en     km
en     km

លោក ហោ ណាំហុង ថា​កម្ពុជា​នឹង​ចាញ់​ក្ដី បើ​ប្តឹង​រឿង​ព្រំ​ដែន​ទៅ​តុលា​ការ​អន្តរ​ជាតិ​

Share

លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស ថ្លែង​ថា ការ​ប្តឹង​ពី​ករណី​រឿង​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ទៅ​​​​​​​​តុលា​ការ​អន្តរ​ជាតិ នោះ​កម្ពុជា​នឹង​ចំណាយ​ពេល​វេលា​និង​ថវិកា​ច្រើន ហើយ​អាច​ចាញ់​ក្តីទៀត​ផង​។ ការ​ថ្លែង បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​ផែន​ទី​ជូន​តំណាង​អង្គការ​សហ​ប្រជា​ជាតិ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ​នា​វិ​​មានសន្តិភាព។

ព័ត៌មានជាសំឡេង៖

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្លែង​ថាការ​ប្ដឹង​រឿង​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ទៅ​តុលាការ​អន្តរ​ជាតិ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ពេល​វេលា​ ថវិកា​ និង​ចាញ់​ក្ដី​ថែម​ទៀត​​។

លោក​ ហោ ណាំហុង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​ផែន​ទី​ជូន​តំណាង​អង្គការ​សហ​ប្រជា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​សីហា​នេះ ដែល​ធ្វើ​នៅ​វិមាន​សន្តិភាព​នាទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី។

150826-sokha-news-01-dara-ed_Cover
រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ​ថ្លែងនៅ​ក្នុង​ពិធី​ប្រគល់​ផែន​ទី​ជូន​តំណាង​អង្គការ​សហ​ប្រជា​ជាតិ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ ​នា​វិ​​មានសន្តិភាព

នៅ​ក្នុង​ពិធី​ប្រគល់​ផែន​ទី​នោះ លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា ការ​កំណត់​ព្រំ​ដែន​រវាង​ប្រទេស​មួយ​នឹង​ប្រទេស​មួយ គឺ​ផ្អែក​លើ​ឯក​សារ​ផ្លូ​វច្បាប់​ និង​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ ដូច្នេះ​ការ​ចង់​ឲ្យ​រដ្ឋា​ភិបាល​ប្តឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​ដូច​អ្វី​ដែល​គណ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​នា​ពេល​កន្លង​មក គឺ​មិន​ងាយ​ស្រួយ​​នោះ​ទេ​។ លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា “ការ​កំណត់​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយ​ ត្រូវ​ផ្អែក​លើ​ឯកសារ​ផ្លូវ ច្បាប់ ទី​២ គឺ​លើ​ច្បាប់​អន្តរជាតិ​ ទី​៣ គឺ​ផ្អែក​លើ​អ្វី​ដែល​បាន​ចុះ​ហត្ថលេខា​ដែល​ជា​ឯក​សារ​ច្បាប់​ទៅ​តុលាការ​អន្តរ​ជាតិ​។

តើ​អស់​លោក​នោះ​សង្ឃឹម​ទេ ជឿ​ជាក់​ទេ ថា​តុលាការ​នឹង​បក​ស្រាយ​តាម​អស់​លោក​នឹក​ចង់ បើ​ទៅ​ហើយ​ចំណាយ​លុយ​យ៉ាង​ច្រើន យូរ​ឆ្នាំ​ហើយ​ចាញ់​គេទៅ​ទៀត ​តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​”។

លោក ហោ ណាំហុង បន្ថែម​ថា ​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ប្រធា​នាធិបតីបារាំង ​នឹង​ចុះ​ហត្ថ​លេខា​ឆ្លើយ​តប​នឹង​លិខិត​របស់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ដែល​​បាន​ស្នើ​សុំ​ខ្ចី​ផែន​ទី​ពី​វិទ្យាស្ថាន​ភូមិ​សាស្រ្ត​បារាំង​។ លោកថា នៅ​ពេល​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​នយោបាយ​កម្ពុជា ដែល​តែង​តែ​យក​បញ្ហា​ផែន​ទី​មក​ធ្វើ​ជា​យុទ្ធនាការ​​នយោ​បាយ​នោះ​ភ្លឺ​ភ្នែក​ជាក់​ជា​មិន​ខាន​។

