en     km
en     km

លោក​ ហ៊ា​ង​ ឫ​ទ្ធី​ បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ ខណៈ​ពេល​លោក​ ម៉​ម​ សូណ​ង់​ដូ​ គ្រោង​ប្តឹង​បក​វិញ​

Share

​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ ហ៊ា​ង​ ឬ​ទ្ធី​ នៅ​តែ​បន្ត​ដាក់​ពាក្យ​ បណ្តឹង​ទៀត​ទៅ​សាលាឧទ្ធរណ៍​ បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​សាលក្រម​កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បដិសេធ​សំណើសុំ​ឱ្យ​ផ្អាក​សកម្មភាព​គណបក្ស​​របស់​លោក​ ម៉​ម​ សូណ​ង់​ដូ​។​

​លោក​ ហ៊ា​ង​ ឫ​ទ្ធី​ អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៃ​WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ថា​ លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ ដោយ​លើក​ទ្បើ​ង​ថា​ មូលហេតុ​ដែល​លោក​ដាក់​ពាក្យបណ្តឹង​បន្ត​ទៀត​នេះ​ ពីព្រោះ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​សំណើ​របស់​លោក​ ដែល​សុំ​ឱ្យផ្អាក​សកម្មភាព​គណបក្ស​សំបុក​ឃ្មុំ​ជា​បណ្តោះអាសន្ន​។​

Cover-Mam-Sonando-&-Heang-Rithy
រូបភាព៖ ហ្វេសប៊ុក

​លោក​បន្ត​ថា​កាលពី​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ កន្លង​មកនេះ​ លោក​បាន​ចូលរួម​សវន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​លោក​ ម៉​ម​ សូណ​ង់​ដូ​ ដោយ​លោក​បញ្ជាក់​ថា​ ចៅក្រម​ប្រាប់​គាត់​ថា​មិន​អាច​ធ្វើ​តាម​សំណូមពរ​លោក​បាន​ទេ​ ដោយ​មូលហេតុ​រឿង​នេះ​វា​ពិបាក​និយាយ​ណាស់​។​

​លោក​ហ៊ា​ង​ ឫ​ទ្ធី​ បាន​បង្ហាញ​គោល​ជំហរ​របស់​គាត់​ទៀត​ថា​ លោក​នៅ​តែ​ដាក់​ពាក្យបណ្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ ដល់ទី​បញ្ចប់​ ពី​ការ​សុំ​ឱ្យ​ផ្អាក​សកម្មភាព​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។​ «​បាទ​!​ ថ្ងៃ​សុក្រ​ស្អែក​នេះ​ ខ្ញុំ​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តីសម្រេច​ចៅក្រម​ ដែល​សម្រេច​មិន​យល់ព្រម​តាម​សំណើ​របស់ខ្ញុំ​ ផ្អាក​សកម្មភាព​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បណ្តោះអាសន្ន​ ហ្នឹង​ គឺ​សុំ​ផ្អាក​ គឺ​ខ្ញុំ​សុំ​ប្តឹង​អ​ញ្ចឹ​ង​បាទ​!​ ខ្ញុំ​នឹង​នៅ​តែ​បន្ត​រហូត​ដល់ទី​បញ្ចប់​ បើ​ទោះបីជា​ខ្ញុំ​ដឹង​ថា​តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ​ក៏​ដោយ​»​។​

​ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​ប្តឹង​របស់​លោក​ ហ៊ា​ង​ ឫ​ទ្ធី​ នេះ​ដែរ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​
ម៉​ម​ សូណ​ង់​ដូ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៃ​ WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែវិច្ឆិកា​នេះ​ដែរ​ថា​ លោក​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​បក​ទៅ​លើ​លោក​ ហ៊ា​ង​ ឫ​ទ្ធី​ វិញ​ ពី​បទ​បរិហា​កេរ្តិ៍​។​ ប៉ុន្តែ​លោក​ ម៉​ម​ សូណ​ង់​ដូ​ ថា​លោក​នឹង​ពិចារណា​ជាមួយ​អ្នកគាំទ្រ​ និង​អ្នក​ដែល​ធ្វើការ​ជាមួយ​លោក​សិន​ មុន​ពេល​លោក​សម្រេច​ថា​ប្តឹង​បក​ទៅ​លើ​លោក​ ហ៊ា​ង​ ឫ​ទ្ធី​ ដោយ​លោក​ថា​មិន​ទាន់​អាច​កំណត់ពេល​ណា​ដែល​ត្រូវ​ប្តឹង​នោះ​ទេ​ ព្រោះថា​ករណី​នេះ​វា​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ទ្បើ​យ​។​

