en     km
en     km

វិភាគ៖ បើតាមប្រសាសន៍សម្ដេចហ៊ុនសែន បក្សប្រឆាំងCNRP អាចនឹងរស់ឡើងវិញ បើមានដំណោះស្រាយករណីEBA

Share

ភ្នំពេញ៖ ជាថ្មីម្ដងទៀតកាលពីថ្ងៃទី១៤កុម្ភៈ    នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បានព្រមានថា «ការដក EBA មា​នតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង »។​ នេះជាលើកទី២ហើយ ដែលមេដឹកនាំខ្មែរ ដ៏មានអំណាចបានព្រលយដូចនេះ ដែលកាលពីមួយខែមុន សម្ដេចចង់ឱ្យ​សហភាពអឺរ៉ុប​មក​ចរចាជាមួយកម្ពុជាដើម្បីរក ដំណោះស្រាយរួមជាមួយគ្នា។ ប្រតិកម្មរបស់​សម្ដេច គឺជាការ​ឆ្លើយ​តបសហភាពអឺរ៉ុប ដែលសម្រេចដាក់អោយដំណើរការនីតិវិធីដំណាក់កាលទីពីរ ដើម្បីឈាន​ដល់ការ​ដក​ប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។ 

តើប្រសាសន៍របស់សម្ដេចហ៊ុនសែន នេះចង់មានន័យថាកម្ពុជា បន្តត្រូវការEBA ហើយ​បើ​បាត់​EBA ស្មើ​នឹងសម្លាប់បក្សប្រឆាំងមែនឬ?  តើបក្សCNRP នឹងរស់ឡើងវិញ តាម​រយៈ ដង្ហើម របស់​EBA មែនឬ?

លោកនួន បូរិន ជូនសេចក្ដីអធិប្បាយ ដូចតទៅ៖

EBA បានក្លាយជា អាវុធដ៏មុតស្រួចនិងមានតម្លៃក្រៃឡែង នៅពេលនេះ ដែលអ្នកណាៗ ក៏ ស្គាល់ក៏លឺដែរ។ EBA  ជាគំរោងមួយ របស់​សហភាពអឺរ៉ុប ពាក់ព័ន្ធ នឹងប្រព័ន្ធអនុគ្រោះពន្ធ ទូទៅ លើលែងតែអាវុធ -Everything But Arms – ។ សហភាពអឺរ៉ុប ដាក់ចុះគំរោងនេះ សំដៅ ជួយប្រទេស ក្រីក្រមួយចំនួន ដែលនាំទំនិញចូលទីផ្សារអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។ មានប្រទេសជាច្រើន ចង់បាន ប្រព័ន្ធអនុគ្រោះពន្ធប្រភេទនេះ ។ នៅអាស៊ីអាគ្នេយ៌ មានបីប្រទេសប៉ុណ្ណោះ គឺកម្ពុជា ភូមា និងឡាវ ដែលទទួលបាន គំរោងEBA។  សម្រាប់កម្ពុជា  EBA បាន​ជួយកំណើន​សេដ្ឋ​កិច្ចជាខ្លាំង ។ បើគិតមកដល់ឆ្នាំ២០១៨ កម្ពុជា​នាំទំនិញ​គ្រប់មុខ​ទៅកាន់​ទីផ្សាយអឺរ៉ុប លើក​លែងតែអាវុធ គឺមានទំហំពាណិជ្ជកម្មជិត៦ពាន់លានដុល្លារអាមេរិក ហើយ បើត្រូវ​បង់​ពន្ធចូលទីផ្សាយអឺរ៉ុប គឺជិត៧០០លានដុល្លារក្នុងមួយឆ្នាំ គឺចាប់ពីពេលនេះទៅ។ តែកម្ពុជា បានទទួលគម្រោងEBA ជិត២០ឆ្នាំមក ហើយ។ ឥឡូវនេះ កម្ពុជា កំពុងប្រឈម​នឹងការបាត់ ប្រព័ន្ធនេះវិញ នៅរយៈ១២ខែទៅមុខទៀត។ តាមលោកច្សច អេដហ្គា ឯកអគ្គរដ្ឋ​ទូត​សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា  គឺកម្ពុជា ស្ថិតក្នុងប្រទេស ដែលទទួល​បានប្រព័ន្ធពន្ធEBA ដល់ឆ្នាំ២០២៧។ មានន័យ ថា បើកម្ពុជា បាត់EBA នៅឆ្នាំ២០២០ គឺកម្ពុជាត្រូវចំណាយប្រាក់ដើម្បីបង់ពន្ធដល់ទៅ ៥៦០០លានដុល្លារគឺ ៨ឆ្នាំគុណនឹង៧០០លានដុលា្លរ ។ បើតាមតួលេខនេះ គឺមហាសម្បើមណាស់ដែលកម្ពុជា ខាតបង់។ យ៉ាងណា ហួសនឹងស្ដាយទៅហើយ បើ​កម្ពុជា របូតEBA មែន​នោះ ។

