en     km
en     km

វៀតណាមថាពលរដ្ឋខ្លួន៨០ភាគរយហើយរស់នៅស្របច្បាប់នៅកម្ពុជា

Share

អ្នកនាំពាក្យនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រាប់វិទ្យុស្រ្ដីនៅថ្ងៃនេះថា តួលេខជនបរទេសធ្វើអន្ដោប្រវេសន៍មកម្ពុជាមានប្រមាណ១៨ម៉ឺន ២ពាន់នាក់ដែលក្នុងនោះមានប្រជាពលរដ្ឋវៀតណាមសរុបគឺ៩០ភាគរយ។ ទាក់ទងនឹងរឿងនេះ សារព័ត៌មាន​​វៀតណាម(Vietnam News ) បានចុះផ្សាយកាលពីថ្ងៃអង្គារ៍ទី២៩មករា ថាពលរដ្ឋខ្លួននៅពេលនេះ ប្រមាណ៨០ភាគរយហើយដែលរស់នៅស្របច្បាប់នៅកម្ពុជា។អ្នកវិភាគព្រមានពីកំហុស​ទាក់​ទងនឹងផ្ដល់សញ្ជាតិដែលគ្មានរាជក្រិត្យ។

តាមសារព័ត៌មាន​​វៀតណាម គឺប្រមាណ៨០ភាគរយនៃ​ប្រជាពលរដ្ឋវៀតណាមរស់នៅកម្ពុជាបានទទួលភាពស្របច្បាប់ក្នុងការរស់នៅ គឺ ការផ្ដល់ការអនុគ្រោះឱ្យជ្រកកោន  ការផ្ដល់នូវប័ណ្ណស្នាក់នៅអចិន្រ្ដៃយ៍ ដែលទាំងអស់នេះធ្វើឱ្យពួកគេមានលទ្ធភាពក្នុងការទទួលបានសញ្ជាតិកម្ពុជាដោយអនុលោមតាមច្បាប់សញ្ជាតិ និង​ច្បាប់អន្ដោប្រវេសន៍។

អនុប្រធានគណៈកម្មការកិច្ចការអន្ដោប្រវេសន៍វៀតណាម លោក ឡួង ថាច់ ងី បានប្រា​ប់សារព័ត៌មានជាតិ វៀតណាម ញ៉ូវស៍ របស់ខ្លួនថា ប្រជាពលរដ្ឋវៀតណាមប្រមណា ១១ម៉ឺននាក់កំពុងរស់នៅប្រទេស កម្ពុជា ដែលច្រើនតែរស់នៅម្ដុំបឹងទន្លេសាប ដែលជាបឹងធម្មជាតិដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

លោកបានបញ្ជាក់ទៀតថា វៀតណាមបានសម្របខ្លួនជាសហគមន៍នៅប្រទេសកម្ពុជា រស់នៅ អភិវឌ្ឍខ្លួន និងរួមចំណែកកសាងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនេះ។ តែថាក៏មានព​លរដ្ឋវៀតណាមមួយចំនួនទៀតមិនទាន់ទទួលបានភាពស្របច្បាប់នៅឡើយ ។

ចាប់តាំងពីឆ្នាំ២០១៧មក  កម្ពុជាបានចេញសេចក្តីសម្រេចមួយដើម្បីពិនិត្យឡើងវិញនិងសហការជា​មួយ​រដ្ឋាភិបាលវៀតណាមដើម្បីផ្តល់ឯកសារស្របច្បាប់សម្រាប់ជនវៀតណាមរស់នៅក្នុងប្រ​ទេសកម្ពុជា។

ការផ្លាស់ប្តូរនេះមានគោលបំណងដើម្បីស្ថិរភាពសហគមន៍ ក៏ដូចជាការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនវៀតណាមដើម្បីទទួលបានស្ថានភាពផ្លូវច្បាប់ច្បាស់លាស់និងធ្វើឱ្យកូនរបស់ពួកគេមានសិទ្ធិចូលរៀន។

មន្រ្ដីរូបនេះ ក៏ដូចជារដ្ឋាភិបាលវៀតណាម បានសម្ដែងអារម្មណ៍លំបាកខ្លះដែរ ដែលពលរដ្ឋខ្លួន ខ្លះរស់នៅទីនោះជួបការលំបាកលើផ្នែក វប្បធម៌ ភាសា និង​ការយល់ដឹងពីច្បាប់ជាតិ។ ពេលខ្លះទៀតជនជាតិវៀតណាមទាំងនោះរងការផ្លាស់ប្ដូរលំនៅឋាន ដូចជាការរៀបចំពួកគេឱ្យចាកចេញពីលំនៅឋានលើបឹងទន្លេងសាបដែលជាទីតាំងពួកគេរស់នៅ និង ប្រកបរបរចុះទូកនេសាទ ដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចជាមានការ ហៅទៅចុះបញ្ជីទាក់ទងនឹងច្បាប់ខ្លះហើយពួកគេពិបាកក្នុងការយលដឹង។ យ៉ាងណា មន្រ្ដីរូបនេះ រំពឹងថាពលរដ្ឋវៀតណាមនៅកម្ពុជានឹងអាចសម្របខ្លួន ឬសមាហរណកម្មបាន ហើយអាចរៀនយល់ដឹងឱ្យកាន់តែបានច្រើន និង ទូលំទូលាយពីភាសា វប្បធម៌ នៃប្រទេសកម្ពុជា។

