ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សប្រឆាំង ដែលសម្ងំជ្រកកោននៅស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិជាច្រើន បានចេញមុខជាលើកដំបូងថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស នៅថ្ងៃសុក្រ ទី ០៩ កញ្ញានេះ ដោយថ្លែងអរគុណ សហគមន៍អន្ដរជាតិ និងអ្នកគាំទ្រលោក។
លោក កឹម សុខា បានថ្លែងថា រយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា មិនអំណោយផល ឱ្យអ្នកប្រជាធិបតេយ្យធ្វើសកម្មភាពរបស់ខ្លួននោះទេ។
លោក កឹម សុខា ៖«ខ្ញុំយល់ថា បើគ្មានការចូលរួមគាំទ្រពីបងប្អូននោះទេ ខ្ញុំមិនអាចបំពេញបេសកម្មជាប្រវត្តិសាស្ដ្រ បានទទួលជោគជ័យមួយជំហានធំកន្លងមកហើយនោះទេ។
ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះសហគមន៍អន្ដរជាតិ និងមិត្តភក្ដិបរទេសទាំងឡាយ ដែលតែងតែផ្ដល់នូវយុត្ដិធម៌ឱ្យខ្ញុំ និងគាំទ្រនូវការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ កន្លងមកនៅកម្ពុជា រហូតមក ដល់បច្ចុប្បន្ននេះ»។
ការថ្លែងរបស់លោក កឹម សុខា បានធ្វើឡើងស្របពេលដែលតុលាការ រាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ បានបើកជំនុំជម្រះក្ដីករណីរបស់លោក ដោយបានប្រកាសថា សាលក្រមប្រឆាំងនិងលោក កឹម សុខា ដែលមិនចូលខ្លួនមកកាន់តុលាការ នឹងត្រូវប្រកាសឱ្យដឹង នៅម៉ោង២រសៀលថ្ងៃនេះ។
លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រលោកទៀតថា អ្វីដែលកើតមានមកដល់ពេលនេះ ដោយសារតែការបែកបាក់ក្នុងចំនោមអ្នកនយោបាយខ្មែរ។
តែយ៉ាងនេះក្ដីជាលើកដំបូងហើយ នៅរយៈពេលជាង៣ខែដែលមេបក្សប្រឆាំងរូបនេះ បានចេញមុខថ្លែងសុរន្ទកថា ជាសាធារណៈបែបនេះ មកកាន់អ្នកគាំទ្រលោក៕