en     km
en     km

លោក សម រង្ស៊ី អំពាវនាវជាថ្មីកុំឱ្យពលរដ្ឋទៅបោះឆ្នោត ខណៈ គជប កំពុងអូសទាញអ្នកទៅបោះឆ្នោត

Share

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចល នាសង្គ្រោះជាតិ បានអំពាវនាវទៅកាន់ពលរដ្ឋឱ្យធ្វើពហិការកុំចេញទៅបោះឆ្នោតនាខែកក្កដាខាងមុខ ប្រសិនបើគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមនោះ។ ការអំពាវនាវរបស់លោក សម រង្ស៊ី ជាថ្មីនេះ ក៏ស្របគ្នាជាមួយស្ថាប័នរៀបចំការបោះឆ្នោត (គ ជ ប) កំពុងតែបើកយុទ្ធនាការចុះអប់រំពលរដ្ឋឱ្យចេញទៅបោះឆ្នោតផងដែរ។

 

                                                ​​លោក សម រង្ស៊ី និយាយក្នុងឃ្លីវិដេអូកាលពីថ្ងៃទី០៤​ឧសភា ឆ្នាំ២០១៨។

 

អតីតប្រធានគណបក្សប្រឆាំង និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេសគឺលោក សម រង្ស៊ី បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋធ្វើពហិការកុំចេញទៅបោះឆ្នោតនាពេលខាងមុខ ព្រោះថាការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ គឺជាការបោះឆ្នោតក្លែងក្លាយ គ្មានការទទួលស្គាល់ពីអន្តរជាតិ ប្រសិនគ្មានបក្សសង្គ្រោះជាតិចូលរួម។

ក្នុងឃ្លីបវីដេអូរយៈពេលជាង ៥ នាទីដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីល្ងាចថ្ងៃទី០៤ ឧសភា ក៏បានទាមទារឱ្យដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងទាមទារឱ្យមានវត្តមានគណបក្សសង្គ្រោះជាតិអាចមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិបាន។

សម្រាប់លោក សម រង្ស៊ី ការដែលពលរដ្ឋពហិការមិនចេញទៅបោះឆ្នោត គឺប្រៀបបានការដកភាពស្របច្បាប់ចេញពីការបោះឆ្នោតក្លែងក្លាយ ក្នុងរបបផ្តាច់ការ បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិកំពុងថ្កោលទោស។

ជាងនេះទៀតលោក សម រង្ស៊ី បានវាយប្រហារទៅលើគណបក្សដែលទើបបង្កើតថ្មីថា គឺបង្កើតឡើងដើម្បីលំអឆាកនយោបាយ តែប៉ុណ្ណោះ ហើយគណបក្សតូចៗទាំងនេះនឹងរលាយខ្លួនទៅវិញក្រោយការបោះឆ្នោត។ លោក សម រង្ស៊ី បន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋមិនចេញទៅបោះឆ្នោតក៏រដ្ឋអំណាចមិនអាចធ្វើអ្វីបានដែរ ព្រោះការចេញទៅបោះឆ្នោត ឬមិនចេញទៅបោះឆ្នោតជាសិទ្ធិសេរីភាពរបស់ប្រជាជន។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះលោក សម រង្ស៊ី បានបញ្ចេញសារនយោបាយជាច្រើន ដោយអំពាវនាវដល់ពលរដ្ឋកុំចេញទៅបោះឆ្នោត។ ជាងនេះទៀតលោកក៏គ្រោងបោះពុម្ភៈខិត្តប័ណ្ណ១០ម៉ឺនសន្លឹកសម្រាប់ចែកជូនពលរដ្ឋ​ ដោយភ្ជាប់សារនយោបាយកុំឱ្យពលរដ្ឋទៅបោះឆ្នោត។

