en     km
en     km

លោក​ អាត់​ ធន់​ សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ​ ដើម្បី​រក​យុត្តិធម៌​ឱ្យ​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​

Share

cover-Ath-Thon-&-former-Capitol-bus-driver
ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​អាត់​ ធន់​ បានឱ្យ​ដឹង​ថា​ លោក​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ​នៅ​ក្នុង​ប្រទេស​ និង​ស្ថានទូត​មួយ​ចំនួន​ទៀត​ ដើម្បី​រក​យុត្តិធម៌​ឱ្យ​អតីត​អ្នកបើកបរ​ឱ្យ​ក្រុមហ៊ុន​រថយន្តក្រុង​ កា​ពី​តូ​ល​ ចំនួន​ ៤៥​ នាក់​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តេញចេញ​ និង​ជំរុញ​ឱ្យ​ដោះ​លែង​អតីត​អ្នកបើកបរ​ពីរ​នាក់​ទៀត​ ដែល​កំពុង​ជាប់​ឃុំ​។​

កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ នេះ​ សហភាព​ការងារ​កម្ពុជា​ និង​តំណាង​មក​ពី​វិស័យ​ ៨​ទៀត​ រួម​មាន​កសិកម្ម​ ឧ​ហ្សា​ហ​កម្ម​ រោងចក្រ​ និង​ដឹក​ជញ្ជូន​  ប្រមាណ​ ១៨០​ នាក់​ បាន​ដង្ហែ​ក្បូន​ដោយ​ម៉ូតូ​ គោលបំណង​ទៅ​សួរសុខទុក្ខ​គ្រួសារ​ជន​ជាប់​ឃុំ​ និង​យក​ថវិកា​មួយ​ចំនួន​ ដែល​សហភាព​ការងារ​កម្ពុជា​ រៃ​អង្គាស​បាន​ ប្រមាណ​ ១០​ លាន​រៀល​ ទៅ​ឱ្យ​អតីត​អ្នកបើកបរ​រថយន្តក្រុង​ ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ដែល​កំពុង​មាន​របួស​ផង​ដែរ​។​

ថ្លែង​ក្នុង​សន្និសីទកាសែត​ នៅ​គេហដ្ឋាន​របស់​អតីត​អ្នកបើកបរ​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ក្នុង​ខណ្ឌ​សែន​សុខ​  លោក​ អាត់​ ធន់​ បានឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ លោក​បាន​ដាក់​ពាក្យបណ្តឹង​មួយ​ចំនួន​ហើយ​ ទៅ​កាន់​ស្ថាប័ន​ផ្សេងៗ​ រួម​មាន​ ស្ថាប័ន​តុលាការ​ ក្រសួង​ការងារ​ អង្គការ​ពលកម្ម​អន្តរជាតិ​ សហជីព​អន្តរជាតិ​ និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ រួច​ហើយ​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ​ បាន​លើក​ឡើង​ថា​ លោក​ក៏​នឹង​បន្ត​ដាក់​ពាក្យបណ្តឹង​ ទៅ​បណ្តា​ស្ថានទូត​ និង​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​ក្រសួងមហាផ្ទៃ​ជាដើម​ ដើម្បី​រក​យុត្តិធម៌​ឱ្យ​អតីត​អ្នកបើកបរ​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទាំង​ ៤៥​នាក់​ដែល​ត្រូវ​បាន​បណ្តេញចេញ​នោះ​។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ អាត់​ ធន់​ បាន​ថ្លែង​ថា​ សហភាព​ការងារ​ នឹង​ធ្វើ​យុទ្ធនាការ​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ឈប់​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​ផង​ដែរ​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ ដែល​អាច​ផ្តល់​យុត្តិធម៌​ដល់​អតីត​អ្នក​បើករថយន្ត​ទាំងនោះ​បាន​  សមាជិក​របស់​សហភាព​ការងារ​ ដែល​មាន​ប្រមាណ​ជិត​ ១០​ ម៉ឺន​នាក់​ និង​ធ្វើការ​តវ៉ា​ ទ្រង់ទ្រាយ​ធំ​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ពី​បញ្ហា​នេះ​។​

លោក​ ថេ​ប​ ពុ​ទ្
លោក​ ថេ​ប​ ពុ​ទ្

អតីត​អ្នក​បើករថយន្ត​ក្រុង​ ឱ្យ​ក្រុមហ៊ុន​កា​ពី​តូល​ លោក​ ថេ​ប​ ពុ​ទ្ធី​ ដែល​បាន​រង​របួស​បែកក្បាល​ បាន​ប្រាប់​ថា​ លោក​បាន​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ សហភាព​ការងារ​ជា​អ្នក​រៀបចំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​ លោក​សង្ឃឹមថា​ នឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ​នេះ​ នៅ​ពេល​ដែល​មានការ​អន្តរាគមន៍​ ពី​ស្ថាន​ប័ន​នានា​ទាំង​ជាតិ​ និង​អន្តរជាតិ​។​

ជុំវិញ​បញ្ហា​នេះ​ WMC​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​ភាគី​ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​នោះ​ទេ​នៅ​ថ្ងៃនេះ​។​

សូម​បញ្ជាក់​ថា​ អតីត​អ្នកបើកបរ​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ៤៥​ នាក់​ដែល​បាន​បណ្តេញចេញ​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ ឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួក​គេ​ចូល​ធ្វើការ​វិញ​ តាំងពី​ចុងឆ្នាំ​២០១៥​។​ នៅ​ថ្ងៃ​ទី​៦​ កុម្ភៈ​ឆ្នាំ​២០១៦​ ការ​តវ៉ា​របស់​អតីត​អ្នកបើកបរ​ទាំងនោះ​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​សមាជិកសមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ភាគច្រើន​បាន​ស្លៀកពាក់​ពណ៌​ខ្មៅ​ និង​ពាក់មួក​សុវត្ថិភាព​ បណ្តាល​ឱ្យ​មាន​របួស​ទាំង​សងខាង​។​

បន្ទាប់​កើត​មាន​អំពើ​ហិង្សា​នោះ​ អតីត​អ្នកបើកបរ​រថយន្តក្រុង​ ២​នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចោទប្រកាន់​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ រារាំង​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​។​ ចំណែក​មន្ត្រី​សហជីព​ចំនួន​ ៤​នាក់​ បន្ថែម​ទៀត​ ក៏​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​ដូច​គ្នា​ផង​ដែរ​៕

Share

Image
Image
Image