en     km
en     km

លោក សម រង្ស៊ីថា ចិនមិនខ្វល់ចំពោះការឈឺចាប់របស់ប្រជារាស្ត្រនៃប្រទេសជិតខាងទេ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ប្រទេសចិនមិនខ្វល់ចំពោះការឈឺចាប់របស់ប្រជារាស្ត្រនៃប្រទេសជិតខាងនោះទេ ឱ្យតែខ្លួនត្រូវបានត្រួតត្រាប្រទេសទាំងនោះ ។ នាយករដ្ឋមន្ត្រីកម្ពុជាថា ទំនាក់ទំនងចិនកម្ពុជានឹងផ្ដល់ឱ្យកម្ពុជានូវកំណើនសេដ្ឋកិច្ច ហើយមិនប៉ះពាល់ដល់ឯករាជ្យនោះទេ ។ តែអ្នកវិភាគព្រួយបារម្ភចំពោះទំនាក់ទំនងចិន និងកម្ពុជាជាខ្លាំង ខណៈមានការកើនឡើងគួរកត់សម្គាល់ ។

រាយការណ៍ដោយ លោក សោម លាភ

 

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនបែបនេះ នៅរសៀលថ្ងៃទី​ ២ ឧសភា ដោយភ្ជាប់ជាមួយដំណរបស់ការសែត The Geopolitics ក្រោមចំណងជើងថា «កម្ពុជា ជាប់អន្ទាក់ ក្នុងគម្រោងវិនិយោគ របស់ប្រទេសចិន» ។  

លោក សម រង្ស៊ី សរសេរថា ចិនគាំទ្រមេដឹកនាំដែលមានលក្ខណៈផ្ដាច់ការ​ ។ លោកថា ប្រទេសចិន មិនខ្វល់ខ្វាយទេ ចំពោះការឈឺចាប់របស់ប្រជារាស្ត្រ នៃប្រទេសជិតខាង ឲ្យតែខ្លួនបានត្រួតត្រាប្រទេសទាំងនោះ ។

ទំនាក់ទំនងរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ។ ភាគីចិន នាពេលថ្មីៗ បានបង្ហាញជំហថា និងជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសគឺផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

អ្នកវិភាគនយោបាយនៅកម្ពុជាថា ទំនាក់ទំនងរវាងកម្ពុជាចិន កាន់តែស៊ីជម្រៅខ្លាំង ខណៈប្រទេសលោកខាងលិច ទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ និងគម្រាមការដកការអនុគ្រោះពន្ធផ្សេងៗ ។

លោកបណ្ឌិតមាស នី ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា កម្ពុជាក្នុងចំណោមប្រទេសផ្សេងៗ នៃសមាជិកអាស៊ានថា គឺជារដ្ឋដែលចម្លែកជាគេ ខណៈបង្កើនទំនាក់ទំនងជាមួយចិនជាគំហក ។

លោកបណ្ឌិត បន្ថែមថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិនជាខ្លាំង ដែលខុសពីការលើកឡើងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីមុនថា កម្ពុជានឹងរៀនរស់ដោយខ្លួនឯង ប្រសិនបាត់បង់ EBA ។

អ្នកវិភាគរូបនេះថា ទំនាក់ទំនងជិតស្និតនេះ តទៅថ្ងៃមុខ នឹងធ្វើឱ្យមានភាពស្មុគស្មាញទៅលើប្រជាធិបតេយ្យ និងភាពឯករាជ្យភាពនៃកម្ពុជា ។

ជាងនេះលោកថា ទំនាក់ទំនងនេះ ក៏អាចនឹងធ្វើឱ្យមានភាពល្អក់កកររវាងកម្ពុជា និងអាមេរិក ។

យ៉ាងណា កាសែត The Geopolitics បានសរសេរថា ប្រទេសក្រីក្រ រួមមានកម្ពុជា ប្រាកដណាស់ថានឹងទទួលហានីភ័យផ្សេងៗជាច្រើន ប្រសិនបើនៅតែបន្តខ្ចីលុយពីប្រទេសមហាអំណាចចិន ។

លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ធ្លាប់មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា កម្ពុជាគួរកាត់បន្ថយកម្ចីពីចិន ព្រមទាំងពិនិត្យលក្ខខ័ណ្ឌឱ្យបានម៉ត់ចត់ទៅលើកម្ចីទាំងនោះ ហើយប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងថាដើម្បីកុំឱ្យពលរដ្ឋមានការព្រួយបារម្ភអំពីទំនាក់ទំនងកម្ពុជា និងចិនឡើយ ។ សម្ដេចថា ចិនមិនមាននយោបាយជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាទេ ហើយបើទោះបីជាមាន ក៏កម្ពុជាមិនព្រមដែរ ។ នាយករដ្ឋមន្ត្រីកម្ពុជា ហៅភាគីចិនថា ជាមិត្តដែកថែបជាមួយកម្ពុជា ហើយទំនាក់ទំនងនេះមានតែធ្វើឱ្យកម្ពុជាចំណេញច្រើនផ្នែកសេដ្ឋកិច្ច ៕

អត្តបទដោយ៖ សោម លាភ  

Share

Image
Image
Image