en     km
en     km

លោកសម រង្ស៊ី៖ពលរដ្ឋត្រូវបណ្ដេញនាយករដ្ឋមន្ត្រីកម្ពុជាពីអំណាចដូចនៅAlgérie ​តែមន្ត្រីនាំពា​ក្យ​ថា​​សម្ដីលោកសមរង្ស៊ីគ្មានន័យ

Share

ភ្នំពេញ៖   លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនកាលពីយប់ថ្ងៃទី ៣ មេសាដោយអំពាវនាវឱ្យប្រជាជនខ្មែរទាំងអស់ ត្រូវបណ្ដេញនាយករដ្ឋមន្ត្រីកម្ពុជាចេញពីអំណាចគឺដូចនៅប្រទេស Algérie ។ តែយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថាសម្ដីលោក សម រង្ស៊ី គ្មានប្រសិទ្ធភាពនោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាបណ្ដេញសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឱ្យចេញពីដំណែងក្នុងឆ្នាំ ២០១៩នេះ ។

លោកថាប្រជាជនកម្ពុជា ត្រូវបណ្ដេញសម្ដេច ហ៊ុន សែន ដោយយកគម្រូតាមប្រទេស Algérie ដែលប្រជាជននៃប្រទេសនេះបានទទួលជោគជ័យលើការបណ្ដេញចេញនូវមេដឹកនាំរបស់ខ្លួន ដែលលោកថាមេដឹកនាំផ្ដាច់ការ ។

កាលពីថ្ងៃម្សិលមិញ ប្រធានាធិបតី Algérie បានប្រកាសចុះចេញពីដំណែង ។ ការណ៍នេះដោយសារតែប្រជាជននៃប្រទេសនេះ បានធ្វើបាតុកម្មជាច្រើនខែមកហើយ ដើម្បីឱ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ។

ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បញ្ជាក់ថា បំណងប្រជារាស្ត្រ Algérie បានសម្រេចហើយ ក្រោយពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បញ្ឈប់ការគាំទ្រ លោក Bouteflica  ហើយបែរមកគាំទ្រប្រជារាស្ត្រវិញ ។

លោកសម រង្ស៊ី ក៏បានអំពាវនាវម្ដងទៀត ដោយឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់នៅខាងប្រជាជនខ្មែរ ។

ជាក់ស្ដែងលោកសរសេរដោយសេចក្ដីដូចនេះថា «កងកម្លាំងប្រដាប់អាវុធ នៅប្រទេសកម្ពុជា ត្រូវតែយកគម្រូតាមកងកម្លាំងប្រដាប់អាវុធ នៅប្រទេស Algérie គឺឈប់គាំទ្រជនផ្តាច់ការ ហ៊ុន សែន ទៀតទៅ តែបែរមកគាំទ្រប្រជារាស្ត្រខ្មែរវិញ ដែលចង់បំបាត់អំណាចផ្តាច់ការ ដូចនៅប្រទេស Algérie អញ្ចឹងដែរ» ។

នេះក៏មិនមែនជាលើកទីមួយដែរ ដែលអ្នកនយោបាយកំពុងនិរទេសខ្លួននៅបរទេសរូបនេះអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែកាណុងកាំភ្លើងទៅខាងសម្ដេច ហ៊ុន សែន និងបក្សពួក ។

ការអំពាវរបស់លោក សម រង្ស៊ី​ តែងតែទទួលបរាជ័យភ្លាមៗ ដោយហេតុថាកងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកណាមួយនៃកងកម្លាំងនោះ បង្ហាញនូវឆន្ទៈស្មោះស្ម័គ្រការពាររាជរដ្ឋាភិបាលកម្ពុជាដែលកាន់អំណាចជិត ៤០ មកនេះ ។  

លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ៤ មេសានេះថា ការអំពាវនាវរបស់លោក សម រង្ស៊ី គ្មានប្រសិទ្ធភាពនោះទេ ។

លោកក៏បញ្ជាក់ ដោយមានជំនឿចិត្តថា ប្រជាជនកម្ពុជាមិនត្រូវការដូចប្រទេសអាល់ហ្សេរី​ដូចនេះទេ ។

លោក សម រង្ស៊ី ប្រកាសថា ឆ្នាំ ២០១៩ នេះ លោកនឹងចូលមកកម្ពុជាដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា ។

ទាក់ទិននឹងការប្រកាសថាធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ គឺនាយករដ្ឋមន្ត្រីកម្ពុជាក៏ប្រកាសថានឹងកម្ទេចក្រុមលោក សម រង្ស៊ី ឱ្យខានតែបានដែរ ទោះធ្វើឡើងក្នុងរូបភាពអ្វីក៏ដោយ ។

សម្ដេច ហ៊ុន សែន ធ្លាប់បានថ្លែងជាច្រើនដងថា រាជរដ្ឋាភិបាលកម្ពុជា ជារាជរដ្ឋាភិបាលស្របច្បាប់ បានមកពីការបោះឆ្នោតដោយឆន្ទៈប្រជាពលរដ្ឋ ដូចនេះរាជរដ្ឋាភិបាលនេះ មិនអនុញ្ញាតឱ្យក្រុមណាមួយធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំបានឡើយ ។

មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចតែងតែលើកសំអាងថា រាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលស្របច្បាប់ ព្រោះមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង ៨៣% ។

តែចំនួនតួលេខនៃនេះ មិនអាចនិយាយថាស្របច្បាប់ជាមួយគណបក្សប្រឆាំង ឬអន្តរជាតិដែលជាប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនបានទេ ព្រោះទាំងគណបក្សប្រឆាំង អន្តរជាតិដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនទទួលស្គាល់ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ឡើយ ។រាជរដ្ឋាភិបាលនិងបក្សប្រជាជនកម្ពុជា ចាត់ទុកជន​បរទេស​ណាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ថាជាការរំលោភអធិបតេយ្យ​របស់កម្ពុជា៕

អត្តបទដោយ៖ សោម​ លាភ

Share

Image
Image
Image