en     km
en     km

លោក​ ប៉ាវ​ ស៊ី​ណា​ ច្រានចោល​លិខិត​ថ្កោលទោស​របស់​ GMAC​ ថា​ខ្វះ​ការ​ស៊ើបអង្កេត​

Share

cover-GMAC-22.12.15

បន្ទាប់​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (GMAC)​ បាន​ចេញ​លិខិត​ថ្កោលទោស​សកម្មភាព​តវ៉ា​របស់​កម្មករ​នៅ​ក្រុង​បា​វិត​ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ម្សិលមិញ​ថា​ ជា​សកម្មភាព​របស់​កម្មករ​ជ្រុលនិយម​ ដែល​នាំ​ឱ្យ​មានការ​បំផ្លាញ​រោងចក្រ​ ញុះញង់​ និង​គំរាមកំហែង​ផ្នែក​សនិ្ត​សុខ​រួច​មក​។​ នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​នេះ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ បាន​ច្រានចោល​លិខិត​ថ្កោលទោស​របស់​ GMAC​ នេះ​ ដោយ​លើក​ឡើង​ថា​ លិខិត​នោះ​ធ្វើ​ឡើង​ខ្វះ​ការ​ស៊ើបអង្កេត​ និង​មាន​ចេតនា​រុញច្រាន​ឱ្យ​ស្ថានការណ៍​កាន់តែ​ឡើង​កម្ដៅ​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ចេញ​លិខិត​ថ្កោលទោស​ចំពោះ​កម្មករ​ ដែល​បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ រហូត​រុញច្រាន​ស្ថានការណ៍​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ ការ​វាយ​បំផ្លាញ​រោងចក្រ​ និង​ញុះញង់​ដល់​កម្មករ​ដទៃ​ទៀត​ ថា​ជា​ក្រុម​ជ្រុលនិយម​។​

​លិខិត​ថ្កោលទោស​របស់​GMAC​ ដដែល​ ក៏​បាន​សង្កត់ធ្ងន់​ថា​ សកម្មភាព​កូដកម្ម​របស់​កម្មករ​បែប​នេះ​ គឺជា​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ ដល់​កម្មករនិយោជិត​ប្រមាណ​ជាង​ ៣​ ម៉ឺន​នាក់​ ផ្សេង​ទៀត​ ដែល​កំពុង​បំពេញការងារ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ និង​តា​យ​សេង​ នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ផង​ដែរ​។​

​ឆ្លើយ​តប​នឹង​សេចក្ដីថ្លែងការណ៍​របស់​ GMAC​ នោះ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ លិខិត​ថ្កោលទោស​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ ដែល​បាន​ចោទប្រកាន់​មក​លើ​សកម្មភាព​តវ៉ា​របស់​ក្រុម​កម្មករ​ ថា​ជា​ក្រុម​ជ្រុលនិយម​នោះ​ គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ស៊ើបអង្កេត​ច្បាស់លាស់​ និង​បង្ហាញ​នូវ​ចេតនា​មិន​ចង់​ ចូលរួម​ស្វែងរក​ប្រភព​នៃ​បញ្ហា​ដើម្បី​ឈាន​ទៅ​បញ្ឈប់​ភាព​តានតឹង​។​ លោក​ថា​ប៉ាវ​ ស៊ី​ណា​ បន្ត​ថា​ ការ​ចេញ​លិខិត​ថ្កោលទោស​របស់​ GMAC​ នៅ​ពេល​នេះ​ ហាក់​រុញច្រាន​ស្ថានភាព​ឱ្យ​មានការ​ឡើង​កម្ដៅ​បន្ថែម​ទៅ​វិញ​។​

​សូម​ជម្រាប​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​នេះ​ សកម្មភាព​តវ៉ា​ពី​សំណាក់​ក្រុម​កម្មករ​បាន​កក្រើក​ជា​ថ្មី​។​ បើ​តាម​លោក​ កឹង​ ឃ​ន​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ បាន​ប្រាប់​សារព័ត៌​សារ​ក្នុងស្រុក​មួយ​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​មិ​ញ​នេះ​ ក្រុម​កម្មករ​មួយ​ចំនួន​បាន​គប់​រោងចក្រ​ គប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ហើយ​បាន​វាយ​និង​គប់​សមត្ថកិច្ច​ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​តដៃ​ ឬ​ចាត់វិធានការ​នោះ​ទេ​ ដោយ​ស្នើ​សុំ​ធ្វើ​យ៉ាងម៉េច​សម្រួល​ឱ្យ​មានការ​ស្ងប់ស្ងាត់​ និង​កុំឱ្យ​មាន​គប់​រោងចក្រ​។​

​រហូត​មក​ដល់​ពេល​នេះ​ លោក​ កឹង​ ឃ​ន​ បញ្ជាក់​ថា​  ស្ថានភាព​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​អស់ហើយ​ ប៉ុន្តែ​សមត្ថកិច្ច​មួយ​ចំនួន​ ដែល​ដាក់​ការពារ​នៅ​តំបន់​នោះ​ បាន​រង​របួស​ដោយ​ការ​គប់​ដុំ​ថ្ម​៕

GMAC-22.12.15

Share

Image
Image
Image