ភ្នំពេញ៖ បន្ទាប់ពីមានការកំណត់ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមកកម្ពុជា មានមតិចម្រុះផុសឡើងចេញពីបណ្ដាមជ្ឈដ្ឋានជាច្រើន ក្នុងនោះមិនមែនមានតែគណបក្សកាន់អំណាចនោះទេ គឺត្រូវបានគេមើលឃើញថា នៅក្នុងស្លាបម្ខាងរបស់លោកកឹមសុខាក៏មានបំណង បន្តុចបង្អាក់ ពីការធ្វើមាតុភូមិនិវត្តន៍ របស់លោកសមរង្ស៊ីផងដែរ ។ អ្នកវិភាគ យល់ថា ស្លាបម្ខាងរបស់លោកកឹមសុខាគួរនៅស្ងប់ស្ងាត់ប្រសើជាង។
សូមស្ដាប់លោក សោម លាភ អធិប្បាយពីព័ត៌មាននេះ៖
មុនពេលមិនទាន់កំណត់កាលបរិច្ឆេទវិលចូលកម្ពុជាពីលោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សនេះ មានមតិលើកឡើងមិនតិចទេ ដែលថាលោក សម រង្ស៊ី គ្មានថ្ងៃវិលចូលស្រុកឡើយ ។
ការណ៍នេះ ក្រុមម្ខាងរបស់លោកកឹមសុខា ដែលចាត់ទុក លោកសមរង្ស៊ី ជាមេដឹកនាំបក្សប្រហារ ដំណ្ដើម ពីលោកកឹមសុខា ទោះជាលោកសមរង្ស៊ីស័្មគ្រចិត្តលាលែងពីបក្សក៏ដោយ។
ជាថ្មីម្ដងទៀត នៅពេលដែលលោកសមរង្ស៊ី និងថ្នាក់ដឹកនាំបក្ស ប្រកាសជាផ្លូវការនៃការវិលចូលកម្ពុជាវិញ គឺនៅថ្ងៃទី៩វិច្ឆិកា គេសង្កេតឃើញថា ក្រុមលោកកឹមសុខាមួយចំនួន បាន វាយប្រហារជាចំហលើបណ្ដាញសង្គមទៅលើលោកសមររង្ស៊ី ដែលជាបច្ចុប្បន្ន ជាប្រធានស្ដីទី នៃអតីតគណបក្សសង្រ្គោះជាតិ។
លោក អ៊ូ ចាន់រ័ត្ន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយស្នើសុំសិទ្ធិនេះវិញនោះ មានប្រសាសន៍ក្នុងវិទ្យាវាយោថា លោកមិនជឿថាលោក សម រង្ស៊ី វិលចូលកម្ពុជានោះទេ ។
លោក ហ៊ុន កុសល សកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងជាអ្នកគាំទ្រខ្លាំងខាងលោក កឹម សុខា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៧ សីហាក្នុងន័យដើមថា «០៩-១១-២០១៩ បើចូលមកដោយភាពក្លាហាន នឹងក្លាយជាវីរបុរសពិតប្រាកដ ប៉ុន្តែបើមិនមកទេ នឹងក្លាយជាអ្នកនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុងហើយ» ។
លោកក៏បញ្ជាក់ថា លោកមិនជឿថាលោក សម រង្ស៊ី វិលចូលកម្ពុជាវិញនៅថ្ងៃនេះនោះទេ ។
លោក ហ៊ុន កុសល បង្ហាញក្ដីបារម្ភថា ប្រសិនបើប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ សូមទោស និងសូមភ្លើងខៀវពីនាយកករដ្ឋមន្ត្រីកម្ពុជានោះលោកថា លោក សម រង្ស៊ី មិនមែនជាអ្នកនយោបាយប្រឆាំងទេ ។
ជាមួយគ្នានេះ លោក ហ៊ីង សុខសាន្ត មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិវិញ ដែលកំពុងតែនិរទេសខ្លួននៅសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងបទសម្ភាសរបស់សារព័ត៌មាន The Cambodia Daily ថា លោកសាទរចំពោះការដាក់កាលបរិច្ឆេទធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី បែបនេះ ។
លោកបង្ហាញអំពីការមើលឃើញថាលោក សម រង្ស៊ី អាចនឹងមិនចូលតាមការកំណត់នេះនោះទេ ។
លោក ហ៊ីង សុខសាន្តបញ្ជាក់ដោយមិនទទួលស្គាល់ថា លោក សម រង្ស៊ី មិនមែនជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ជាងនេះការកំណត់កាលបរិច្ឆេទនេះក៏មិនមែនធ្វើឡើងដោយសា្មរតីរបស់គណបក្សនេះដែរ ដែលលោកថាធ្វើឡើងដោយក្រុមហែហមលោក សម រង្ស៊ី តែប៉ុណ្ណោះ ។