លោក​ថា “ខ្ញុំ​សង្ឃឹម​ថា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ឬ​មួយ​អាទិត្យ​ទៀត អស់​លោក នឹង​ភ្លឺ​ភ្នែក​អំពី​អ្វី​ដែល​ខ្លួន​បាន​និយាយ​កន្លង​មក​។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ពេល​ភ្លឺ​ភ្នែក​ហើយ នោះ​ឈប់​យក​បញ្ហាព្រំ​ដែន​កម្ពុជា វៀតណាម ឈប់​យក​ផែន​ទី​ធ្វើ​ជា​យុទ្ធ​នាការ​នយោ​បាយ ធ្វើ​ជា​អា​យ៉ៃ ឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ ឆ្លើយ​ឆ្លង​គ្នា​តាម​ព័ត៌​មាន​”​។

ជុំ​វិញ​ការ​លើក​ឡើង​របស់​លោក ហោ ណាំហុង​នេះ​ដែរ សាស្រា្ត​ចារ្យ​វិទ្យាសាស្រ្ត នយោ​បាយ លោក រស់ រ៉ា​វុធ លើក​ឡើង​ថា បញ្ហា​ព្រំ​ដែន​ជា​មួយ​វៀត​ណាម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ទាន់​មាន​មូលដ្ឋាន​គិត​យុត្តិ​ណា​មួយ​ច្បាស​លាស់​នៅ​ឡើយ​នោះ​ទេ​។ លោក​ថា កម្ពុជា​ដែល​កំពុង​ប្រមូល​ឯក​សារ​ផែន​ទី​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ផ្ទៀង​ផ្ទាត់ គឺ​ជា​ការ​ត្រឹម​ត្រូវ​។

150826-sokha-news-01-dara-ed_2

លោក រស់ រ៉ា​វុធ បន្ត​ថា ជម្រើស​ក្នុង​ការ​ប្តឹង​ទៅ តុលា​ការ​អន្តរ​ជាតិ​អាច​ធ្វើ​ទៅ​បាន​លុះ​ណា​ភា​គី​វៀត​ណាម នៅ​តែ​បន្ត​រំ​លោភ​មក​លើ​បង្គោល​ព្រំ​ដែន ខណៈ​ដែល​កម្ពុជា​មាន​មូល​ដ្ឋាន​គិត​យុត្តិ​ច្បាស់​លាស់​។​​ លោក​ រស់ រ៉ាវុធ មានប្រសាសន៍​ថា “ចំពោះ​បញ្ហា​ព្រំ​ដែន​កម្ពុជា វៀត​ណាម​នេះ​ គឺ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ណា​មួយ​ដែល​ជា​មូល​ដ្ឋាន​គិត​យុត្តិ​នៅ​ឡើយ​ទេ ​អញ្ចឹង​ទេ​!បាន​ជា​បច្ចុប្បន្ន​នេះ​​យើង​​ត្រូវ​ការ​​ប្រមូល​ឯក​សារ​ដែល​ជា​ផែន​ទី​ជា​មូល​ដ្ឋាន​គ្រឹះ​នៅ​អន្តរ​ជាតិ​ហ្នឹង​ មក​​ផ្ទៀង​ផ្ទាត់​គ្នា​ដើម្បី​ធ្វើ​ការ​​បោះ​បង្គោល​ព្រំ​ដែន​”។​

ចំណែក លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិការ​អនា​គត​ស្តី​ពី​កម្ពុជា​និង​ជា​អ្នក​ឃ្លាំង​មើល​ស្ថាន​ការ​សង្គម ក៏​បាន​លើក​ឡើង​ដែរ​ថា ចំពោះ​ស្ថាន​ភាព​ប្រទេស​កម្ពុជា​ពេល​នេះ ទោះ​បី​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ក៏ តុលាការ​មួយ​នេះ​គេ​មិន​ព្រម​ទទួល​ដែរ​ ព្រោះ​កម្ពុជា​នៅ​មាន​មូលដ្ឋាន​គិត​យុត្តិ​តិច​តួច​ណាស់​ក្នុង​ការ​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​។

