en     km
en     km

លោក សម​ រង្ស៊ីថាអាមេរិកបង្កើតច្បាប់បីទៀត ដើម្បីដាក់សម្ពាធលើកម្ពុជា

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងថា សហរដ្ឋអាមេរិក បានបង្កើតច្បាប់បី ដើម្បីដាក់សម្ពាធមកលើកម្ពុជា គឺច្បាប់ដាក់សម្ពាធលើមន្ត្រីកម្ពុជា​ និងច្បាប់ស្ដីការរឹតបន្ដឹងការនាំចូលទំនិញទៅប្រទេសនេះ ។ ជុំវិញការដាក់សម្ពាធមកលើមន្ត្រីកម្ពុជា កម្ពុជាបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអាមេរិក ។ អ្នកវិភាគថា កម្ពុជាគួរពិចារណាលើការទទួចរបស់អន្តរជាតិ ដើម្បីចៀសពីសម្ពាធ និងទណ្ឌកម្ម ។

រាយការណ៍ដោយ លោក សោម លាភ

ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ថ្លែងថាសហរដ្ឋអាមេរិក បានបង្កើតច្បាប់ដាក់សម្ពាធជាបន្តបន្ទាប់មកលើកម្ពុជា រួមទាំងមន្ត្រីមួយចំនួន ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ លោកថាច្បាប់ទាំងនោះរួមមាន ច្បាប់ Global Magnitsky Act, Cambodia Trade Act និងច្បាប់ជម្រុញឱ្យកម្ពុជា និងប្រទេសដទៃទៀតគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ។

យ៉ាងណា លោកបន្ថែមថា អឺរ៉ុបវិញ ក៏យកគម្រូនៃច្បាប់ Global Magnitsky Act របស់អាមេរិក មកអនុវត្តន៍ផងដែរ ។

លោកថា អាមេរិក និងអឺរ៉ុប ដាក់សម្ពាធមកលើកម្ពុជានេះ គឺជាលើកទី១ ហើយ ខណៈលោកក៏ថាជាលើកទីមួយដែរ ដែលកម្ពុជាមានអ្នកដឹកនាំមិនគោរពប្រជាធិបតេយ្យ ។

លោក សម រង្ស៊ី បន្ថែមថា ការដែលអាមេរិក និងអឺរ៉ុប ដាក់សម្ពាធបែបនេះ ដោយសារតែអន្តរជាតិទាំងនេះ ទាមទារឱ្យកម្ពុជាស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ដោយទម្លាក់បទចោទទៅលើមន្ត្រីទាំងអស់នៃអតីតគណបក្សសង្គ្រោះជាតិ ។

យ៉ាងណាក្ដី កម្ពុជានាពេលនេះ គឺសម្ដេច ហ៊ុន សែន បានបញ្ជាឱ្យមានការដាក់ឱ្យអ្នកដែលគាំទ្រដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។ ជាងនេះ ក៏មានការបន្ធូរបន្ថយលក្ខខ័ណ្ឌតុលាការដល់លោក កឹម សុខា ហើយក៏មានការកំណត់កាលបរិចេ្ឆទដំណើរការជំនុំជម្រះលើរឿងក្ដីលោក កឹម​ សុខាផងដែរ ។

អ្នកវិភាគតែងតែលើកឡើងថា កម្ពុជាគួរពិចារណាលើការទទួចរបស់អន្តរជាតិ ដើម្បីចៀសពីសម្ពាធ និងទណ្ឌកម្ម ។

ពាក់ព័ន្ធនឹងការដាក់សម្ពាធ ឬទណ្ឌកម្មដល់មន្ត្រីកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបញ្ចប់ទិដ្ឋការ ឬវីសារមិនឱ្យលោក ទ្រី ភាព និង លោក គន់ គីម ព្រមទាំងសមាជិកគ្រួសាររបស់មន្ត្រីជនខ្ពស់រូបនេះចំនួន៣នាក់ទៀត មិនឲ្យជាន់ទឹកដីសហរដ្ឋអាមេរិក ។ ក្រសួងការបរទេសកម្ពុជាថានេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាព នៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ។

សម្ដេច ហ៊ុន សែន ធ្លាប់អះអាងថា កម្ពុជាមានប្រជាធិបតេយ្យពេញលេញ អនុវត្តន៍ប្រជាធិបតេយ្យតាមបែបកម្ពុជា ហើយមិនប្រជាធិបតេយ្យស្តង់ដាអាមេរិកឡើយ ។

សម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៦ ធ្នូនេះ អះអាងថាកម្ពុជាមានសន្តិភាព ស្ថេរភាព ប្រជាធិបតេយ្យមកដល់ពេលនេះ ក៏ដោយសារតែនយោបាយឈ្នះ‑ឈ្នះរបស់សម្ដេច ដែលធ្វើឱ្យខ្មែរគ្រប់ភាគីចូលតុចរចាដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី ។

បើតាមលោក សម​ រង្ស៊ី ច្បាប់របស់អាមេរិក ដែលលោកទទួលបានកាលពីប្រជុំនៅទីក្រុងវ៉ាស៊ីងតុន លោកថា ច្បាប់ Cambodia Trade Act នឹងមិនធ្វើឱ្យការនាំចូលទំនិញពីកម្ពុជាចូលទៅសហរដ្ឋអាមេរិក មានភាពងាយស្រួលឡើយ ខណៈអាមេរិកក៏កំពុងដំណើរការដកការអនុគ្រោះពន្ធនាំចូលទំនិញទូទៅ ឬGSP ពីកម្ពុជា ។

សម្ដេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត​ ថាលែងខ្វល់ចំពោះការអនុគ្រោះពន្ធទៀតហើយ ពីអឺរ៉ុបក្ដី ឬអាមេរិកក្ដី ។ បើទោះបីជាបែបណាក៏ដោយ ក៏កម្ពុជានៅតែនាំចូលទំនិញទៅអន្តរជាតិទាំងនេះដដែល ។

ចំពោះការដាក់សម្ពាធដូចជាការបង្កកទ្រព្យសម្បត្តិ ឬបិទទិដ្ឋាការជាដើម សម្ដេច ហ៊ុន សែនពន្យោះឱ្យធ្វើកិច្ចការនឹងដោយមិនចាំបាច់ច្បាប់ចូលជាធរមានក៏បាន ៕

Share

Image
Image
Image