en     km
en     km

លោកស្រីរដ្ឋមន្ត្រីការបរទេសហូឡង់លាតំណែងព្រោះរឿងអាហ្វហ្គានីស្ថាន

Share

លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ ឈ្មោះ ស៊ីហ្គ្រីដ កាក់ បានលាចាកតំណែងរបស់គាត់ បន្ទាប់ពីសភាអនុម័តញត្តិបន្ទោសរដ្ឋាភិបាល ចំពោះរឿងគ្រប់គ្រងការជម្លៀសមនុស្សពីប្រទេសអាហ្វហ្គានីស្ថានមិនបានល្អ នៅពេលដែលតាលីបង់ចូលកាន់កាប់ប្រទេសនេះ។ នេះជាសេចក្ដីរាយការណ៍ពីទីក្រុងឡាអេ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ដោយទីភ្នាក់ងារសារព័ត៌មានអេភី។

ប្រភពរៀបរាប់ថា ពេលប្រជុំសភានៅថ្ងៃពុធ លោកស្រី កាក់ បានទទួលស្គាល់ថា ការឆ្លើយតបយឺតយ៉ាវឬឥតសណ្ដាប់ធ្នាប់របស់រដ្ឋាភិបាល ចំពោះការព្រមាននានាអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺមានន័យថា បុគ្គលិកក្នុងស្រុកនិងប្រជាជនដែលបានធ្វើជាអ្នកបកប្រែឱ្យទាហានហូឡង់នៅក្នុងប្រទេសនេះ ពុំត្រូវបានជម្លៀសចេញ នៅមុនឬនៅក្រោយការចូលកាន់កាប់អំណាចដ៏រហ័សដោយពួកតាលីបង់ទេ។

យោងតាមអេភីដដែល បន្ទាប់ពីសភាបានអនុម័តញត្តិបន្ទោសនៅថ្ងៃព្រហស្បតិ៍រួច លោកស្រី កាក់ បានថ្លែងភ្លាមៗថា រូបគាត់នឹងសុំលាលែង។ លោកស្រីបានលើកហេតុផលថា រដ្ឋសភាបានសម្រេចថា «គណៈរដ្ឋមន្ត្រីបានប្រព្រឹត្តដោយពុំមានការទទួលខុសត្រូវ»។ ស្ត្រីរដ្ឋមន្ត្រីការបរទេសរូបនេះបន្ថែមថា «ខ្ញុំអាចត្រឹមតែទទួលផលវិបាកនៃការសម្រេចនេះតែប៉ុណ្ណោះ ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកផ្ទាល់ដ៏សំខាន់បំផុត»៕

Share

Image
Image
Image