en     km
en     km

លោក​ ហ៊ុន​ សែន ថាការ​លើក​ឡើងរបស់​លោក​ សម​ រ​ង្ស៊ី​ ​ជា​ការ​បន្ថោក​ដល់​ការ​ខិតខំ​សិក្សា​របស់​សិស្ស​

Share

HS-reaction
​បន្ទាប់ពី​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លើកឡើងថា​​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​​ មានគុណ​ភាព​អប់រំ​ខ្សោយ​ជាទី​បំផុត​ ហើយ​និស្សិត​ចេញពី​សាលា​អត់​ការងារ​ធ្វើ​ និង​សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​មិនសូវ​មាន​តម្លៃ​នោះ លោក​ ហ៊ុន​ សែន​ ថា​ការ​លើក​ឡើង​នោះ​ជា​ការ​បន្ថោក​ដល់​ការ​ខិតខំ​សិក្សា​របស់​សិស្សានុសិស្ស​ និង​កាន់តែ​ធ្វើ​ឱ្យ​សិស្ស​និស្សិត​ធ្លាក់​ទឹកចិត្ត​មិន​ខំប្រឹង​សិក្សា​។​

​នាយក​រដ្ឋមន្ត្រី​ លោក​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​ ការ​លើក​ឡើង​នោះ​ ជា​ការ​និយាយ​បែប​វាយប្រហារ​កេង​ចំណេញ​នយោបាយ​ ដោយ​បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះ​ដឹង​ខ្លាំង​មួយ​ចំនួន​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ចោទសួរ​ទៅ​វិញ​ដែរ​ថា​ ឬ​មួយ​ក៏​ពួក​គេ​ចង់ឱ្យ​យុវជន​ សិស្ស​និស្សិត​កុំ​រៀន​ ហើយ​រង់ចាំ​ទាល់តែ​ក្រុម​ខ្លួន​បាន​ជាប់​ឆ្នោត​សិន​ ទើប​សញ្ញាបត្រ​មាន​តម្លៃ​។​

លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ទាក់ទង​នឹង​ការ​ឆ្លើយឆ្លង​គ្នា​ដោយ​ប្រយោល​រវាង​អ្នកនយោបាយ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​គុណភាព​អប់រំ​នៅ​កម្ពុជា​នេះ​ លោក​ សន​ ជ័យ​ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ យល់​ថា​ ការ​លើក​ឡើង​ថា​សញ្ញាបត្រ​គ្មាន​តម្លៃ​ គឺជា​ការ​លើក​ឡើង​ឆ្លុះ​បញ្ចាំង​តែ​មួយ​ជ្រុង​ ទោះបីជា​ការ​អប់រំ​តាម​បណ្តា​មហាវិទ្យាល័យ​រដ្ឋ​ និង​ឯកជន​មួយ​ចំនួន​នៅ​មាន​ចំណុច​ខ្វះខាត​ តែ​កន្លង​មក​ និស្សិត​កម្ពុជា​ក៏​បាន​ប្រឡង​ជាប់​ ហើយ​បាន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ដែរ​។​

​លោក​ បន្ថែម​ថា​ ការ​លើក​ឡើង​បែប​នេះ​ មិនមែន​ជា​ការ​បំបាត់​ទឹកចិត្ត​ទាំងស្រុង​របស់​សិស្សានុសិស្ស​នោះ​ដែរ​ ព្រោះ​ជា​ការ​រិះគន់​នូវ​ចំណុច​ខ្វះខាត​។​ «​ក្នុង​នាម​ជា​អ្នកចូលរួម​ដើម្បី​ស្ថាបនា​ យើង​ចង់ឱ្យ​អ្នកនយោបាយ​ក្តី​ ឬ​ក៏​សង្គម​ស៊ី​វិល​ក្តី​ហ្នឹង​ លើក​ឡើង​ឱ្យ​មាន​តុល្យភាព​ ធ្វើ​ម៉េច​ឱ្យ​អ្វី​ដែល​ធ្វើ​បាន​អនុវត្ត​ល្អ​ ត្រូវ​លើកទឹកចិត្ត​ ហើយ​អ្វី​ដែល​ខ្វះខាត​ត្រូវ​បាន​បំពេញបន្ថែម​»​។​

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ នា​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ ឆ្នាំ​២០១៥​ នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា​  រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ ក៏​បាន​ប្រតិកម្ម​នឹង​លោក​ សម​ រ​ង្ស៊ី​ ដែរ​ ដោយ​លោក​ថា​ ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ គឺ​មិន​បាន​មើលទៅ​លើ​បញ្ហា​ដែល​កើតឡើង​ក្នុង​សង្គម​កម្ពុជា​៕

Share

Image
Image
Image