កញ្ញាហ្សិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចានៃអតីតគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាសកម្មជនឆ្នើមនៃអតីតគណបក្សនេះ ឆ្លើយតបទៅលោក ហ៊ីង សុខសាន្ត ដោយចោទសួរទៅវិញថាតើលោកសម រង្ស៊ី កុហកខ្លួនឯង កុហកសកម្មជន កុហកអ្នកគាំទ្រពីពេលណា ។
កញ្ញាថា លោក ហ៊ីង សុខសាន្ត មានចំពោះយុទ្ធសាស្ត្រនយោបាយក្មេងខ្ចីណាស់ ។
លោកស្រី ម៉េង សុភារី មេធាវីតំណាងឱ្យលោក កឹម សុខា ធ្លាប់ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា លោក កឹម សុខា ពុំមានបុព្វសិទ្ធិជាប្រធានបក្ស CNRP ទៀតទេតែអ្នកគាំទ្រនៅចាត់ទុកលោកជាប្រធានបក្សដដែល ។
អ្នកសង្កេតការណ៍ មើលឃើញថា ចរន្តបាក់បែកនៅក្នុងអតីតបក្សសង្រ្គោះជាតិ មិនអាចកើតមានទេ ទោះបីមានក្រុមណាមួយក្នុងបក្សនេះចង់បំផ្លាញក៏ដោយ គឺភាពរឺងមាំរវាងលោកសមរង្ស៊ីនិងលោកកឹមសុខា។
លោកឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយ មើលឃើញពីការធ្លាក់ចុះ ប្រជាប្រិយភាពនៃស្លាបម្ខាងរបស់លោកកឹមសុខា ដែល មិនធ្វើសកម្មភាពដើម្បីបក្សខ្លួន ។ លោកថា ក្រុមនេះ ពេលខ្លះហាក់មានការយល់ខុសអំពីសកម្មភាពនិងតួនាទីរបស់លោកសមរង្ស៊ី។
បើនិយាយពី បក្សកាន់អំណាចវិញ ចំពោះការវិលមកវិញរបស់លោកសមរង្ស៊ី គឺមានចាប់ខ្លួន តែប៉ុណ្ណោះ។
សម្ដេច ហ៊ុន សែន ថា កម្ពុជាត្រៀមស្វាគមន៍លោកសម រង្ស៊ី ដោយដាក់ខ្នោះលោក សម រង្ស៊ី ឱ្យខានតែបាន ។
ក្នុងនោះថ្នាក់ដឹកនាំកំពូលកម្ពុជា គឺនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា លោក សម រង្ស៊ី មិនមកកម្ពុជាទេ ពោលគឺសម្ដេចថា អ្នកនយោបាយនិរទេសខ្លួនរូបនេះ នឹងបន្តពន្យាពេលទៀត ។
កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ប្រកាសសង្គ្រាមជាមួយលោក សម រង្ស៊ី និងព្រមានដោយការបង្រ្កាបដោយប្រើកម្លាំក្ដី ។
សមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃកម្ពុជា ដែលទទួលបន្ទុកពាក់ព័ន្ធ ពិសេសគឺមន្ត្រីផ្នែកគ្រប់គ្រងសន្តិសុខប្រទេស ពោលគឺមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីគ្រប់គ្រងផ្នែកការពារជាតិ គឺក្រសួងការពារជាតិ ធ្លាប់អះអាងថា នឹងអនុវត្តតាមបញ្ជា ដើម្បីប្រឆាំងនឹងវត្តមានលោក សម រង្ស៊ី ។
មន្ត្រីបក្សកាន់អំណាច តែងតែអះអាងថា ការប្រឆាំងនឹងវត្តមានលោក សម រង្ស៊ី ជាការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ដើម្បីយកមកអនុវត្តន៍ទោស ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បង្ហាញតាមរយៈអត្តបទនៅលើទំព័រហ្វេសបុករបស់ខ្លួនថា ការចង់មកកម្ពុជារបស់លោកសម រង្ស៊ី គឺមានការប៉ុនប៉ង ដើម្បីបំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ។ សម្ដេចថាការណ៍នេះក៏ព្រោះថាកាលណាចូលមកខុសច្បាប់ ប្រមូលកម្លាំងគាំទ្រចូលរួម ដើម្បីទទួលឬធ្វើសកម្មភាពណាមួយ បានន័យថា ប្រឆាំងជាមួយនឹងច្បាប់ ប្រឆាំងនឹងសុខសន្តិភាព ស្ថិរភាពដែលកម្ពុជាកំពុងតែមានសព្វថ្ងៃនេះ ។
