en     km
en     km

វិភាគ៖ កម្ពុជានឹងមានប្រជាធិបតេយ្យពិត បើសម រង្ស៊ី កឹម សុខាបន្តរួមគ្នា

Share

ភ្នំពេញ៖ លោក កឹម សុខា ជាប់ឃុំខ្លួនក្នុងពន្ធនាគាររយៈពេលមួយឆ្នាំ ហើយបន្តស្ថិតក្រោមការត្រួតពីនិត្យរបស់តុលាការជិត ៦ ខែដោយដាក់អោយស្ដិតក្នុងផ្ទះ។

យ៉ាងណា តុលាការកម្ពុជាមិនទាន់បានកំណត់ពីថ្ងៃបើកសវនាការករណីមេបក្សប្រឆាំងនេះនៅឡើយទេ ។

បញ្ហាលោក កឹម សុខា គឺមានការអះអាងខុសពីគ្នា ខណៈក្រុមបក្សប្រឆាំងពិសេសក្រុមលោក សម រង្ស៊ី ថាការដោះលែងលោក កឹម សុខា ស្ថិតលើនាយករដ្ឋមន្ត្រីកម្ពុជា ហើយក្រុមមន្ត្រីកម្ពុជាថា ស្ថិតនៅលើតុលាការ ។ដោយឡែកក្រុមលោក កឹម សុខា ថាមិនមានការដោះលែងក៏ដោយសារលោក សម រង្ស៊ី ។ តែយ៉ាងណាគេមើលឃើញថា ខណៈថ្ងៃឃុំខ្លួនជិតផុតរលត់ គឺក្រុមលោកកឹមសុខាហាក់ចង់ទាញលោកកឹមសុខាឱ្យដើរចេញពីលោកសមរង្ស៊ី ។ អ្នកវិភាគយល់ ថាបើសម្ព័ន្ធភាពពីរនេះមិនបែកបាក់ គឺកម្ពុជានឹងមានប្រជាធិបតេយ្យពិត។

ជូនសេចក្ដីអធិប្បាយដោយ លោក សោម លាភ

 

អ្នកនិយមកឹម សុខា កំពុងតែទាញលោក កឹម សុខា ឱ្យបែកពីលោក សម រង្ស៊ី ខណៈដែលពួកគេទាមទារសេរីភាពជូនលោក កឹម សុខា ព្រោះថៃ្ងឃុំខ្លួនមេបក្សប្រឆាំងជិតរលត់ហើយ។

ពាក្យស្លោក សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ថាតើក្រុមលោក សម រង្ស៊ី អាចនិយាយបានដល់ណាទៀត ហើយលោក កឹម សុខា ចង់បានសេរីភាពផ្ទាល់ខ្លួន ឬចង់បន្តសាមគ្គីនយោបាយជាមួយលោក សម រង្ស៊ី ។

ប្រសិនបើលោក កឹម សុខា បែកពីលោក សម រង្ស៊ី ថាតើស្ថានភាពប្រជាប្រិយភាពរបស់អ្នកទាំងពីនឹងមានស្ថានភាពបែបណា ។ អ្នកវិភាគថា អ្នកទាំងពីរមិនបែកគ្នាឡើយ ព្រោះឆន្ទៈពួកគាត់គឺដើម្បីប្រជាធិបតេយ្យ ហើយប្រជាធិបតេយ្យមានពិតលុះត្រាតែមានការរួបរួមគ្នារវាងអ្នកទាំងពីរ ។  

តើអ្វីជាភាពខ្លាំងរបស់គណបក្សសង្គ្រោះជាតិ ?

