en     km
en     km

សកម្មជនសិទ្ធិមនុស្ស លោក នី ចរិយា នឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ

Share

សា​លា​ដំបូង​​រាជ​ធានី​​ភ្នំ​ពេញ​ នឹង​​សួរ​​ចម្លើយ​​មន្ត្រី​​ជាន់​​ខ្ពស់​​សមាគម​​អាដ​ហុក​ លោក​ នី​ ចរិយា​ នៅ​​ថ្ងៃ​​ទី​​១៣​ ខែ​​កក្កដា​ ខាង​​មុខ​ ដើម្បី​ឆ្លើយ​តប​នឹង​ពាក្យ​បណ្តឹង​ពី​បទ​បរិហារ​កេរ្តិ៍ ​ របស់​​មន្ត្រី​​តុលា​ការ​​ខេត្ត​​សៀមរាប​​ពីរ​រូប​។ ​ពាក្យ​​​បណ្តឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ នី​ ​ចរិយា​ ​រិះ​​គន់​​ទៅ​​លើ​​ការ​​សម្រេច​​រឿង​​ក្តី​​មួយ​​របស់​​តុលា​ការ​​ខេត្ត​​សៀមរាប​ ដែល​​បាន​​ចាប់​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ពីរ​​នាក់​​ដាក់​​ពន្ធ​នា​គារ​ ក្នុង​​រឿង​​ជម្លោះ​​ដី​​ធ្លី​ ជា​​មួយ​​សហគមន៍​​ជន​​ជាតិ​​វៀតណាម​។

​លិខិត​​កោះ​​ហៅ​​មេ​ធាវី​​របស់​​លោក​ នី​ ចរិយា​ ​មួយ​​ច្បាប់​​ដោយ​ព្រះ​រាជ​​អាជ្ញា​រង​លោក​ សៀង​ សុខ​ ​នៃ​​អយ្យការ​​សា​លា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ កាល​​ពី​​ថ្ងៃ​​ទី​ ២២​ ខែ​មិថុនា​ មាន​ខ្លឹម​សារ​​ថា​ «ព្រះ​រាជ​អាជ្ញា​​នឹង​​សួរ​​ចម្លើយ​​លោក​​នី​ ​ចរិយា​ ពី​​ដំណើរ​​រឿង​ ឈ្មោះ​ សុខ​ កែវ​​បណ្ឌិ​ត និង​​ឈ្មោះ​ គី​ ឫទ្ធី​ ប្តឹង​លោក​ នី​ ចរិយា​ ​ពី​​បទ​​បរិហា​​កេរ្តិ៍​​ជា​​សាធារណៈ​ និង​​បទ​​ផ្សព្វ​ផ្សាយ​​នូវ​​ការ​​អត្ថា​ធិប្បាយ​ ដើម្បី​​ធ្វើ​​សម្ពាធ​​លើ​​យុត្តា​ធិ​ការ​ នៅ​​ថ្ងៃ​​ទី​​ ១៣​ ខែ​កក្កដា​ វេលា​​ម៉ោង​ ៨:​៣០​ នាទី​​ព្រឹក​»។

Ni chakriya11

ពាក់​ព័ន្ធ​​នឹង​​ករណី​​នេះ​ លោក​ នី​ ចរិយា​ ប្រធាន​​ក្រុម​​ស៊ើប​​អង្កេត​ នៃ​​សមាគម​​អាដ​ហុក ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​នេះ​​ថា​​៖​«ខ្ញុំ​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ដោយ​​បង្ហាញ​​ជំហរ​​មិន​​តក់​ស្លុត​នោះ​​ទេ​។ មក​ទល់​ពេល​នេះ​ ខ្ញុំ​ពុំ​ទាន់​ទទួល​បាន​ដី​ការ​កោះ​ហៅ​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​មេ​ធាវី​របស់ខ្ញុំ​បី​រូប​ គាត់​បាន​ទទួល​លិខិត​អញ្ជើញ​​ដើម្បីចូល​បំភ្លឺ​នៅ​សា​លា​រាជ​ធានី​ភ្នំ​ពេញ​នា​ថ្ងៃ​ទី​១៣​ ខែ​កក្តដា​ ម៉ោង​ប្រាំ​បី​កន្លះ​ព្រឹក​»។

សូម​រំលឹក​បន្តិច​ថា​ កាល​​ពី​​ថ្ងៃ​​ទី​​ ១២​ ខែ​​ឧសភា​ លោក​ នី​ ចរិយា​ បាន​​លើក​​ឡើង​​នៅ​​ក្នុង​​សន្និសីទ​​សារ​ព័ត៌ មាន​​មួយ​ នៅ​​ទី​ស្នាក់​ការ​​សមាគម​​អាដហុក​​ខេត្ត​​សៀមរាប​ ​ដោយ​ចោទ​ព្រះ​រាជ​អាជ្ញា​រង​ លោ​ក សុខ​ កែវ​​បណ្ឌិត​ និង​​ចៅ​ក្រម​​ស៊ើប​​សួរ​ លោក​ គី​ ឫទ្ធី​ ថា​បា​ន​​ឃុប​​ឃិត​​គ្នា​​ប្រ​ព្រឹត្ត​​អំពើ​​ពុក​​រលួយ​ យក​​ដី​​ពលរដ្ឋ​​ខ្មែរ​ ប្រគល់​​ឲ្យ​​សហគមន៍​​ជន​​ជាតិ​​វៀតណាម​ និង​​បាន​​ចាប់​​ខ្លួ​ន​​ពលរដ្ឋ​​ពីរ​​នាក់​​ដាក់​​ពន្ធនាគារ​ ដោយ​​​ខុស​​ពី​​នីតិ​វិធី​​ច្បាប់​។