លោក អ៊ូ វីរៈ បន្ត​ថា ប្រទេស​កម្ពុជា​គប្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជា​មួយ​ប្រទេស​វៀត​ណាម​នេះ​ជា​លក្ខណៈ​ទ្វេ​ភា​គី​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ប្តឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ។ លោក​ថា “ព្រំ​ដែន​គោក​ ខ្ញុំ​​មើល​ទៅ​មូល​ដ្ឋាន​របស់​យើង​មាន​តិច​តួច​មែន​ទែន​។ ប៉ុន្តែ​បើសិន យើង​ពឹង​ថា ស្អី​ក៏​យើង​ដាក់​ទៅ​អង្គការ​សហ​ប្រជា​ជាតិ ខ្ញុំ​មើល​ទៅ​វា​មិន​រួច​ទេ​! ហើយ​ភា​គី​វៀត​ណាម ​យើង​នៅ​ជជែក​គ្នា​បាន​អញ្ចឹង​!ការ​តវ៉ា​ទាំង​ឡាយ​ គឺ​​គួរ​តែ​តវ៉ា​ជា​ទ្វេ​ភា​គី​​សិន​”​។

នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា​នេះ​ដែរ អ្នក​ជំនាញ​ព្រំ​ដែន​នៅ​ប្រទេស​បារាំង​ប្រកាស ច្រាន​ចោល​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​របស់​រដ្ឋា​ភិបាល​ជា​មួយ​ផែន​ទី​ដែល​បាន​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ ដោយ​ចោទ​ថា​កា​រផ្ទៀង​ផ្ទាត់​នោះ​គ្មាន​ភាព​ត្រឹម​ត្រូវ ​និង​ជំ​រុញ​​ឲ្យ​កម្ពុជា​ត្រូវ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជា​មួយ​វៀត​ណាម​។

ក្រុម​ប្រឹក្សាឃ្លាំ​មើល​កម្ពុជា​ អះ​អាង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ចុះ​ថ្ងៃទី​២៦​ខែ​សីហា​ ឆ្នាំ​២០១៥​នេះ​ថា​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម ​ធ្វើ​ឡើយ​ដោយ​រាជ​បណ្ឌិត​សភា​កម្ពុជា​របស់​រដ្ឋា​ភិបាល​នា​ពេល​ថ្មី​ៗ​នេះ​ ផ្អែក​លើ​មូល​ដ្ឋាន​ផែន​ទី​មិន​ត្រឹម​ត្រូវ​ បំភាន់​និង​ក្លែង​បន្លំ​លើ​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ពាក់​ព័ន្ធ​នឹង​ផែន​ទី​ព្រំ​ដែន​ដូច​មាន​ក្នុង​កំណត់​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​។

​ក្រុម​​ប្រឹក្សា​ឃ្លាំ​មើល​បញ្ជាក់​ថា ផែន​ទី​ខ្ចី​ពី​អង្គការ​សហ​ប្រជា​ជាតិ​យក​មក​ផ្ទៀង​ផ្ទាត់​នេះ​ ជា​ផែន​ទី​សម័យ សង្គ្រាម​វៀត​ណាម​UTM​​ចំនួន​១៨​ផ្ទាំង ដែល​អ្នក​ជំនាញ​ព្រំ​ដែន​នៅ​ក្រៅ​ប្រទេស​ចាត់​ទុ​ក​ថា​ មិន​បាន​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ផែន​ទី​ដើម​របស់​កម្ពុជា​ ដែល​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ទេ​។

សូម​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក ហោ ណាំហុង ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថាន​ការណ៍​​នយោ​បាយ​ជុំ​វិញ​បញ្ហា​ព្រំ​ដែន​កម្ពុជា វៀត​ណាម​កំពុង​ដែល​កើន​កម្ដៅ​ខ្លាំង​​ដោយ​ក្នុង​នោះ​រដ្ឋា​ភិបាល​បាន​ចាប់​ខ្លួន​មន្ត្រី និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ដាក់​ពន្ធ​នា​​គារ​​។ ទោះ​បី​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​ខ្លះ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​ព្រំ​ដែន​ក្ដី ក៏​អ្នក​សង្កេត​ការណ៍​យល់​ថា ​ជា​ការ​បំបិទ​មាត់​អ្នក​ប្រឆាំង​មិន​ឲ្យ​រិះ​គន់​បញ្ហា​ព្រំ​ដែន​នេះ​៕​

Share

Image
Image
Image