ភាពខ្លាំងនៃគណបក្សសង្គ្រោះជាតិ ដែលអាចទាក់ទាញសម្លេងរបស់ប្រជាពលរដ្ឋជាច្រើនមិននឹកស្មានដល់ គឺបានមកពីការរួមនយោបាយគ្នា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ពោលគឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។

គណបក្សសង្គ្រោះជាតិ មានសម្លេងក្នុងសភា ៥៥ សម្លេង កាលពីអាណត្តិទី ៥ ។ ចំនួនអាសន្នៈរបស់អតីតគណបក្សនេះ ត្រូវបានបែងចែកទៅឱ្យបក្សមួយចំនួនទៀត ដែលមិនមានការគាំទ្រពីពលរដ្ឋសោះឡើយ ។ ដំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតបក្សនេះផងដែរ ដែលមានចំនួន ជាង៥០០០នាក់ បានមកពីការជ្រើសរើសដោយឆន្ទៈពលរដ្ឋ ត្រូវបានរុះរើចេញទាំងអស់ ។

ករណីទាំងនេះ គឺដោយសារតែតុលាការកម្ពុជា រំលាយគណប្រឆាំងធំជាងគេនេះចោល កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០១៧ មុនការបោះឆ្នោតសភាជាតិ នីតិកាលទី ៦ ។

ការរំលាយគណបក្សមួយនេះ គឺដោយសារមានការចោទប្រកាន់ប្រធានគណបក្សនេះ ក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយយោងតាមវីដេអូរបស់លោក ថ្លែងកាលពីឆ្នាំ ២០១៣ ។ តែការរំលាយបក្សនេះ បានធ្វើទៅដោយរលូន បើទោះបីជាមិនទាន់រកឃើញនូវពិរុទ្ធភាពរបស់មេបក្សនេះក៏ដោយ ។

ការរំលាយបក្សនេះ ក្រោយវិសោធនកម្មច្បាប់ ដែលមានចេតនាមិនឱ្យប្រធានបក្សណាមួយ មានទោសទណ្ឌឡើយ ។

ដំបូងឡើយ លោក សម រង្ស៊ី ជាប្រធាននៃគណបក្សសង្គ្រោះជាតិ តែលោក បានលាលែងពីដំណែង ព្រោះជាប់បណ្ដឹងច្រើនពេក ដើម្បីចៀសវាងការរំលាយបក្សនេះ ។

ដើមចមបណ្ដាលឱ្យអ្នកនិយមលោក កឹម សុខា ផ្ទុះការទាមទារសេរីភាព​ និងទាញលោកកឹមសុខា ចេញពីលោក សម រង្ស៊ី  

អតីតគណបក្សសង្គ្រោះជាតិ កើតចេញពីគណបក្សចំនួនពីរ។  ជាការពិតណាស់ អ្នកគាំទ្រមួយចំនួនគឺមកពីពីរគណបក្សនេះដែរ ។ មានន័យថា ស្ថាបនិកនៃអតីតគណបក្សពីររូប គឺមានអ្នកគាំទ្រទាំងសងខាងហើយ ពោលគឺមានអ្នកនិយម សម រង្ស៊ី និងអ្នកនិយមកឹម សុខា ។

យ៉ាងណា អ្នកទាំងសងខាង តែងតែបង្ហាញនូវជំហរផ្សេងៗពីគ្នា ក្រោយពេលគណបក្សនេះត្រូវបានរំលាយ ។  តួយ៉ាង សកម្មភាពរបស់អ្នកទាំងសងខាង បញ្ហាញនូវចេតនា គឺជួនកាលគិតថា គណបក្សរលាយបាត់ហើយ ពេលខ្លះទៀតបង្ហាញថា គណបក្សនេះនៅតែនៅរស់ នៅតែមានជីវិត ។

ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលនិរទេសខ្លួនទៅក្រៅប្រទេស បានបង្កើតចលនាមួយដែលមានឈ្មោះថា ចលនាសង្គ្រោះជាតិ ក្នុងគោលបំណងដើម្បីបន្តធ្វើនយោបាយ បន្សល់ទុកនូវប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រ​ជាដើម ។

មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច រួមទាំងមន្ត្រីរាជរដ្ឋាភិបាលជាដើម តែងតែអះអាងថា គណបក្សសង្គ្រោះជាតិ គឺជាបក្សខ្មោច ។ នាយករដ្ឋមន្ត្រីតែងតែចំអកទៅសកម្មជនអតីតគណបក្សនេះថា ឱ្យបន្តចាំបក្សនេះរស់ឡើងវិញដែលវាមិនអាចទៅរួចទេ ។ សម្ដេចហ៊ុនសែន តែងតែមានប្រសាសន៍ថា ខ្មោចដែលងាប់ហើយ មិនអាចរស់ឡើងវិញបានទេ​។

មន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សនេះ ចំនួន ១១៨ រូប ត្រូវបានបិទសិទ្ធិមិនឱ្យធ្វើសកម្ម​ភាព​​ពាក់ព័ន្ធនឹងនយោយបាយ ហើយប្រធានបក្សត្រូវជាប់ពន្ធនាគារ ។

ក្រុមនិយមលោក សម រង្ស៊ី ដែលភាគច្រើនកំពុងតែតស៊ូ ធ្វើនយោបាយនៅក្រៅប្រទេសនោះ នៅតែបង្ហាញសុទ្ធិដ្ឋិនិយមថា គណបក្សសង្គ្រោះជាតិនិងអាចរស់ឡើងវិញ ។

ខណៈពេលដែលប្រធានអតីតគណបក្សនេះកំពុងតែដាក់ឱ្យនៅក្រោមការត្រួតពិនិត្យពីតុលាការ រស់នៅក្រោមការកំណត់ដែនដី មិនឱ្យជួបនឹងសកម្មជននយោបាយ បរទេសជាដើមនោះ ត្រូវបានលោក សម រង្ស៊ី ហៅថា ជាការឃុំខ្លួនក្នុងផ្ទះ ។

ដោយហេតុថាមានការគិតថា គណបក្សសង្គ្រោះជាតិមិនរលាយ ហើយដោយសារតែការមើលឃើញថា ប្រធាននៃអតីតគណបក្សនេះកំពុងជាប់ឃុំឃាំង មន្ត្រីជាន់ខ្ពស់នៃបក្សនេះ បានសម្រេចជាឯកឆន្ទក្នុងការជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ។

លោក សម រង្ស៊ី អះអាងថា លោកសម្រេចទទួលយកការជ្រើសតាំងក្នុងដំណែងជាប្រធានស្ដីទីនេះ គឺលោកធ្វើតែក្នុងអន្តរកាលដែលលោក កឹម សុខា ជាប់ឃុំតែប៉ុណ្ណោះ ពោលគឺនៅពេលដែលលោក កឹម សុខា មានសេរីភាពពេញលេញវិញ នោះលោក សម រង្ស៊ី នឹងប្រគល់ដំណែងជាប្រធានបក្សឱ្យលោក កឹម សុខា វិញ ដោយមិនប៉ះពាល់រចនាសម្ព័ន្ធនៃបក្សនេះឡើយ ។

អ្នកនិយមសម រង្ស៊ី ព្រមទាំងមជ្ឈដ្ឋានអ្នកតាមដានការអភិវឌ្ឍសង្គមថា ការឡើងធ្វើជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ អាចនឹងមានភាពល្អប្រសើរ ។

តែអ្នកនិយមកឹម សុខា តែងតែបង្ហាញនូវសកម្មភាព នឹងគំនិតទុតិដ្ឋិយមថា ក្រុមលោក សម រង្ស៊ី កំពុងតែធ្វើបក្សប្រហារ ។​

ពួកគេចង់សម្ដៅថា ការឡើងធ្វើជាប្រធានស្ដីទីពីលោក សម រង្ស៊ី គឺមិនត្រូវតាមច្បាប់នៃគណបក្សនយោបាយជាដើម ។

