en     km
en     km

លោក អ៊ិត សំហេង៖ កម្មករ២.៧៨លាននាក់លើពិភពលោកស្លាប់ដោយគ្រោះថ្នាក់ការងាររាល់ឆ្នាំ

Share

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានបង្ហោះរបាយការណ៍មួយរបស់អង្គការអន្តរជាតិខាងការងារ(ILO) ដែលបង្ហាញថា មានកម្មករនិយោជិតចំនួន ២.៧៨លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈជារៀងរាល់ឆ្នាំនៅលើសាកលលោក។

បើតាមលោក​ អ៊ិត សំហេង ក្នុងចំណោមកម្មករស្លាប់ដោយគ្រោះថ្នាក់ការងារ ក៏មានកម្មករនិយោជិត ២.៤លាននាក់ផ្សេងទៀត បានស្លាប់ដោយសារជំងឺវិជ្ជាជីវៈផងដែរ។ ព្រមជាមួយគ្នានេះអង្គការ ILO រកឃើញថា មានកម្មករនិយោជិតចំនួន ៣៧៤លាននាក់ទៀត បានទទួលរងនូវគ្រោះថ្នាក់ការងារដែលមិនបណ្តាលឱ្យស្លាប់។

                                                                     ​​កម្មករកើតអាការៈដួលសន្លប់ពេលបំពេញការងារ។

 

លោក អ៊ិត សំហេង បង្ហាញថា ស្ថិតិនៃគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈនេះ នៅបន្តកើនឡើងដែលក្នុងនោះការកើនឡើងហានិភ័យការងារផ្នែកសុខភាពផ្លូវចិត្ត ភាពស្មុគស្មាញនឹងការងារ និងជំងឺមិនឆ្លងបានកើនឡើងគួរឱ្យកត់សម្គាល់នៅគ្រប់ផ្នែកនៃពិភពលោក និងប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក។ នៅចំពោះមុខបញ្ហានេះ លោកទាមទារឱ្យមានវិធានការការពារសុវត្ថិភាពការងារ ឱ្យបានគ្រប់ជ្រោយបន្ថែមទៀតនៅទូទាំងពិភពលោក ពិសេសនៅកម្ពុជា។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាវិញ តាមរយៈរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម បានបង្ហាញឱ្យឃើញថា គ្រោះថ្នាក់ការងារ ករណីស្លាប់ និងការចំណាយទៅសំណងហានិភ័យការងារឆ្នាំ២០១៨ បានថយចុះស្មើនឹង ១៨.២៥% បើធៀបនឹងឆ្នាំ២០១៧។

ក្នុងឆ្នាំ២០១៨ មានគ្រោះថ្នាក់ការងារសរុបចំនួន ៣៤,៨០៨ករណី រួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ២៥,២០៦នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៩,៥៣០នាក់ និងផ្សេងៗចំនួន ៧២នាក់។

ចំពោះករណីដួលសន្លប់របស់កម្មករនិយោជិត មានការថយចុះចំនួន ៥៤.៥៥% ដោយកើតឡើងនៅក្នុង ២២សហគ្រាស-គ្រឹះស្ថាន នៅឆ្នាំ២០១៧ ធ្លាក់មកត្រឹម ១០សហគ្រាស-គ្រឹះស្ថាន នៅឆ្នាំ២០១៨៕

 

 

Share

Image
Image
Image