en     km
en     km

វិភាគ៖ម៉ាឌូរ៉ូបន្សាបស្ថានការណ៍យល់ព្រមបោះឆ្នោតសភាតែមិនបោះឆ្នោតប្រធានាធិបតី បក្សប្រឆាំង​ថា​គេមិនទុកឱ្យរបបនេះរស់ឡើយ

Share

វេណេហ្សូអេឡា៖នៅទីបំផុតក្រឡាអុករបស់លោកម៉ាឌូរ៉ូ ត្រឹមតែចង់ការពារស្ដេចប៉ុណ្ណោះ គឺមិនអោយមានការ​បោះឆ្នោតប្រធានាធិបតីតាមការទាមទាររបស់ បក្សប្រឆាំងនិង​សហគមន៍​អន្តរជាតិនោះទេ។

ទំនងដឹងថាខ្លួនមិនអាចទប់ទល់បាននឹងសម្ពាធរបស់ប្រជាជន និង​សហគមន៍អន្តរជាតិ លោកនីកូឡាស់ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សូអេឡា ​យល់ព្រម​ចរចា​ជា​មួយ​លោកជួនហ្គាយដូ មេដឹក​នាំបក្ស ប្រឆាំង​ដ៏មាន​ប្រជាប្រិយ ។តែការច​រចាផ្ដោត​តែ​លើ​ការ​បោះ​ឆ្នោតសភាប៉ុណ្ណោះ។

តើអាចទៅរួចទេ បើមិនមានការបោះឆ្នោតប្រធានាធិបតី?

អត្ថបទ៖ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា លោកម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សូ អេឡាដែល​ប្រឈម​នឹងការទំលាក់ពីអំណាចបានយល់ព្រមអោយមានការបោះឆ្នោតសភា នៅខាងមុខនេះ ដែលលោកថានេះជាការធ្វើតាម គោលបំណងរបស់ពលរដ្ឋវេណេហ្សូអេឡា ។លោក​បាន​បញ្ជាក់​​​ដូចនេះ គឺនៅមុនមួយថ្ងៃ ដែលពលរដ្ឋវេណេហ្សូអេឡា រាប់ម៉ឺននាក់ គាំទ្រ បក្សប្រ​ឆាំង​បាន បន្តដាក់ផែនការជាថ្មីទៀតក្នុងការធ្វើបាតុកម្ម ទូទាំងប្រទេស នៅថ្ងៃទី៣០មករានេះ ដើម្បី អូសទាញ ពួកយោធាហើយឈានដល់ការទំលាក់លោកម៉ាឌូរ៉ូ។

ហេតុអ្វីបានជា លោកម៉ាឌូរ៉ូយល់ព្រមដូចនេះ?

លោកម៉ាឌូរ៉ូគឺជា មេដឹកនាំ បក្សសង្គមនិយម ដែលមាននិន្នាការទៅរករុស្ស៊ីនិងចិន។ មេដឹក​នាំរូបនេះ គឺជាកូនបំណុលដ៏ធំរបស់ចិននិងរុស្ស៊ី ។ បំណុលរបស់ប្រទេសមហាអំណាចពីរនេះ គឺជាឧបករណ៍ដើម្បីជួយទប់ស្ថានភាពសេដ្ឋកិច្ចរបស់លោកម៉ាឌូរ៉ូដែលកំពុងទៅរកការរំលំរលាយ។ ការដែលលោកម៉ាឌូរ៉ូបង្ហាញភាពទន់ភ្លន់បន្តិចនេះ គឺបន្ទាប់ពីលោកបាន​សន្ទនា​តាមទូរ​ស័​ព្ទជាមួយ មេដឹកនាំរុស្ស៊ី ប្រធានាធិបតីផ្លាឌីមៀពូទីនជុំវិញស្ថានការណ៍ចុងនៅវេណេហ្សូអេឡា។ តែស្របពេលនេះ ក្រុងប៉េកាំង​ជាម្ចាស់បំណុលរបស់លោកម៉ាឌូរ៉ូធំជាងគេ ក៏បានផ្ញើសារមក​មកគាំទ្រលោកម៉ាឌូរ៉ូដោយទទូចចង់មានដំណោះស្រាយ ណាមួយជាបន្ទាន់​ជាមួយ​នឹង​ក្រុម​ប្រឆាំង។ ក្រោយពីទទួលការផ្ដល់ឱវាទ ដូចនេះ  លោកម៉ាឌូរ៉ូហាក់​ទទួលយកភ្លាមហើយ​ក៏​ប្រកាសថាខ្លួន ចង់ចរចាជាមួយក្រុមប្រឆាំង ហើយចង់អោយមាន​ការបោះឆ្នោតសភា​ឡើង​វិញ។ ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី RIA លោកម៉ាឌូរ៉ូ បញ្ជាក់ថា ការបោះ​ឆ្នោត ប្រធានាធិបតីមិនអាចទៅរួចទេនៅពេលនេះ គឺត្រូវរង់ចាំ ឆ្នាំ២០២៥។ លោក​ថាគេ​ត្រូវ​ដោះស្រាយមួយដំណាក់កាលសិន។

