en     km
en     km

លោក​ សួន​ សេរីរ​ដ្ឋា​ គ្រោង​ប្តឹង​ទារសំណងជំងឺចិត្ត​ពី​លោក​ ហោ​ ណាំ​ហុង​ ចំនួន​ ៥០០​ លាន​រៀល​

Share

លោក សួន សេរីរដ្ឋា
លោក សួន សេរីរដ្ឋា

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា​ គ្រោង​នឹង​ប្តឹង​ទាម​ទារសំណងជំងឺចិត្ត​ពី​លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និងសហប្រតិបត្តិអន្តរជាតិ នូវ​ទឹកប្រាក់​ចំនួន​ ៥០០​ លាន​រៀល​ ស្មើនឹង​ជាង​ ១២​ ម៉ឺន​ ដុល្លារ​ ករណី​លោក​ឧបនាយករដ្ឋមន្ត្រី​ ចោទប្រកាន់​ថា​ នៅ​ក្នុង​គណបក្ស​លោក​មាន​ក្រុម​ភេរវកម្ម​។​

ការ​ប្រកាស​ជា​សាធារណៈ​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ គ្រោង​ប្តឹង​លោក​ ហោ​ ណាំ​ហុង​ នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

លោក​ សួន​ សេរីរ​ដ្ឋា​ គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ លោក​ ហោ​ ណាំ​ហុង​  ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​ នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ធ្នូ​ ខាង​មុខ​នេះ​។​

លោក​ សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បានឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិ​ញ​នេះ​ថា​ លោក​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងការបរទេស​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូប​នេះ​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ថា​ សមាជិក​គណបក្ស​អំណាច​ខ្មែរ​បាន​ធ្វើអំពើ​ភេ​វ​កម្ម​នៅ​កម្ពុជា​។​

​លោក​ សួន​ សេរីរ​ដ្ឋា​ បាន​បន្ថែម​ថា​ នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​ លោក​បាន​ទាមទារ​សំណង់ចំនួន​ ៥០០​ លាន​រៀល​ ស្មើនឹង​ប្រមាណ​ ១២​ម៉ឺន​ ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ថវិកា​ទាំងនោះ​ លោក​នឹង​បង្វែ​ប្រាក់​ទាំង​អស់នេះ​ ទៅ​ឱ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​

លោក​ សួន​ សេរីរ​ដ្ឋា​ និយាយ​ថា​៖​ «​ខ្ញុំ​សូម​ជម្រាប​ថា​ ក្រៅពី​ទាមទារ​ឱ្យ​កាត់ទោស​តាម​មាត្រា​ច្បាប់​ ខ្ញុំបាទ​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥០០​ លាន​រៀល​ ហើយ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ៥០០​ លាន​រៀល​ ខ្ញុំ​អត់​យក​ទេ​ ក្នុង​ករណី​ឈ្នះក្តី​ដោយ​យុត្តិធម៌​ ខ្ញុំ​ប្រគល់​ប្រាក់​ពី​ការ​ឈ្នះក្តី​នេះ​ ឱ្យទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ប្រើប្រាស់​»​។​

លោក សួន សេរីរដ្ឋា (ឆ្វេង) និង លោក ហោ ណាំហុង (ស្ដាំ)​
លោក សួន សេរីរដ្ឋា (ឆ្វេង)   និង លោក ហោ ណាំហុង (ស្ដាំ)​

ជុំវិញ​ពាក្យ​ប្តឹង​នេះ​ វិទ្យុ​ស្ត្រី​ FM​ 102 នៃ WMC មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ លោក​ ការ​ សា​វុ​ត្ថ​ មេធាវី​ផ្ទាល់​របស់​ លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ បាន​នោះ​ទេ​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ដោយ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

បើ​យោង​តាម​សារព័ត៌មាន​ Fresh​ News​ បាន​ចុះ​ផ្សាយ​នា​ពេល​ថ្មី​នេះ​បានឱ្យ​ដឹង​ថា​ ការ​ចេញ​លិខិត​របស់​ លោក​ ការ​ សា​វុ​ត្ថ​ មេធាវី​ផ្ទាល់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ក្រសួងការបរទេស​ គឺ​លោក​ចង់​បញ្ជាក់​ថា​ លោក​ ហោ​ ណាំ​ហុង​ មិន​បាន​និយាយ​បរិហារកេរ្តិ៍​គណបក្ស​អំណាច​ខ្មែរ​នោះ​ទេ​ គឺ​លោក​គ្រាន់តែ​និយាយ​ទៅ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ប៉ុណ្ណោះ​។​

​ទាក់ទង​បញ្ហា​នេះ​ដែរ​ លោក​ នី​ ចរិយា​ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​កបាន​ ឱ្យ​ដឹង​ថា​ ការ​គ្រោង​ដាក់​ពាក្យ​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី​ក្រសួងការបរទេស​ គឺជា​សិទ្ធិ​សេរីភាព​ របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជុំវិញ​រឿង​បរិហា​កេ​រិ៍្ត​នេះ​។​ ចំពោះ​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​រូប​នេះ​ មិនសូវ​មាន​ជំនឿ​នោះ​ទេ​ ថា​នឹង​អាច​ទទួល​បាន​យុត្តិធម៌​ ព្រោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ មិន​ទាន់​ឯករាជ្យ​ពេញលេញ​នៅឡើយ​។​

លោក​ នី​ ចរិយា​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​ថា​ អាហ្នឹង​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ទេ​ ការ​ប្តឹង​ តែ​យើង​គួរតែ​គិត​មើល​ពី​តុលាការ​វិញ​ថា​ តើ​តុលាការ​ពិតជា​មានការ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ដោយ​មិន​លម្អៀង​ឬទេ​?​ នេះ​ជា​ចំណុច​សំខាន់​»​។​

បើ​តាម​លោក​ សួន​ សេរីរ​ដ្ឋា​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​លោក​ ហោ​ ណាំ​ហុង​ ចេញ​សេចក្តីថ្លែងការណ៍​បំភ្លឺ​ជា​សាធារណៈ​ ជុំវិញ​ការ​អត្ថាធិប្បាយ​ កាលពី​ថ្ងៃ​ទី​៧​ ធ្នូ​ ឆ្នាំ​ ២០១៥​ កន្លង​មក​នោះ​ គណបក្ស​អំណាច​ខ្មែរ​ នឹង​មិន​ដាក់​ពាក្យ​ប្តឹង​នោះ​ទេ​៕

Share

Image
Image
Image