ទំនងជាការឆ្លើយតបទៅនឹងសកម្មភាពលោក សម រង្ស៊ី ខាងលើ មន្រ្តីនៃស្ថាប័នរៀបចំការបោះឆ្នោតបានបើកនូវយុទ្ធនាការចុះអូសទាញប្រជាជនទៅបោះឆ្នោតនៅខែកក្កដាខាងមុខ។

                                ​លោក ស៊ិក ប៊ុនហុក កំពុងថ្លែងទៅកាន់ពលរដ្ឋក្នុងខេត្តតាកែវ ពីដំណើរនៃការបោះឆ្នោត។

 

តាមរយៈទំព័រហ្វេសប៊ុករបស់ គ ជ ប កាលពីម្សិលមិញលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកយុទ្ធនាការជាលើកដំបូង ក្នុងខេត្តតាកែវ ដើម្បីអបអរ និងពន្យល់ដល់ក្រុមគ្រូបង្រៀនសិស្ស និងនិស្សិតជាច្រើនអំពីដំណើរការ និងនីតិវិធីនៃការបោះឆ្នោតជាតិនា ខែកក្កដា ខាងមុខ។

ចំណែកសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីម្សិលមិញ ក៏បានថ្កោលទោសចំពោះជនមួយចំនួនដែលកំពុងឃោសនាញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ដោយសម្តេចថា ការធ្វើសកម្មភាពបែបនេះគឺជាទង្វើខុសច្បាប់។ បើទោះបីជាសម្តេចមិនបានបញ្ជាក់ឱ្យចំឈ្មោះជននោះក្តី តែករណីគេអាចសន្និដ្ឋានបានថា សម្តេចទំនងធ្វើការឆ្លើយតបទៅនឹងសកម្មភាពរបស់លោក សម រង្ស៊ី ដែលបានអំពាវនាវឱ្យពលរដ្ឋធ្វើពហិការកុំចេញទៅបោះឆ្នោតនោះ។

បើតាមការសរសេររបស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ និងសេចក្តីប្រកាសរបស់ គ ជ ប កាលពីពេលថ្មីនេះ រាល់សកម្មភាពញុះញង់ដោយបំណងទុច្ចរិត ធ្វើសកម្មភាពរារាំងប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោត គឺជាទង្វើរំលោភលើមាត្រា ៣៤ នៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការការជ្រើសតាំងតំណាងរាស្រ្តត្រង់មាត្រា ១៤២ ។

បើតាមផ្លូវច្បាប់សកម្មភាពឃោសនាញុះញង់ដល់ប្រជាពលរដ្ឋមិនចេញទៅបោះឆ្នោតនេះ គឺអាចប្រឈមមុខពិន័យជាប្រាក់ ១០លានរៀល ដល់ ២០លានរៀល ដោយពុំទាន់រាប់បញ្ជូលទោសព្រហ្មទណ្ឌនៅឡើយនោះទេ។

រីឯករណីពាក់ព័ន្ធគម្រោងបោះពុម្ពខិត្តប័ណ្ណរបស់លោក សម រង្ស៊ី វិញ មន្រ្តី គ ជ ប បានបញ្ជាក់ប្រាប់សារព័ត៌ក្នុងស្រុកថា សកម្មភាពនេះជាទង្វើផ្ទុយពីច្បាប់ ដែលត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់។ ជាងនេះទៀត មន្រ្តី គ ជ ប ក៏បានព្រមានពីការទទួលខុសត្រូវផ្លូវច្បាប់ផងដែរ ចំពោះអ្នកលេងបណ្តេញសង្គមហ្វេសប៊ុកដែលចូលខ្លួនពាក់ព័ន្ធករណីនេះ។

ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ដែលជំរុញឱ្យពលរដ្ឋធ្វើពហិការមិនចេញទៅបោះឆ្នោតនេះ អ្នកវិភាគនយោបាយមើលឃើញថា ប្រសិនបើរឿងនេះជោគជ័យមែននោះ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់ភាពអាចជឿជាក់បាននៃការបោះឆ្នោត និងភាពស្របច្បាប់នៃរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត៕

Share

Image
Image
Image