en     km
en     km

លោក សម​ រង្ស៊ី ធានាបញ្ចុះបញ្ចូលអន្តរជាតិដកសម្ពាធពីកម្ពុជាបើសម្ដេច ហ៊ុន សែន ស្តារប្រជាធិបតេយ្យឡើងវិញ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសនៅចំពោះមុខសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកថា លោកនឹងបញ្ចុះបញ្ចូលអន្តរជាតិ ជាពិសេសគឺសហភាពអឺរ៉ុប ឱ្យដកសម្ពាធ និងទណ្ឌកម្មពីកម្ពុជាវិញ ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការធ្វើតាមតម្រូវការដែលអន្តរជាតិចង់បាន ។ តែយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចថា លោក សម រង្ស៊ី គ្មានឥទ្ធិលអ្វីទៅលើសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកទេ ។

រាយការណ៍ដោយ លោក សោម លាភ

 

សហភាពអឺរ៉ុប ត្រៀមនឹងដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA ពីកម្ពុជានៅពេលខាងមុខនេះ ប្រសិនបើកម្ពុជា មិនធ្វើតាមការស្នើរបស់អន្តរជាតិមួយនេះ អោយមានវត្តមានគណបក្សង្រ្គោះជាតិឡើងវិញ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ  បានប្រកាសខ្លួនឯងថាជាអ្នកសកម្មដែលបញ្ចុះបញ្ចូលឱ្យអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ច ។

ថ្មីៗនេះ លោកក៏បានសរសេរលើទំព័រហ្វេសបុករបស់លោកថា សហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធពីកម្ពុជា គឺជាវិធានការមួយដ៏ត្រឹមត្រូវ ហើយលោក បានអរគុណដល់សហភាពអឺរ៉ុបផងដែរចំពោះចំណាត់ការបែបនេះ ។

លោកថា ប្រជាពលរដ្ឋខ្មែរសុខចិត្តអត់ទ្រាំមួយរយៈពេលខ្លី ពីការលំបាកខ្លះ ដែលអាចបណ្តាលមកពីការព្យួរកម្មវិធីអនុគ្រោះពន្ធ EBA  ។

ប្រធានស្ដីទីអតីតគណបក្សនេះថា កម្ពុជានឹងទទួលបានអនាគតភ្លឺថ្លា ពេលណាប្រទេសនេះ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។  

យ៉ាងណា លោក សម រង្ស៊ី បានប្រកាសជាថ្មីតាមរយៈវីដេអូបង្ហោះជាសាធារណៈកាលពីថ្ងៃ ២៧ មករា ថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជា​ ធ្វើតាមការស្នើសុំពីអន្តរជាតិ ស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីបញ្ចៀសទណ្ឌកម្មអន្តរជាតិ លោកនឹងបញ្ចុះបញ្ចូលអន្តរជាតិឱ្យដកសម្ពាធពីកម្ពុជា ហើយបន្ថែមទីផ្សារ និងជំនួយឱ្យកាន់តែទូលំទូលាយសម្រាប់កម្ពុជាផងដែរ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបន្តទៀតថា ខណៈពេលនេះមិនទាន់ហួសពេលនោះទេ សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជាចរចាជាមួយអន្តរជាតិ ។

លោក សម រង្ស៊ីថា ប្រសិនបើសម្ដេច ហ៊ុន សែន ចរចាជាមួយអន្តរជាតិ កម្ពុជានឹងមានតែចំណេញ ។

តែយ៉ាងណា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ២៩ មករានេះថា  រឿងនេះមិនអាចទៅរួចទេព្រោះសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ជាចៅហ្វាយរបស់លោក សម រង្ស៊ី ។

លោក សម រង្ស៊ី តែងតែលើកយក៥ ចំណុច ឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយ គឺដោះលែងលោក កឹម សុខា,  ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ, ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ, សងគណបក្សសង្គ្រោះជាតិវិញ នូវតំណែងដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ, បោះឆ្នោតឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ។

មន្ត្រីជាន់ខ្ពស់របស់ស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ ពិសេសគឺសម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងអនុវត្តតាមគោលនយោបាយដែលខ្លួនមាន ។ យ៉ាងណា កម្ពុជាមិនធ្វើតាមតម្រូវការរបស់អន្តរជាតិណាមួយនោះទេ ប្រសិនបើការធ្វើទៅនោះ នឹងប៉ះពាល់ដល់បូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ ។

សម្ដេច ហ៊ុន សែន ក៏ធ្លាប់ប្រកាសដែរថា ប្រទេសណា ដែលដាក់ទណ្ឌកម្មមកលើកម្ពុជា ប្រទេសនោះគា្មសិទ្ធិនិយាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ជាងនេះ សម្ដេចថា នឹងកម្ទេចបក្សប្រឆាំងផងដែរប្រសិនបើមានទណ្ឌកម្មមែននោះ ។

ក្រោមហេតុផល ក្រោមការតវ៉ាពីសមាគមស្រូវអង្ករ នៃប្រទេសអ៊ីតាលី និងអេស្ប៉ាញ សហភាពអឺរ៉ុបបានដកការអនុគ្រោះពន្ធនាំចូលអង្ករពីកម្ពុជា ធ្វើឱ្យកម្ពុជាខាតបង់លើការចំណាយលើពន្ធប្រមាណជាង ៥០ លានដុលា្លរក្នុងមួយឆ្នាំ ។

តែជាងនេះ សហភាពអឺរ៉ុប ក៏បានត្រៀមដកការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធពីកម្ពុជាផងដែរ។ តែយ៉ាងណា តាមរយៈសាររបស់លោក លោកស្រី  Cecilia malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបថា ពេលនេះអឺរ៉ុបនៅតែរក្សាការចរចាជាមួយកម្ពុជាលើករណីEBA នេះ ។

សហរដ្ឋអាមេរិក ក៏បាននឹងកំពុងតែដំណើរការដកការអនុគ្រោះពន្ធទូទៅពីកម្ពុជាផងដែរ ។

ការដកការអនុគ្រោះពន្ធពីកម្ពជា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យកម្ពុជាចំណាយលើពន្ធប្រមាណជា ១០០០ លានដុល្លារអាមេរិក។

ចំពោះបញ្ហានេះ លោកសមរង្ស៊ី បានសរសើរនិងអរគុណ សហភាពអឺរ៉ុបដែល មានវិធាន​ការដើម្បីស្ដារលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា។ លោកសមរង្ស៊ីក្នុងនាមជាប្រធានស្ដីទីនៃ​គណបក្សសង្រ្គោះជាតិ ត្រូវគេរំពឹងថា លោកនឹងវិលចូលកម្ពុជា វិញនៅដើម​ឆ្នាំ​២០​១៩នេះ។

អ្នកវិភាគព្យាករណ៍ថា វត្តមានរបស់លោកសមរង្ស៊ី អាចធ្វើឱ្យកម្ពុជា បញ្ច​ប់​បាន​នូវ​វិប​ត្តិនយោបាយហើយកម្ពុជា និងសហភាពអឺរ៉ុប អាមេរិកអាចនឹងមាន​ទំនាក់​ទំនង​ល្អ​ប្រសើរនឹងគ្នាឡើងវិញ  ៕

អត្តបទដោយ៖​ សោម លាភ

Share

Image
Image
Image