោយសារ​ការ​ជក់បារី​ក្នុង​១​ឆ្នាំៗ​ ប្រមាណ​៦​លាន​នាក់​ និង​អ្នក​មិន​ចេះ​ជក់​ តែ​ស្រូប​ផ្សែង​បារី​ពី​គេ​ មាន​អត្រា​ស្លាប់​រហូត​ដល់​ទៅ​ ៦​សែន​នាក់​។​ សម្រាប់​តែ​ប្រទេស​កម្ពុជា​ មាន​អ្នក​ស្លាប់​ដោយ​ការ​ជក់បារី​ប្រមាណ​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ក្នុង​នោះ​បុរស​បាត់បង់​ជិត​ច្រើន​ជាង​មនុស្ស​ស្ត្រី​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​ស្លាប់​ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ​នៅឡើយ​៕

Share

Image
Image
Image