សម្រាប់ ​សម្ដេចហ៊ុនសែន  ប្រទេស ដែលសេដ្ឋកិច្ចហក់ឡើងខ្ពស់ ដូច​កម្ពុជា គឺតម្លៃ​សហ​ប្រតិបត្តិពាណិជ្ជកម្ម ស្មើភាពក៏ល្អម្យ៉ាងដែរ។ មានន័យថាបើ ទំនិញគេ​មកយើង គឺ គេត្រូវ​បង់ពន្ធ​អោយ​យើង បើទំនិញយើងទៅគេ គឺយើងត្រូវ បង់ពន្ធ​អោយគេ។​នេះជាទីផ្សារសេរី។ តែទំនគិតថា ទំនិញកម្ពុជាឡើងទៅទីផ្សារអឺរ៉ុប មានដល់ទៅជិត៦ពាន់លានដុល្លារហើយ គឺគិតមក​ដល់​ឆ្នាំ២០១៨នេះ ហើយ នឹងឡើងពន្ធជិត៧០០លានដុល្លារ គឺច្រើនណាស់ មួយឆ្នាំៗ​ត្រូវ​ចំ​ណាយ​៧០០លានដុល្លារនោះ។  ប្រាក់ដ៏ច្រើនសម្បើមនេះ បើគិតដល់៥ឆ្នាំមួយ​អាណ្ណត្តិ​នៃ​សភា កម្ពុជាគឺ​៣៥០០លានដុល្លារ អាមេរិក។  

តើកម្ពុជា គួរបណ្ដោយអោយរបូតគំរោងនេះឬទេ?

អ្នកជំនាញសេដ្ឋកិច្ច ក្ដី អ្នកជំនួញក្ដី អ្នកវិភាគក្ដី ដែលវិទ្យុស្ត្រី បានសុំការយល់ឃើញ គឺពួកគេ ថា មិនគួរបណ្ដោយឱ្យរបូតEBAនោះទេ។ អ្នកសេដ្ឋកិច្ចថា ទំនិញ ក្នុងគំរោងរបស់EBA ដែល​កម្ពុជានាំទៅទីផ្សារអឺរ៉ុប ច្រើនជាងគេ គឺសំលៀកបំពាក់  ស្បែងជើង ស្រោមជើង និងកង់ ។ ទំនិញទាំងនេះ កើតចេញពីកម្លាំងពលកម្មរបស់កម្មករកម្មការិនី ជិតមួយលាននាក់ ដែលពួកគេ កំពុងធ្វើការនៅតាមរោងចក្រ ជាង១០០០ពាន់ ក្នុងនោះរោងចក្រ មានស្ដង់ដារ​ត្រឹម​ត្រូវ​ជាង​៦០០ រោងចក្រ។​ អ្នកសេដ្ឋកិច្ចថា បើដកEBA  អាចប៉ះពាល់ធ្ងន់ធ្ងរ ចំពោះកម្លាំងពលកម្ម​នៅកម្ពុជា ហើយអាចធ្វើក្រុមហ៊ុនខ្លះដែល មិនចង់បង់ពន្ធពួកគេអាចចេញពីកម្ពុជា ទៅរក​ប្រទេសដែល​បាន​គំរោងEBA​។ ​ថែមពីលើនេះ ទៀត អាចប៉ះពាល់ អ្នកទទួលបាន​ផល​ប្រយោជន៍ប្រយោល ជាង​មួយ​លាននាក់។ សម្រាប់អ្នកវិភាគវិញថា EBA គឺកត្តាបំពេញ ឆ្នាំងបាយរបស់ កម្មករ។ ការបាត់EBA  ក៏អ្នកបញ្ជាទីញ មានផលលំបាកដែរ ព្រោះធ្លាប់យកទំនិញ ថោកតែបើថ្លៃគឺត្រូវពិចរណាឡើងវិញ។

