en     km
en     km

លោក កឹម សុខា បួងសួងឱ្យឆ្នាំថ្មីនាំមកនូវសន្តិភាពពិត តែអ្នកនាំពាក្យ CPP ថាសន្តិភាពពិតមានហើយ

Share

ភ្នំពេញ៖ លោក កឹម សុខា បួងសួងនាឱកាសដំណាច់ឆ្នាំ ២០២០ ឱ្យកម្ពុជាឆ្ពោះទៅទំព័រប្រវត្តិសាស្ត្រថ្មី ដែលមានសន្តិភាពពិត ។ អ្នកវិភាគធ្លាប់លើកឡើងថា ពលរដ្ឋកម្ពុជាគ្មានសន្តិភាពផ្លូវចិត្តគ្រប់គ្រាន់នៅឡើយនោះទេ ពិសេសគឺសម្រាប់មន្ត្រី និងសកម្មជនអតីតបក្សប្រឆាំង ។ អ្នកនាំពាក្យបក្សកាន់អំណាចថា សព្វថ្ងៃកម្ពុជាមានសន្តិភាពពិតប្រាកដហើយ សម្រាប់ពលរដ្ឋគ្រប់និន្នាការ ។

រាយកាណ៍ដោយ លោក សោម លាភ

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបថតពីសន្លឹកនៅបណ្ដាញសង្គមហ្វេសបុករបស់លោក ។ រូបទីមួយ គឺជារូបដែលលោកចេញមុខមកជួបនឹងតំណាងទូតពីបណ្ដាប្រទេសមួយចំនួន ក្រោយពេលដែលលោក ត្រូវបានទទួលនូវការបន្ធូរបន្ថយលក្ខខ័ណ្ឌតុលាការ ឱ្យមានសិទ្ធិដើរហើរពេញផ្ទៃប្រទេស ។

រូបភាពទីពីរ គឺជារូបដែលលោកបានជួបប្រជាពលរដ្ឋអ្នកគាំទ្រលោក ដែលបង្ហាញពីក្ដីស្រឡាញ់ នឹងភាពជឿជាក់ទៅលើអ្នកនយោបាយរូបនេះ ខណៈពេលនេះ លោកត្រូវបានតុលាការមិនឱ្យធ្វើសកម្មភាពនយោបាយដូចមុន ។

មិនមែនតែរូបភាពពីរសន្លឹកនោះទេ ដែលលោក កឹម សុខា បង្ហោះលើបណ្ដាញសង្គមនេះ ពោលគឺលោក ក៏បានអមដោយអក្សរប្រមាណ ២ បន្ទាត់កន្លះមកជាមួយផងដែរ ។

អត្តន័យរបស់លោកនោះ បានបញ្ជាក់ថា លោក កឹម សុខា រីករាយនឹងទទួលនូវឆ្នាំថ្មីចូលមកដល់ ឆ្នាំ ២០២០ ។ បន្ថែមពីការស្វាគមន៍រ​បស់លោក កឹម សុខា លោកក៏បានបួងសួងឱ្យទសវត្សថ្មីនាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ និងប្រជាពលរដ្ឋខ្មែរឲ្យទទួលបានសេចក្តីសុខទាំងកាយនិងចិត្ត ។

មានការលើកឡើងពីមន្ត្រីអតីតគណបក្សប្រឆាំង រួមទាំងអ្នកវិភាគមួយចំនួនថា កម្ពុជាគ្មានសន្តិភាពឡើយ ពិសេសគឺសម្រាប់មន្ត្រីនៃអតីតគណបក្សនេះ ខណៈសន្តិភាពមានតែទៅលើមមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីបក្សប្រជាជនកម្ពុជា ។

ជាការឆ្លើយតប លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃជាប្រទេសនីតិរដ្ឋ និងមានសន្តិភាពពេញលេញហើយ ។

ពាក្យថា សន្តិភាពពេញលេញពេញផ្ទៃប្រទេស គេតែងតែឮចេញពីមាត់អ្នកនយោបាយបក្សកាន់អំណាច និងមន្ត្រីរាជរដ្ឋាភិបាល ពិសេសគឺនាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីថាត្រូវតែការពារឱ្យបានជាដាច់ខាតទោះក្នុងរូបភាពណាក៏ដោយ ។

ជាក់ស្ដែងការចាប់ខ្លួនលោក កឹម សុខា នឹងដាក់ពន្ធនាគារដើម្បីស៊ើបសួរ គឺប្រើអស់រយៈពេលយូរ ដែលនេះជាការបំបិទសិទ្ធិសេរីភាពរបស់លោក កឹម សុខា ។

លោក កឹម សុខា ក៏ធ្លាប់លើកឡើងថា លោកគ្មានយុត្តិធម៌នោះទេ ។ លោកធ្លាប់សរសេរលើទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ ។

យ៉ាងណា នៅដើមឆ្នាំថ្មីឆ្នាំ ២០២០ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនការជំនុំជម្រះក្ដីលើរឿងក្ដីលោក កឹម​ សុខា បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចបិទការស៊ើបសួរដោយបញ្ជាក់ថា មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់ហើយលើប្រធានអតីតគណបក្សប្រឆាំងរូបនេះ ។

បើទោះបីជាមិនទាន់ដល់ថ្ងៃកាត់ក្ដីដោយតុលាការលើករណីលោក កឹម សុខា ក៏ដោយ ក៏មានការសន្តិដ្ឋានជាសេណារីយ៉ូពីអ្នកតាមដានការវិវត្តន៍នយោបាយថា តុលាការនឹងកាត់សេចក្ដីឱ្យលោក កឹម សុខា មានទោស បន្ទាប់មកមានការលើកទោស ដោយព្រះមហាក្សត្រ ដើម្បីឱ្យលោក កឹម សុខា អាចធ្វើនយោបាយឡើងវិញ ជាមួយគណបក្សណាមួយថ្មី ឬមិនថ្មី  ឬគណបក្សសង្គ្រោះជាតិ ដោយមិនមានលោក សម រង្ស៊ី ជាដៃគូរនយោបាយទៀតឡើយ ។

អ្វីដែលនៅតែជាមន្ទិលសង្ស័យនោះគឺថា បើសិនជាតុលាការសម្រេចឱ្យលោក កឹម សុខា មានទោសមែន ថាតើលោកទទួលទោសដែរឬទេ ។ បើលោកទទួលទោស នោះលោកនឹងអនុវត្តន៍ទោស ឬលើកលែងទោស ដែលនេះបញ្ជាក់ថា លោកទទួលស្គាល់ថាលោកពិតជាបានប្រព្រឹត្តទង្វើក្បត់ជាតិមែន ។ ក៏មានការលើកឡើងជាការបញ្ចេញទស្សនៈដោយអ្នកប្រើប្រាស់បណ្ដាញសង្គមថា ប្រសិនបើលោក កឹម​សុខា ទទួលស្គាល់ថាលោកប្រព្រឹត្តទង្វើក្បត់ជាតិ ហើយធ្វើនយោបាយឡើងវិញ តើជីវិតនយោបាយរបស់លោកនឹងទៅជាយ៉ាងណា ។

ប៉ុន្តែប្រសិនបើលោកមិនទទួលទោសទេ គឺលោកអាចដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ ដើម្បីឱ្យសម្រេចជាថ្មីម្ដងទៀត ចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ៕  

Share

Image
Image
Image