en     km
en     km

លោក គឹម​ សុខ៖ បើលោក សម រង្ស៊ីមិនមកកម្ពុជា នោះនាយករដ្ឋមន្ត្រីនឹងធ្លាក់ចូលអន្ទាក់លោក

Share


ភ្នំពេញ៖ លោក គឹម សុខ ថា សម្ដេច ហ៊ុន សែន​ នឹងចូលក្នុងអន្ទាក់របស់លោក សម រង្ស៊ី ប្រសិនបើលោក សម រង្ស៊ី មិនចូលមកកម្ពុជាវិញ ដោយគ្រាន់តែនៅក្នុងប្រទេសអាស៊ី ។ សម្ដេច ហ៊ុន សែន បានប្រកាស ថាកម្ចាត់ ចោទប្រកាន់ និងចាប់ខ្លួនក្រុមលោក សម រង្ស៊ី និងអ្នកគាំទ្រជាបន្តបន្ទាប់ ហាក់ដូចជាការគម្រាមកុំឱ្យលោក សម រង្ស៊ី​ វិលចូលកម្ពុជា ។ ក្រុមលោកសម រង្ស៊ី ថានឹងមកកម្ពុជាឱ្យខានតែបាននៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
រាយការណ៍ដោយលោក សោម​ លាភ