យ៉ាងណា ក៏មានការអះអាងដែរថា មិនចាំបាច់និយាយពីលក្ខន្តិកៈច្បាប់ ផ្សេងៗនេះទេ ព្រោះការរំលាយបក្សនេះ គឺជារឿងនយោបាយ ហើយបើបក្សនេះដូចនេះហើយ ថាតើឱបលក្ខន្តិកៈបានប្រយោជន៍អ្វី ។

ភ្លាមៗក្រោយពេលដែលលោក សម រង្ស៊ី ទទួលដំណែងជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ ដែលជាការបន្ធូរបន្ថយស្ថានការណ៍តឹងតែងនៅកម្ពុជា ។ អ្នកតាមដានមើលឃើញថា វិធានការនេះ គឺគ្រាន់តែជាដំណោះស្រាយមួយជ្រុងតែប៉ុណ្ណោះ ដើម្បីបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ។

ជាងនេះទៅទៀត រដ្ឋសភាកម្ពុជា ដែលជាស្ថាប័នប្បញ្ញត្តច្បាប់ ដែលសមាជិកមកពីគណបក្សប្រជាជនកម្ពុជាតែមួយបក្សនោះ ហើយឈ្នះការបោះឆ្នោតភ្លុកទឹកភ្លុកដីកាលពីចុងខែកក្កដានោះ បានចាប់ផ្ដើមសើរើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន ក្នុងការបើកលទ្ធភាពដល់បុគ្គលដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយ ឱ្យអាចទទួលបាន ឱកាសនេះវិញ ។

មកទល់ពេលនេះ វិសោធនកម្មនេះ ត្រូវបានប្រកាសជាប្រញាប់ដោយព្រះមហាក្សត្រ ដាក់ចូលជាធរមានហើយ ។

គេឃើញមានមន្ត្រីអតីតគណបក្សប្រឆាំងតែពីរនាក់តែប៉ុណ្ណោះ ដែលដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយ ។

ពួកគេ ក្រៅពីលោក គង់ គាំ និងលោក គង់ បូរ៉ា ដែលជាកូនរបស់លោក បានបង្ហាញជំហរថា មិនស្នើសុំសិទ្ធិធ្វើនយោបាយឡើយ ព្រោះរដ្ឋធ្មនុញ្ញការឱ្យមានសិទ្ធិនេះ ហើយការហាមឃាត់ និងការរំលាយបក្សនេះ គឺមិនត្រឹមត្រូវតាមច្បាប់ បានន័យថា ពួកគេមិនទទួលស្គាល់ការរំលាយគណបក្សសង្គ្រោះជាតិនោះទេ ។

ក្នុងអន្តរកាលដែលលោក កឹម សុខា កំពុងរស់នៅក្នុងផ្ទះមិនមានសេរីភាពដើរហើរនោះ លោក សម រង្ស៊ី បានព្រមព្រៀងគ្នា ជាមួយសម្ដេច ហ៊ុន សែន ដោយបង្កើតល្បែងភ្នាល់គ្នាមួយពាក់ព័ន្ធនឹងការដោះលែង ឬមិនដោះលេងលោក កឹម សុខា ។

យ៉ាងណា ល្បែងភ្នាល់នេះ ជិតនឹងដល់ឱសានវាទហើយ គឺនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩ នេះ ។

យ៉ាងណា អ្នកនិយមកឹម សុខា ជាច្រើនបានថ្កោលទោសលោក សម រង្ស៊ី ដែលហាមយកវាសនា និងសេរីភាពរបស់លោក កឹម សុខា មកលេងសើចបែបនេះ ។

ពួកគេបោះសម្ដីថា លោក សម រង្ស៊ី មិនសមណារួមសកម្មភាពនយោបាយដូចនេះទេ ព្រោះលោក សម រង្ស៊ី ចង់បានដំណែងជាប្រធានគណបក្សសង្គ្រោះជាតិឡើងវិញ ។