កត្តា នយោបាយនៅកម្ពុជា នាំអោយ សហភាពអឺរ៉ុប ដាក់ចេញវិធានការបែបនេះ

ជាការពិតសហភាពអឺរ៉ុបបានដាស់តឿនឱ្យកម្ពុជា ជាពិសេសបក្សកាន់អំណាចរបស់សម្ដេច ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ គឺតាំងពីអង្គការនេះចេញដំណោះស្រាយនៅចុងឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ។ ដំណោះស្រាយរបស់សភា សហភាពអឺរ៉ុបបានទម្លាក់ជាបន្តបន្ទាប់ឱ្យកម្ពុជាបើកការចរចានយោបាយឡើងវិញជាមួយគណបក្សសង្គ្រោះជាតិ ប្រយោជន៍ឱ្យបក្សនេះរស់ឡើងវិញ ។ តែទីបំផុត បក្សកាន់អំណាចមិនបានទទួលយកឡើយ ហើយផ្ទុយទៅវិញបានប្រើពាក្យថា កម្ពុជាជារដ្ឋអធិបតេយ្យមិនរណបប្រទេសណាមួយឡើយ ។ ពាក្យថាអធិបតេយ្យនេះ មិនត្រូវបានសហភាពអឺរ៉ុប និងអាមេរិក ឱ្យតម្លៃនោះទេសម្រាប់កម្ពុជា ដែលមើលទៅគ្មានឯករាជ្យអ្វីឡើយ​ ព្រោះតែពួកគេថា ស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសចិន ដែលជាម្ចាស់ជំនួយ និងម្ចាស់បំណុលដ៏ធំសម្រាប់កម្ពុជា ។ ភាពមិនចុះមិនចាញ់គ្នានេះ រវាងសហភាពអឺរ៉ុប និងបក្សកាន់អំណាចនៅកម្ពុជា បាននាំឱ្យស្ថានការណ៍តានតឹងរវាងភាគីទាំងពីរកាន់តែខ្លាំងឡើងៗ ។ ជាចុងក្រោយ​ សភាសហភាពអឺរ៉ុប បានសម្រេចឱ្យគណៈកម្មការអឺរ៉ុបរៀបចំផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា ។ គណៈកម្មការអឺរ៉ុប បានចាត់វិធានការដំណើរលើនីតិវិធីដកEBAនេះ គឺតាំងពីខែតុលា ឆ្នាំ ២០១៨ ហើយគិតមកដល់ខែកុម្ភៈនេះ គឺរយៈពេល ៦ ខែហើយ ដែលស្ថាប័នអន្តរជាតិនេះ សម្រេចដាក់ដំណើរការលើEBA លើប្រទេសកម្ពុជាដំណាក់កាលទី ២ ។ បើចូលដល់ដំណាក់កាលទី ៣ គីជាដំណាក់កាលផ្ដាច់ព្រ័ត្រ  ហើយEBAត្រូវដកទាំងស្រុង។ មានន័យថា ចូលដល់ឆ្នាំ ២០២០ ជាការកំណត់ចុងក្រោយថាតើកម្ពុជាសមទទួលEBAបន្តទៀតឬទេ ។ យ៉ាងណាក៏ដោយ សមាជិកសហភាពអឺរ៉ុបបានមូលមតិគ្នាជាឯកឆន្ទហើយ កាលពីថ្ងៃ ២៩ មករា ឱ្យមានវិធានការដកEBA ពីកម្ពុជា ។ មានន័យថា សហភាពអឺរ៉ុប រកសម្លេងគ្រប់គ្រាន់ហើយ ដើម្បីអនុវត្តវិធានការរបស់ខ្លួន ។ យ៉ាងណា សម្ដេច ហ៊ុន សែន បានបោះពាក្យសម្ដីពីរលើកហើយ ទៅឱ្យសហភាពអឺរ៉ុបមកចរចាជាមួយកម្ពុជា ដើម្បីរកដំណោះស្រាយ ។ សម្ដេចថា ដំណោះស្រាយអាចកើតមានបើមានការយល់យោគគ្នាឡើងវិញ ។ មានន័យថា EBA នៅបន្តគឺការជាប់គាំនយោបាយក៏អាចនឹងត្រូវដោះស្រាយបានដែរ​ ។

តើបក្សCNRP នឹងរស់ឡើងវិញ តាមរយៈ ដង្ហើម របស់EBA មែនឬ?

បើនិយាយពីដំណោះស្រាយនយោបាយ មានតែរបៀបវារៈមួយគត់នៅលើតុចរចា គឺករណីគណបក្សសង្គ្រោះជាតិ​ ។ ដើមចមដែលនាំឱ្យសហភាពអឺរ៉ុប សើរើEBAនេះ គឺដោយតែការរំលាយគណបក្សសង្គ្រោះជាតិ ។ រចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ ១១៨ រូប ត្រូវជាប់បម្រាមនយោបាយ ហើយក្រុមប្រឹក្សាឃុំសង្កាត់ ៥០០៧នាក់ ក៏ត្រូវបានរឹបអូសតំណែងពួកគេដែរ ។ ទាំងនេះ គឺជាកត្តាមួយដែលស្ថិតនៅក្រោមតុចរចារបស់ EBA​។ យ៉ាងណាក៏ដោយ បើតាមប្រសាសន៍ចុងក្រោយបំផុតរបស់នាយករដ្ឋមន្ត្រីគឺកាលពីថ្ងៃទី ១៤ កុម្ភៈ សម្ដេចបានព្រលយថា «ការដក EBA មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង » ។ ប្រយោគរបស់សម្ដេច មានន័យស៊ីជម្រៅណាស់ គឺស៊ីជម្រៅពាក់ព័ន្ធនឹង EBA បើទោះបីជាសម្ដេច អះអាងថា គ្មាន EBAក៏កម្ពុជាមិនស្លាប់ដែរ ។ តែទំនងបើមាន EBA គឺកម្ពុជាកាន់តែរុងរឿង ៕

អត្ថបទដោយនួន បូរិន

Share

Image
Image
Image