លោក គឹម សុខ អ្នកវិភាគនយោបាយដែលកំពុងនិរទេសខ្លួនពីកម្ពុជាទៅប្រទេសហ្វាំងឡង់ បានសរសេរលើទំព័រហ្វេសបុកនៅថ្ងៃទី ៨ តុលាថា ប្រសិនបើលោក សម រង្ស៊ី មិនវិលចូលកម្ពុជានោះទេ សម្ដេច ហ៊ុន សែន នឹងធ្លាក់ចូលក្នុងអន្ទាក់របស់លោក សម រង្ស៊ី ។
ជាចំណុចចាប់ផ្ដើម លោក គឹម សុខ បានសរសេរដោយចោទជាសំណួរថា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន តើអ្នកណាចូលអន្ទាក់នរណា?
សំណួរនេះ លោកបានឆ្លើយដោយលើកឡើងនូវពីរចំណុច ។
យ៉ាងណាលោកបកស្រាយក្នុងចំណុចទីមួយន័យដើមថា «បើ៩វិច្ឆិកា គ្រាន់តែជាយុទ្ធសាស្ត្រដំណើរទេសចរណ៍នយោបាយរបស់លោក សម រង្ស៊ី ក្នុងប្រទេសអាស៊ី អើតៗមើលកម្ពុជា នោះកម្ដៅនយោបាយបច្ចុប្បន្ន អាចរាប់ថា លោក ហ៊ុន សែន ចូលអន្ទាក់លោក សម រង្ស៊ី ហើយ ព្រោះលោក សម រង្ស៊ី បានសម្រេចបំណងរបស់គាត់ ក្នុងការរុញឲ្យលោក ហ៊ុន សែន លោតកញ្ឆែង ប្រើកងទ័ពលែងដឹងខុសត្រូវ រអិលធ្លាក់ក្នុងស្ថានការណ៍នយោបាយជាតិតឹងតែងបំផុតនៅមុនថ្ងៃ៩វិច្ឆិកា» ។
លោក គឹម សុខបន្ថែមថា ករណីនេះ អាចបើកលទ្ធភាពឱ្យលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ មិនបាច់ចូលកម្ពុជាដោយចេញមុខពន្យល់អ្នកគាំទ្រថា ៖ «បើខ្ញុំ(សម រង្ស៊ី)ពិតជាចូលស្រុកតាមកំណត់សន្យា នោះ ហ៊ុន សែន ក្រពុលមុខធ្វើទុក្ខបុកម្នេញលើអ្នកស្រឡាញ់គាំទ្រសម រង្ស៊ី កាន់តែខ្លាំងឡើង ដូច្នេះ សូមផ្អាកដំណើរមាតុភូមិនិវត្តន៍សិន» ។
ផ្ទុយពីនេះ លោក គឹម សុខថា ប្រសិនបើលោក សម រង្ស៊ី វិលចូលកម្ពុជាយ៉ាងពិតប្រាកដនៅថ្ងៃទី ៩ វិច្ឆិកាមែននោះ នោះប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិរូបនេះ នឹងធ្លាក់ចូលក្នុងអន្ទាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ។
លោក សរសេរក្នុងន័យដើមថា «បើ៩វិច្ឆិកា ជាយុទ្ធសាស្ត្រមាតុភូមិនិវត្តន៍ពិតវិញ នោះលោក សម រង្ស៊ី ចូលអន្ទាក់លោក ហ៊ុន សែន ហើយ ព្រោះយុទ្ធវិធីរបស់លោក សម រង្ស៊ី ធ្វើឲ្យលោក ហ៊ុន សែន បង្កើតជាលេសសមទំនង(ទោះមិនពិត) ដើម្បីបន្លាចពលរដ្ឋ និងជាពិសេស បង្ក្រាបបំបាក់ស្មារតីអ្នកគាំទ្រលោក សម រង្ស៊ី ក្នុងទ្រង់ទ្រាយធំជាមុន ជាឧបសគ្គកល់មុខធំណាស់ដល់ដំណើរនិវត្តន៍នៃលោក សម រង្ស៊ី ក្នុងឧបាយកិច្ចកលរបស់លោក ហ៊ុន សែន គ្រប់គ្រងស្ថានភាពគ្រាអាសន្នរបស់ជាតិ» ។
គួររំលឹកថា បើតាមការអះអាងរបស់លោក សម រង្ស៊ី ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ គឺការវិលត្រឡប់មកកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ គឺដើម្បីធ្វើឱ្យមានឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ។
តែយ៉ាងណា សម្ដេច ហ៊ុន សែន និងក្រុមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ប្រកាសយ៉ាងដាច់អហង្ការថា ត្រូវតែប្រឆាំងឱ្យបាននូវវត្តមានរបស់ក្រុមលោក សម រង្ស៊ី ដែលមន្ត្រីទាំងនោះថា ជាក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូររាជរដ្ឋាភិបាល ដែលមិនត្រូវទៅនឹងច្បាប់ ព្រោះច្បាប់តម្រូវឱ្យមានការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព ។​
សម្ដេចនាយករដ្ឋមន្ត្រីថា រាល់សកម្មភាពណា ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ មិនអនុញ្ញាឱ្យកើតឡើងជាដាច់ខាត ។
តែយ៉ាងណា ការដែលក្រុមលោក សម រង្ស៊ីប្រកាសឱ្យពលរដ្ឋងើបឡើងដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលសព្វថ្ងៃនេះ ព្រោះក្រុមមន្ត្រីអតីតគណបក្សប្រឆាំង ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិមួយចំនួនមិនទទួលស្គាល់ការបោះឆ្នោតអាណត្តិទី ៦នេះ ហើយថែមទាំងមិនទទួលស្គាល់រាជរដ្ឋាភិបាល ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៨ តុលាថា ការទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ចុះចេញពីដំណែងគឺជាជម្រើសតែមួយគត់ ហើយថែមទាំងស្របច្បាប់ថែមទៀតផង ។
លោកសរសេរក្នុងន័យដើមថា «ការទាមទារឲ្យ ហ៊ុន សែន ចុះចេញពីតំណែង គឺជាការទាមទារមួយដ៏ស្របច្បាប់ ពីព្រោះគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ ត្រូវបាន ហ៊ុន សែន រំលាយ ហើយ ហ៊ុន សែន មិនយល់ព្រមឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងពេលខាងមុខ។ ដូច្នេះ ការងើបឈរដោយប្រជារាស្ត្រ ដើម្បីផ្តួលរំលំរបបផ្តាច់ការ និងខុសច្បាប់សព្វថ្ងៃ គឺជាជម្រើសតែមួយគត់ សម្រាប់អ្នកប្រជាធិបតេយ្យខ្មែរ ដែលចង់បានការផ្លាស់ប្តូរឈានទៅរកលទ្ធិប្រជាធិបតេយ្យ» ៕

Share

Image
Image
Image