យ៉ាងណាមិញ សម្ដេច ស ខេង ក៏បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីបង្រ្កាប និងបំផ្លាញចោលនូវរាល់សកម្មភាពទាំងឡាយ ដែលសម្ដេចថា ជាសកម្មភាពមានបំណង ឬធ្វើសកម្មភាពបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។
សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនកាលពីដើមឆ្នាំ ២០១៩ ក្នុងន័យសម្ដៅដល់ការបញ្ជាឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យបាន ក្នុងការការពារជាតិមាតុភូមិកម្ពុជា ។
យ៉ាងណាមិញ ខណៈពេលដែលលោក សម រង្ស៊ី ត្រូវបានសម្រេចកាលបរិច្ឆេទជាក់លាក់ឱ្យចូលមកទឹកដីកម្ពុជាវិញ គិតមកដល់ពេលនេះមិនទាន់មានការចេញសេចក្ដីថ្លែងការណ៍ណាមួយជុំវិញករណីនេះពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយនោះទេ ។
តែគេបែជាមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការ ដោយបង្ហាញការគាំទ្ររាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង ក្នុងការចាត់វិធានការនានា ដើម្បីរក្សាសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខជាតិ និងការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ ចុះផ្សាយកាលពីថ្ងៃទី ១៦ សីហា បានសម្រេចឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៃអតីតគណបក្សនេះវិលត្រឡប់ចូលកម្ពុជាវិញ នៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ដែលជាខួបទី ៦៦ ដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង ។
ដោយមើលឃើញដូចនេះ គឺអ្នកវិភាគ ឯកសុវណ្ណារ៉ា យល់ថាទោះជាលោកមិនទាន់ជឿជាក់មួយររភាគរយថាលោកសមរង្ស៊ី វិលតាមកាលបរិច្ឆេទនេះ ក៏ដោយ តែ ការកំណត់ថ្ងៃទី៩វិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យ ជាតិ ដែលព្រះមហាក្សត្រតែងតែគង់នៅក្នុងប្រទេស គឺជាភាពវ័យឆ្លាតរបស់លោកសមរង្ស៊ី។
សម្រាប់លោក សម រង្ស៊ី អះអាងថា ពេលវេលានេះទុំជ្រុលហើយ ដែលលោក នឹងមន្ត្រីមួយចំនួនទៀត ត្រូវចូលមកកម្ពុជាជាចាំបាច់ និងមិនអាចពន្យាពេលបានទៀតនោះទេ ។
លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសបុករបស់លោក បញ្ជាក់ថា គោលដៅដែលលោកចូលមកកម្ពុជានៅថ្ងៃនោះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប, ប្រគល់សងដីធ្លី និងផ្ទះសម្បែងជូនជនរងគ្រោះដោយអំពើអយុត្តិធម៌, បំបាត់អំពើពុករលួយ លើកស្ទួយជីវភាពពលរដ្ឋ, ដោះស្រាយបំណុលរបស់ពួកគាត់ , រៀបចំប្រព័ន្ធតុលាការឡើងវិញ ដើម្បីឱ្យមានភាពឯករាជ្យ ភាពស្អាតស្អំ និងយុត្តិធម៌, ការពារផលប្រយោជន៍ និងភាពថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។ មានការលើកឡើងថា ការរំលាយគណបក្សនេះ មិនមែនធ្វើឡើងដោយអនុលោមទៅតាមច្បាប់នោះទេ ពោលគឺជារឿងនយោបាយ ។
ការរំលាយគណបក្សនេះក្រោមហេតុផលដោយមានការចោទប្រធានគណបក្សនេះគឺលោក កឹម សុខា ពីបទក្បត់ជាតិ ។ លោក កឹម សុខា កំពុងស្នាក់នៅក្នុងផ្ទះ ដោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ៕