en     km
en     km

លោក​ កែ​ គឹ​ម​យ៉ា​ន​ ថា​មានការ​ចរាចរ​គ្រឿងញៀន​ក្នុង​ពន្ធ​ធនាគារ​ និង​មណ្ឌល​ស្ដារ​និ​តី​សម្បទា​

Share

លោក កែ គឹមយ៉ាន
លោក កែ គឹមយ៉ាន

លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញឿ​ន​ លើក​ឡើង​ថា​ មានការ​ចរាចរ​គ្រឿងញៀន​ នៅ​ក្នុង​ពន្ធនាគារ​ និង​ក្នុង​មណ្ឌល​ស្ដារ​និ​តី​សម្បទា​ មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ថ្លែង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ នេះ​។​

​លោក​បន្ត​ថា​ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហាក់​ដើរ​ថយក្រោយ​ ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​។​ លោក​ កែ​ គឹ​ម​យ៉ា​ន​៖​ «​តាម​ខ្ញុំ​ដឹង​ កន្លែង​ខ្លះ​លក់​គ្រឿងញៀន​ដូច​ក្នុង​ពន្ធ​ធានា​គារ​ ហើយ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ក៏​មាន​លក់​គ្រឿងញៀន​ដែរ​។​ ជាក់ស្តែង​ថ្ងៃមុន​មាន​ករណី​ដាក់​គ្រឿងញៀន​ក្នុង​ម្ហូបអាហារ​ទៅ​ឱ្យ​អ្នក​នៅ​ក្នុង​មណ្ឌល​»​។​

​ទាន​ទង​នឹង​បញ្ហា​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ និយាយ​ថា​ ការ​ចរាចរ​គ្រឿងញៀន​ក្នុង​ពន្ធ​ធានា​គារ​ និង​ក្នុង​មន្ទីរ​កែប្រែ​ គឺជា​និន្នាការ​សកល​ទៅ​ហើយ​ ដែល​ប្រទេស​ជា​ច្រើន​ក៏​កើត​មាន​បញ្ហា​នេះ​ដូច​កម្ពុជា​ដែរ​។​  តែ​យ៉ាងណា​លោក​ថា​ ដើម្បី​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ក្នុង​ពន្ធ​ធានា​គារ​ និង​នៅ​តាម​មណ្ឌល​កែប្រែ​នោះ​ សមត្ថកិច្ច​ត្រូវ​តែ​មាន​វិធាន​ជា​បន្ទាន់​តាម​ចាប់​មុខសញ្ញា​មក​ផ្តន្ទាទោស​ ព្រោះ​ករណី​ចែកចាយ​គ្រឿងញៀន​ក្នុង​ពន្ធ​ធានា​គារ​នេះ​ មាន​តម្រុយ​យូរណាស់​មក​ហើយ​។​

លោក សន ជ័យ
លោក សន ជ័យ

​លោក​ សន​ ជ័យ​៖​ «​ការ​មិន​បាន​ចាត់វិធានការ​ណ៍​ទាន់​ពេលវេលា​ទៅ​លើ​ករណី​ជួញដូរ​គ្រឿងញៀន​ ខ្ញុំ​មើលឃើញ​ថា​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​ដល់​ប្រទេស​ហ្នឹង​ដែរ​»​។​

​យោង​តាម​របាយការណ៍​ ស្ដី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ បង្ហាញ​ថា​ក្នុង​ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ប្រមាណ​ ៣​ពាន់​ ករណី​ កើនឡើង​ ១២៩%​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​ សម្រាប់​ឆ្នាំ​២០១៥​ កន្លង​ទៅ​ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​បាន​ប្រមាណ​ ៧​ពាន់​ នាក់​ ក្នុង​នោះ​ស្រី​ ៨៥៣​ នាក់​ កើនឡើង​ ១២៣%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។​

​ចំណែក​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ អ៊ិ​ច​ស្ដា​ស៊ី​ ហេ​រ៉ូ​អ៊ី​ន​ កូកាអ៊ីន​ កេ​តា​មីន​ និង​កញ្ឆា​ក្រៀម​ ដែល​សមត្ថកិច្ច​រឹបអូស​បាន​សរុប​ ១​ តោន​ ៦២០​ គីឡូក្រាម​។​

​សូម​បញ្ជាក់​ថា​ បើ​តាម​របាយការណ៍​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បង្ហាញ​សម្រាប់​ឆ្នាំ​២០១៥​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ជាតិ​ បាន​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​បាន​ប្រមាណ​ ៨​ម៉ឺន​ នាក់​ ក្នុង​ចំណោម​អ្នក​ញៀន​ថ្នាំ​ ១៦​ម៉ឺន​ នាក់​ បាន​បំពាក់​សេវា​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ នៅ​ក្នុង​មណ្ឌល​សុខភាព​ ចំនួន​ ៣៦​ កន្លែង​ និង​ក្នុង​មន្ទីរពេទ្យ​បង្អែក​បាន​ចំនួន​ ១១​ កន្លែង​៕

Share

Image
Image
Image