en     km
en     km

រំលឹកស្នាព្រះហស្ថព្រះមហាវីរក្សត្របរមរតនកោដ្ឋក្នុងខួបយាងសោយព្រះទិវង្គត៧ឆ្នាំ

Share

នាងកញ្ញា លោក លោកស្រី ! គិតមកដល់ថ្ងៃទី១៥តុលាឆ្នាំ២០១៩នេះ ព្រះករុណា អតីតព្រះមហាក្សត្រនរោត្តមសីហនុ​បានយាងចូលទីវង្គត់ មានរយៈពេល ៧ឆ្នាំមកហើយ។ កូនចៅ ចៅទួត នៅមាននឹងរំលឹកព្រះអង្គ នឹងដល់ស្នាព្រហ្ថតព្រះអង្គជានិច។ អតីតព្រមហាក្សត្រ ត្រូវបាន រាស្ត្រខែហៅថា ជាព្រះបិតាឯករាជ្យជាតិ បង្រួបបង្រួមជាតិ ខ្មែរ។

កញ្ញាអ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្ដីអធិប្បាយ ៖

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ  ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិទ្រង់ ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា

សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោមួយមួយអង្គ ក្នុង​ឆាកនយោបាយ​កម្ពុជា។ ព្រះអង្គ គឺជាព្រះមហាក្សត្រដែលបានឡើងសោយរាជ្យចំនួន ២លើក ដែលលើកទីមួយគឺនៅឆ្នាំ១៩៤១ដល់១៩៥៥ ហើយលើកទី ២ គឺនៅឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៤។ ព្រះអង្គក៏ជាអ្នកទាមទារឯករាជ្យ ទាញប្រទេសកម្ពុជាចេញពីរបបអាណានិគមបារាំង បានយ៉ាងពេញបរិបូរណ៍ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។ 

ព្រះបាទសម្តេចនរោត្តម សីហនុ មានគោរម្យងារជាកិត្តិយសថា «ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ»​​។ ព្រះអង្គ ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏សំខាន់មួយក្នុង​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប ដែលរាប់ចាប់តាំង​ពី​កម្ពុជា​​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះអង្គទ្រង់បានសិក្សានៅសាលា បារំាង ក្នុងរាជធានីភ្នំពេញ​ បន្ទាប់មកព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង នៅឯព្រៃនគរ។ ព្រះអង្គ ត្រូវបានបារាំងដែលជាមហាអំណាចអាណានិគម ជ្រើសតាំងឲ្យឡើងសោយរាជ្យ​នៅខែមេសា ឆ្នាំ ១៩៤១ ក្នុងព្រះជន្ម ១៨ព្រះវស្សា បន្តពីព្រះបាទមុនីវង្សី។ ការជ្រើសតាំងព្រះអង្គឲ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតារបស់ទ្រង់គឺ ព្រះបាទនរោត្តម សុរាម្រិតយ៉ាងដូច្នេះ​ គឺដោយសារតែបារំាងយល់ថា ព្រះអង្គម្ចាស់វ័យក្មេង វក់ចិត្តនឹងសិល្បៈ មិនសូវខ្វល់ខ្វាយពីនយោបាយ​ ខ្វះពិសោធន៍ ព្រមទាំងងាយស្រួលក្នុងការបង្គាប់បញ្ជារបស់បារាំង ក៏ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាការយល់ច្រឡំរបស់បារាំងមកលើព្រះអង្គ ព្រោះព្រះអង្គម្ចាស់វ័យក្មេងអង្គនេះ គឺក្រោយពីឡើងសោយរាជ្យ ព្រះអង្គបាន តស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ ១៩៥៣។