លោក ហ៊ុន កុសល បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា អតីតអ្នកនយោបាយចេញពីបក្សជាតិខ្មែរ និងបក្ស សម រង្ស៊ី អាចនឹងចូលរួមសកម្មភាពជាមួយលោកប្រធាន កឹម សុខា ច្រើន។

លោក តែងតែរំលឹកអំពីការដែលលោក សម រង្ស៊ី មិនគោរពពាក្យសន្យារវាងការភ្នាល់គ្នា និងការសន្យាថានឹងចូលមកកម្ពុជាជាដើម ។

ហើយលោក ក៏តែងតែចោទសួរផងដែរថា តើបើក្រុម សម រង្ស៉ី មានប្រជាប្រិយខ្លាំងដល់ម្លឹងហើយ ម្តេចមិនប្រកាសបែកពី កឹម សុខាទៅ។

លោក ឈឿន ឈុំ បានសរសេរលើទំព័រហ្វេសបុកថា ក្នុងនាមជាអ្នកកឹម សុខា និយមម្នាក់ ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវទង្វើរបស់លោក សម រង្ស៊ី ដែលជាទង្វើអសីលធម៌ បញ្ឈឺចិត្ត និងក្បត់យ៉ាងគឃ្លើនចំពោះលោក កឹម សុខា ។

លោកបានអំពាវនាវឲ្យក្រុមអ្នកកឹម សុខានិយម ទាំងឡាយ ឈប់ខាំមាត់សង្កត់ចិត្ត ឈប់គ្រាំទ្រូងព្រោះតែខ្លាច បែកបាក់តទៅទៀតទៅពីព្រោះទោះទ្រាំដល់ស្ទះដង្ហើមស្លាប់ក៏មនុស្សដូច សម រង្ស៊ី នេះមិនកែប្រែចរិតដែរ ។

អ្នកនិយមកឹម សុខា តែងតែលើកសរសើរពីលោក កឹម សុខា ដែលទ្រាំនៅសុខចិត្តជាប់គុក ហើយនេះជាវីរភាពរបស់លោក ដែលជាអ្នកនយោបាយដ៏គួរឱ្យគោរព មិនដូចលោក សម រង្ស៊ី អាងអីតែរត់  ។

លោក សម រង្ស៊ី ពិតជាពូកែរត់ ខណៈដែលសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍សរសើរបែបនេះដែរ ។

បែបនេះក្ដី ខណៈពេលដែលលោក កឹម សុខា ជាប់ពន្ធនាគារ លោក ក៏ដូចជាអ្នកនិយមកឹម សុខា តែងតែទាមទារឱ្យដោះលែងជាដើម ដែលអ្នកសង្កេតការណ៍មើលឃើញថា មិនសូវជាគ្រាន់បើជាងលោក សម រង្ស៊ីដែលរត់ទៅបរទេសដើម្បីរកច្រកចេញនយោបាយនោះទេ ។   

យ៉ាងណា លោក សម រង្ស៊ី នៅតែបន្តអះអាងថា ការរួមគ្នារវាងលោក និង លោក កឹម សុខា ជាចំណុចខ្លាំងដែលនាយករដ្ឋមន្ត្រីកម្ពុជាមានការព្រួយបារម្ភ ។

លោកបណ្ឌិត មាស នី បញ្ជាក់លើគណនីហ្វេសបុករបស់លោកដោយបញ្ជាក់ថា ទំនងដូចជាអោយសញ្ញាប្រាប់ថាលោក កឹម សុខា នឹងអាចត្រូវបានដោះលែង នៅពេលខាងមុខតែអាចនឹងត្រូវគេលាបធ្យូងបន្តដើម្បីអោយជល់ជាមួយដៃគូរបស់ខ្លួន។ តើអ្វីដែលអតីតសង្រ្គោះជាតិត្រូវគិត? បណ្តុះកឹម សុខានិយម? បណ្តុះសម រង្សីនិយម? ឫបណ្តុះបក្សនិយម ?