«​ពូ​នៅ​មានការ​ពិចារណា​តើ​បន្ត​អ្វី​ដែល​ពូ​គ្រោងទុក​ បាន​ន័យ​ថា​ប្តឹង​ហ៊ា​ង​  ឫ​ទ្ធី​ ទាក់ទង​ ទៅ​បទ​បរិហារកេរ្តិ៍​ បើ​ប្តឹង​បរិហារកេរ្តិ៍​មាន​ ពីរ​ចំណុច​ ទី​មួយ​ គាត់​បាន​ផ្សព្វផ្សាយ​នៅ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​០៧​  ខែ​១០​ ថា​ពូ​ដក​លោក​ ហេ​ល​រី​ សំអាត​ ពី​តំណែង​អនុប្រធាន​ ហើយ​ការ​ពិត​ពូ​អត់​បាន​ដក​ទេ​ គាត់​ធ្វើ​ឱ្យ​ព័ត៌មាន​ហ្នឹង​ផ្សព្វផ្សាយ​ពេញ​ម៉ា​ពិភពលោក​ ហ្នឹង​ អាហ្នឹង​ជា​ការ​បរិហារកេរ្តិ៍​មួយ​ហើយ​ ទាក់ទង​នឹង​កិត្តិយស​ពូ​ ហើយ​និង​គណបក្ស​ ហើយ​ទី​ពីរ​ ថា​ពូ​ចំណាយ​អី​ផ្តេសផ្តាស​អាហ្នឹង​ការ​បរិហារកេរ្តិ៍​ទី​ពីរ​ដែរ​ ពីព្រោះ​ពូ​មិនមែន​អ្នក​កាន់​លុយ​ណា​ ពូ​ជា​ប្រធាន​ ហើយ​បើសិនជា​លុយ​ចេញ​ លុយ​គឺ​ទាក់ទង​នឹង​ហិ​រញ្ញឹក​»​។​

​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​បន្ត​ទៀត​ថា​បើសិនជា​លោក​ប្តឹង​ លោក​ ហ៊ា​ង​ ឫ​ទ្ធី​ នោះ​ គឺ​លោក​ យក​ចំណុច​ទាំង​ពីរ​ខាងលើ​យក​ទៅ​ប្តឹង​ ដោយ​លោក​បាន​បញ្ជាក់​ថា​ លោក​មិន​ចង់​ប្តឹង​ឱ្យ​មាន​អ្នក​ណា​ជាប់​ពន្ធនាគារ​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ ប្រសិនបើ​គេ​នៅ​តែ​ជាន់​ជើង​លោក​ទៀត​នោះ​ លោក​នឹង​ធ្វើការ​តតាំង​ត្រ​ទ្ប​ប់​ទៅ​វិញ​ហើយ​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​៦​ តុលា​កន្លង​មកនេះ​ លោក​ ហ៊ា​ង​ ឫ​ទ្ធី​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ ឱ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ ម៉​ម​ សូណ​ង់​ដូ​ ដោយ​លោក​ ហ៊ា​ង​ ឫ​ទ្ធី​ បាន​ចោទ​លោក​ ម៉​ម​ សូណ​ង់​ដូ​ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ចាយវាយ​ថវិកា​បក្ស​គ្មាន​តម្លាភាព​ ហើយ​ជា​មេដឹកនាំ​ផ្ដាច់​ការ​៕

Share

Image
Image
Image