តែយ៉ាងណា នេះជាតួលេខ របស់ភាគីវៀតណាមបញ្ជាក់អំពីពលរដ្ឋខ្លួនរស់នៅកម្ពុជា។ ទាក់ទិន រឿងនេះ លោក ឧត្តមសេនីយ៍កែវ វាន់ថា អ្នកនាំពាក្យនាយកកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានពន្យល់ថា ជនអន្តោប្រវេសន៍មករស់នៅកម្ពុជា គឺសរុបមានជាង១៨ម៉ឺននាក់។តែក្នុងនោះលោកពលរដ្ឋវៀតណាមមានដល់ទៅ៩០ភាគរយ។ នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រី លោកឧត្តមសេនីយ៍បានបកស្រាយពីហេតុផលនាំអោយកម្ពុជា ត្រូវបានផ្ដល់សិទ្ធិស្នាក់ដល់ពលរដ្ឋវៀតណាមដែលមានដូចនេះថា៖

 

វៀតណាម និងកម្ពុជា ថ្វីត្បិត ជាប្រទេសជិតខាងនឹងគ្នា ពិតមែន។ តែប្រទេសពីរនេះ មានវប្បធម៌ប្រពៃណី ខុសគ្នាជាច្រើន។ ដើមឡើយ វៀតណាម គេហៅថាអាណ្ណាម ដែលជាជាតិសាសន៍ មកពីតុងកឹងប្រទេសចិន។ តែសហគមន៍ចេះពង្រីកទីតាំងរស់នៅ បានយ៉ាងធំធេង រហូត​យកបានដី ចាម្ប៉ានិងគ្រប់គ្រងដែនដីខ្មែរកម្ពុជាក្រោមមកទល់សព្វថ្ងៃ។ តាមសៀវភៅប្រវត្តិសាស្ត្ររបៀបពង្រីកទឹកដី របស់អាណ្ណាម ឬយួន មានច្រើនរូបភាព។តែរូបលេចធ្លោជាងគេមានតែពីរប៉ុណ្ណោះគឺការបញ្ជ្រៀតការរស់នៅ របស់ជនជាតិនេះ និងការពង្រីងដែនដីព្រំដែន។ 

កន្លងមកអ្នកប្រវត្តិសាស្ត្រខ្លះដែលមានឧត្តមគតិជាតិ ច្រើនតែព្រមានពីការធ្លាក់ក្រោមឥទ្ធិពលជាតិសាសន៍នេះ បើ មិនមានភាពម៉ត់ចត់និងវាងវៃនៃការគ្រប់គ្រងអន្តោប្រវេសន៍មកពីប្រទេសនេះ។

លោកឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយនិងកិច្ចការសង្គម ដែលបានផ្ដល់បទសម្ភាសរឿងនេះ ជាមួយវិទ្យុស្រ្តី ក៏បាន បង្ហាញខ្លះៗដែរពីភាពធូររលុងនៃការអនុ​វត្តច្បាប់សញ្ជាតិលើជាតិសាសន៍វៀតណាមនិងចិន។​លោកបានពន្យល់ដូចនេះថា៖

 

ទាក់ទិនជនអន្តោប្រវេសន៍ វៀតណាម និងចិនរស់នៅកម្ពុជា  គឺកាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលលោករ៉ុងឈុន ជាសមាជិក បានចេញសេចក្ដីអំពាវនាវសុំឱ្យរដ្ឋាភិបាល ត្រូវធ្វើការប្រុងប្រយ័ត្នពីការហូរចូលមករស់នៅកម្ពុជា របស់ជាតិសាសន៍ពីរនេះ។ សេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដាក់ការព្រួយបារម្ភជាខ្លាំងអំពីអនាគតកម្ពុជា ដែលមាន​ជនជាតិវៀតណាមនិងចិនរស់នៅដ៏ច្រើន។ យ៉ាងណា ការបារម្ភរបស់ ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជាមិនបានឆ្លើយតបជាផ្លូវការពីស្ថាប័នជាតិណាមួយរបស់កម្ពុជានោះទេ៕

Share

Image
Image
Image