បន្ទាប់​មក​សមាគមន​អាដហុក​ បាន​​ដាក់​​ពាក្យ​​ប្តឹង​​ប្រឆាំង​​មន្ត្រី​​តុលាការ​​ខេត្ត​​សៀមរាប​​ទាំង​​ពីរ​​រូប​​នេះ​ទៅ​​កាន់​​តុលាការ​​កំពូល​ និង​​ក្រសួង​​យុត្តិធម៌​ ព្រមទាំង​​ស្ថាប័ន​​ពាក់​ព័ន្ធ​​មួយ​​ចំនួន​​ទៀត​ ដោយ​​ចោទ​​ប្រកាន់​​ពី​​បទ​ អនុវត្ត​​ខុស​​នីតិ​វិធី​ ក្នុង​​ការ​​ចាប់​ និង​​ឃុំ​​ខ្លួន​​ពលរដ្ឋ​​ពីរ​​នាក់​​នៅ​​ភូមិ​​ជប់​​រំដេង​​ ឃុំ​​កន្ទួត​ ស្រុក​​ស្វាយ​​លើ​។

បន្ទាប់​ពី​​មាន​ការ​​ចោទ​​ប្រកាន់​នោះ​​ មន្ត្រី​​តុលា​ការ​​ខេត្ត​​សៀមរាប​ បាន​​ចេញ​​សេចក្តី​​បំភ្លឺ​​ច្រាន​​ចោល​​ការ​​ចោទ​​ប្រកាន់​នេះ​​ដោយ​​លើក​ឡើង​ថា​ ខ្លួន​​បាន​​ធ្វើ​​ទៅ​​តាម​​នីតិ​វិធី​​ច្បាប់​ ហើយ​​បាន​​ចាត់​​ទុក​​ការ​​លើក​​ឡើ​ង​​របស់​​សមាគម​​អាដហុក​ថា​ មាន​​លក្ខណៈ​​​ញុះ​ញង់​ នាំ​​ឲ្យ​​មាន​​ការ​​រើស​អើង​​ពូជ​​សាសន៍​ និង​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ ធ្វើ​​ឲ្យ​​មាន​​ការ​​យល់​​ច្រឡំ​​ធ្ងន់​​ធ្ងរ​​ទៅ​​លើ​​ស្ថា​​ប័ន​​អនុវត្ត​ច្បាប់​។

មណ្ឌល​ព័ត៌មាន​​ស្រី្ត​​កម្ពុជា​មិន​​អាច​​ស្វែង​​រក​​ការ​​ឆ្លើយ​​បំភ្លឺ​​ពី​​សំណាក់​​លោ​ក​​ សុខ​​ កែវ​បណ្ឌិត​​ និង​​លោក​គី​ ឬទ្ធី​​ បាន​​ទេ​​នៅ​​ថ្ងៃ​ច័ន្ទ​​នេះ​​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តឹង​ចោទ​ប្រកាន់​ពី​សំណាក់​មន្រ្តី​តុលា​ការ​ខេត្ត​សៀមរាប​នេះ​ លោក​ នី​ ចរិយា​ បញ្ជាក់​ផងដែរ​ថា​ កា​រ​ប្តឹង​មក​លើក​រូប​លោក​នេះ​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​តុលា​ការ​ខេត្ត​សៀមរាប​ប៉ុន្តែ​លោក​បាន​​បញ្ជាក់​​​ថា​​ លោក​បាន​ត្រៀម​ភស្តុតាង​ដើម្បី​​បង្ហាញ​​ដល់​ព្រះ​រាជ​អាជ្ញា​រួច​រាល់​ហើយ​ ជុំវិញ​រឿង​មន្រ្តី​តុលាការ​ចាប់​​មនុស្ស​ដោយ​បំពាន​ច្បាប់​នេះ​។ «ខ្ញុំ​មាន​ភស្តុតាង​សម្រាប់​ដាក់​ជូន​ព្រះ​រាជ​អាជ្ញា​ ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​ខ្ញុំ​មាន​ភស្តុតាង​របស់​ខ្ញុំ​ទាក់​ទ​ង​នឹង​កា​រ​ចាប់​មនុស្ស​ដោយ​បំពាន​ច្បាប់​»។

សូម​បញ្ជាក់​ថា​ ការ​​ខ្វែង​​គំនិត​​គ្នា​​រវាង​​មន្ត្រី​​សមាគម​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​អាដ​ហុក​ ជាមួយ​​នឹង​​មន្រ្តី​តុលាការ​ខេត្ត​សៀមរាប​ អំពី​​រឿង​​ចាប់​ឃុំ​​ខ្លួ​ន​​អ្នក​​ភូមិ​​ជប់​រំដេង​ ឃុំ​​កន្ទួត​ ស្រុក​​ស្វាយ​លើ​ ២​​នាក់​ ដែល​​មាន​​ទំនាស់​​ដី​ធ្លី​​ជា​មួយ​​សហគមន៍​​ដី​​សម្បទាន​​វៀតណាម​ ​មាន​​រយៈ​ពេល​​ជាង​​កន្លះ​​ខែ​​មក​​ហើយ​​ដោយ​​មិន​​អាច​​សម្រប​​សម្រួល​​គ្នា​​ក្រៅ​​ប្រព័ន្ធ​​តុលាការ​​បាន​ទេ៕

Share

Image
Image
Image