ក្រោយពីប្រទេសទទួលបាន​ឯករាជ្យរយៈពេល ២ឆ្នាំ ព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ទ្រង់បានដាក់រាជ្យថ្វាយ ព្រះបិតា របស់ទ្រង់​គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ ១៩៥៥ ដើម្បី បង្កើត និងដឹកនាំ​ចលនា «សង្គមរាស្រ្តនិយម» ដោយទទួលងារថា «សម្តេចព្រះឧបយុវរាជ»។ ចាប់ពីពេលនោះមក ព្រះបាទនរោត្តមសីហនុ​ទ្រង់ បានកាន់អំណាចជានាយករដ្ឋមន្រ្តីផង នឹងជាប្រមុខរដ្ឋផង រហូតមកដល់ថ្ងៃទី ១៨ ខែមីនា​ ឆ្នាំ​១៩៧០ ព្រះអង្គទ្រង់ត្រូវបានក្រុមសេនាប្រមុខលន់ នុល និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីដំណែង នៅពេលដែលព្រះអង្គកំពុងទស្សនៈកិច្ច នៅទីក្រុង ម៉ូស្គូ សហភាពសូវៀត។
ក្រោយ​ពី​ព្រះអង្គត្រូវ​បានទម្លាក់​ចេញពីតំណែង ព្រះ​អង្គ​បាន​យាង​ចេញ​ពីទីក្រុង​ម៉ូស្គូ ទៅកាន់ ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​ដើម្បីបង្កើត​ជា​រណសិរ្ស​រួបរួមជាតិ​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ហើយ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់ចូល​ព្រៃ​កាន់អាវុធ ក្នុងការតស៊ូ​ប្រឆាំង​នឹង​របប​លន់នល់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហមបាន​វាយ​ចូល​ដល់​ទីក្រុង​ភ្នំពេញ រំលាយ​របបសាធារណរដ្ឋខ្មែរ ហើយ​បានបង្កើត​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​មាន​សម្តេច​ព្រះនរោត្តម សីហនុ ជា​ប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះអង្គ​បាន​លាលែង​ចេញ​ពីតំណែង​ជា​ប្រមុខរដ្ឋ ហើយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុងព្រះរាជ​វាំង ក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ខែ​មករា ឆ្នាំ​១៩៧៩។
មុនពេល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា វាយ​ចូល​ដល់​ទី​ក្រុង​ភ្នំពេញ សម្តេច​ព្រះនរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញ​ពីក្រុង​ភ្នំពេញ តាមយន្តហោះ ទៅ​កាន់ទីក្រុង​ប៉េកាំង។ នៅ​ក្នុងឆ្នាំ​១៩៨២ ព្រះអង្គបានយាងចូល​មកកាន់តំណែង​ជា​​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ដែល​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​និរទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម នៅ​កម្ពុជា។ ព្រះអង្គក៏​បាន​បង្កើត​ចលនា​តស៊ូផ្ទាល់មួយផងដែរ គឺ​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ ដែលហៅកាត់​តាម​ភាសាបារាំង​ថា FUNCINPEC។
ក្រោយ​ពី​វៀតណាម​ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​​ឆ្នាំ​១៩៨៩ ព្រះអង្គទ្រង់បាន​លាលែងចេញ​ពីតំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ នៅខែ​កក្កដា ឆ្នាំ​១៩៩១ ដើម្បី​ទៅធ្វើ​ជា​ប្រធាន​ «ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់» ​ដើម្បីដើរតួ​ជា​អ្នក​សម្របសម្រួល​ក្នុងការ​ចរចា​ រវាង​ភាគី​ជម្លោះ​ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ ដែលក្នុងនោះ​រួមមាន ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច, ចលនា​ខ្មែរ​ក្រហម, រណសិរ្ស​របស់​លោកតា​សឺន សាន និង​ភាគី​​រដ្ឋ​​កម្ពុជា។ ការចរចា​នេះ​បាន​ឈាន​ទៅដល់​ការ​ចុះសន្និសញ្ញាលើកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ ព្រះអង្គបាន​​និរទេស​ព្រះកាយ​ចេញទៅ​ក្រៅប្រទេស​អស់រយៈពេល​ជាង​មួយទសវត្សរ៍​ ទើប​យាង​ចូលប្រទេស​កម្ពុជា​វិញ នៅថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន​ការទទួល​អបអរសាទរ​យ៉ាង​ឱឡារិក ក្រុង​ឋានៈ​ជា​បិតាឯករាជ្យ និង​បង្រួបបង្រួមជាតិ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ព្រះអង្គបានឡើងគ្រងរាជ្យ​ម្តងទៀត ក៏ប៉ុន្តែ ការគ្រងរាជ្យ​ជា​លើកទីពីរនេះ គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី២ គឺ ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​ តែ​មិន​កាន់​អំណាច។ សោយរាជ្យបានរយៈពេល​ ១១ឆ្នាំ​ ព្រះអង្គក៏បានប្រកាសដាក់ពាក្យសារជាថ្មីម្តងទៀត នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០០៤ ទៅឲ្យព្រះបាទនរោត្តមសីហមុនី។

ព្រះបាទ នរោត្តមសីហនុ​ទ្រង់បានយោងចូលទិវង្គត នៅថ្ងៃអង្គារ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅឯទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ ក្នុងអំឡុងពេលដែលព្រះអង្គបានយាងទៅព្យាបាលព្រះរាជសុខភាពនៅក្នុងប្រទេសចិន។ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួនរបស់ព្រះអង្គនៅពេលនោះ រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និង ព្រះសម្ពាធខ្ពស់

ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែចេញពី ទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំង​កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់ត្រូវបានតម្កល់នៅ​ព្រះបរមរាជវាំងរយៈពេល៣ខែ។ រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម-សីហនុ ត្រូវបានប្រារព្ធ ពិធីដង្ហែ ចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។

នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះមហាវីរក្សត្រនរោត្តម-សីហនុត្រូវបានប្រសិទ្ធិនាម ជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនី​ជាមួយគោរម្យងារ ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ។ មកដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៣ ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញ ដើម្បីធ្វើការលាព្រះសីហនុជាចុងក្រោយ ពេលដែលព្រះសពរបស់ព្រះអង្គត្រូវបានដឹក ទូទាំងទីក្រុង។ ព្រះសពត្រូវបានយាងទៅកាន់ព្រះបរមរាជវាំង ដែលត្រូវបានបូជាព្រះសពនៅថ្ងៃ៥ កុម្ភៈ ២០១៣។ ព្រះអដ្ឋិធាតុរបស់ព្រះសីហនុ ក្រោយមកត្រូវបានពន្លិចចូលទៅក្នុងទន្លេមេគង្គ៕

Share

Image
Image
Image