ប្រតិកម្មពីក្រុមប្រឆាំង

លោកជួនហ្គាយដូ បានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងត្រៀមចរចាជាមួយលោកម៉ាឌូរ៉ូហើយនៅពេលនេះ។ តែលោកថា របៀបវារៈមានគ្រប់រសជាតិ គឺនៅលើតុចរចា។ លោកបន្តថា ការចរចាគឺដើម្បីកុំឱ្យស្ថានការណ៍ត្រូវបានទាញទម្លាក់ដោយឧត្តមសេនីយ៍របស់លោកម៉ាឌូរ៉ូ។ តែលោកថា កម្លាំងប្រជាជនដែលគាំទ្រលោក កាន់តែច្រើនៗឡើងនៅពីក្រោយលោក ដែលហេតុនេះ ការចរចាត្រូវគិតពីអត្ថប្រយោជន៍ជាតិជាធំ។ លោកអះអាងថានៅពេលនេះ លោកជាប្រធានាធិបតីស្ដីទីរបស់ប្រទេស គឺការចរចាត្រូវតែជាសមភាគី។

យ៉ាងណានៅពេល សួរថាតើលោក យល់ព្រមតាមលោកម៉ាឌូរ៉ូឬទេ ដែលចង់អោយមានការបោះឆ្នោតសភាឡើងវិញ លោកជួនហា្គយ ដូ បែរជាសើចបន្តិចហើយថា លោកម៉ាឌូរ៉ូនៅពេលនេះ មិនមែនជាប្រធានា​ធិបតីស្របច្បាប់ ស្របនឹងរដ្ឋធម្មនុញ្ញនោះទេ។ ដូចនេះ អ្វីៗនៅលើតុចរចា គឺទាំងការបោះឆ្នោតប្រធា​នាធិបតីផងដែរ។ លោកបញ្ជាក់ដូចនេះថា៖ របបនេះ ដល់ទីបញ្ចប់របស់វាហើយ។ គេមិនត្រូវទុកពេលវេលា ដល់បុរសខ្លាំងនេះទៀតទេ គឺមិនត្រូវធ្វើតាមគាត់ចង់បានទេ។

សហគមន៍អន្តរជាតិ

មានប្រទេសកាន់តែច្រើនឡើងៗ គាំទ្រអាមេរិកអោយឆាប់បញ្ចប់របបលោកម៉ាឌូរ៉ូ ។ ប្រទេសធំៗគាំទ្រ អាមេរិកនៅពេលចុងក្រោយនេះគឺ ប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ អង់គ្លេស ហូឡង់ ប៊ែលហ្សិក អូស្ត្រាលីកាណាដា និង លោកស្រី Federica Mogherini ប្រមុខការទូតសហភាពអឺរ៉ុប ។ ប្រទេសទាំងនេះ បានបង្ខំអោយលោកម៉ាឌូរ៉ូចរចាជាមួយលោកជួនហ្គាយដូ ហើយបោះឆ្នោតប្រធានាធិបតីឡើងវិញ។ ប្រទេសទាំងនេះ ក៏បានបង្ហើបថា ករណីអាមេរិកលើកទ័ពចង់អន្តរាគមន៍ក៏ពួកគេអាចគាំទ្រដែរ៕

អត្ថបទ ដោយ នួន បូរិន

Share

Image
Image
Image