លោកបណ្ឌិតតែងតែព្រមានចំពោះមន្ត្រីបក្សនេះថា គួរប្រយ័ត្នបែកបាក់គ្នាឱ្យបានមែនទេ បើចង់សម្រេចគោលបំណងធ្វើឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា ។

លោកមេធាវីលោក កឹម​ សុខា ម្នាក់ គឺលោក ហេង ផេង បានសរសេរថា មិនត្រូវបណ្តុះគំនិតបុគ្គលនិយម ឬ បក្សនិយមនោះទេ ត្រូវគិតពីជាតិជាចំបង ម្នាក់ៗត្រូវមានគំនិតជាតិនិយម ទើបជាតិគង់វង្សជាអមតៈ ។

តើលោក កឹម សុខា ជ្រើសរើសរួមដំណើរនយោបាយជាមួយលោក សម រង្ស៊ី ឬក៏ជ្រើសរើសយកសេរីភាពផ្ទាល់ខ្លួន  ?

ជាការពិតណាស សេរីភាពជាកត្តាសំខាន់ ជាក់ស្ដែងដូចជាលោក កឹម​ សុខា បើនៅតែជាប់ឃុំឃាំងសេរីភាពបែបនេះក៏ដោយ ច្បាស់ណាគឺមិនអាចធ្វើនយោបាយបានទេ ។

កត្តាជម្រុញឱ្យលោក កឹម សុខា និងលោក សម​ រង្ស៊ី កាន់តែឃើញភ្លើងខៀវនៃការបែកគ្នា ក៏មានច្រើន  គឺបើតាមការសង្កេតឃើញគឺមានអ្នកនិយម កឹម សុខា រួមទាំងគណបក្សកាន់អំណាច ។

 ដោយឡែក លោក សម រង្ស៊ី តែងតែប្រកាន់ជំហរថា សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ គ្មានអ្វីបំបែកបាន ។​

លោក ព្រាបកុល ធ្លាប់សរសេលើទំព័រហ្វេសបុករបស់ខ្លួនថា លោក កឹម សុខា អាចនឹងដើរចេញឆ្ងាយពីលោក សម រង្ស៊ី នៅពេលដែលលោក មានសេរីភាព ។

លោក កឹម សុខា នាពេលបច្ចុប្បន្ន មិនមានការបង្ហាញឆន្ទៈបែបណានោះទេ ពោលគឺគាត់រក្សាបាននូវភាពស្ងៀមស្ងាត់ជាខ្លាំង ដែលអ្នកណាក៏មិនដឹងច្បាស់នូវជំហររបស់គាត់ទេ ។

តែយ៉ាងអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ បញ្ជាក់ថា ជាការពិតដែលលោក កឹម សុខា អាចនឹងជិតត្រូវបានដោះលែង នេះបើយោងតាមផ្លូវច្បាប់ ក៏ដូចជាសម្ពាធអន្តរជាតិ ។

កញ្ញាបញ្ជាក់ដោយមានជំនឿចិត្តថា លោក សម រង្ស៊ី និងលោក កឹម សុខា មិនបែកបាក់គ្នានោះ ហើយបើមានគឺ ភាគរយតិចណាស់ ។

កញ្ញាថា ប្រសិនបើមានការបែកបាក់មែន នោះប្រជាប្រិយភាពលោក សម រង្ស៊ី អាចនឹងធ្លាក់ចុះបន្តិច ខណៈប្រជាប្រិយភាពលោក កឹម សុខា អាចនឹងកើនឡើងបន្តិច ។

កញ្ញាថា ការដែលមិនបែកបាក់រវាងអ្នកទាំងពីទើបធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានយ៉ាងពិតប្រាកដ ព្រោះការបែកបាក់គ្នាជាបរាជ័យដ៏ធំមួយ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image