en     km
en     km

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

Share

យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី ថ្ងៃ១២មីនាម្សិលមិញ អះអាងថា នាវា​ដឹក​វត្ថុធាតុដើម​ចំនួន ៧ សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ដែលខ្វះខាតវត្ថុធាតុដើមនោះ បាន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​​ជា​​បន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់លោក គុណ ញឹម មន្ត្រី​ជាន់ខ្ពស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា។ លោក គុណ ញឹម បញ្ជាក់បន្ថែមថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ រហូតដល់​ថ្ងៃ​ទី​១១ មីនា មាន​នាវា​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ចំនួន​៥ បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ និង​ពីរ​នាវា​ទៀត​បាន​ចូល​ចត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ហើយ​គ្រោង​នឹង​ដឹកជញ្ជូនវត្ថុធានដើមផ្គត់ផ្គង់រោងចក្រកាត់ដេរ ​តាម​ផ្លូវ​គោក​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខេត្ត​ស្វាយរៀង។ នាវា ទាំង​៧ នោះ​បាន​ដឹក​កុងតឺន័រ​សរុប​ទាំងអស់​ចំនួន ៧៤៩ទូ ដែលជា​វត្ថុធាតុដើម​ ជួយដល់​បណ្ដា​រោងចក្រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា និងសង្ឃឹមថា វត្ថុធាតុដើម​ដែល​បាន​ដឹក​មកពី​ប្រទេស​ចិន​បន្តបន្ទាប់​មកនេះ​ នឹង​អាច​ជួយ​បំពេញ​កង្វះខាត​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ខ្វះខាត​វត្ថុធាតុ​ដើម​​ដើម្បី​​ផលិតសម្លៀកបំពាក់​។ លោក ខេន លូ អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ បញ្ជាក់​ថា វត្ថុធាតុដើម​ដែល​បាន​ដឹក​ពី​ប្រទេស​ចិន​មិន​មែន​មាន​ក្រណាត់​ទាំងអស់​ទេ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន ឡេវអាវ អំបោះ និង សម្ភារៈ​​ចាំបាច់​មួយ​ចំនួន​ទៀត​ដែល​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ស្បែកជើង។​ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ សមាគមន៍រោងចក្រកាត់ដេរកម្ពុជា GMAC ​បាន​ឲ្យ​ដឹងថា ដោយមាន​អន្តរាគមន៍​ពី​ភាគី​រដ្ឋាភិបាល​ចិន វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ​បានមក​ដល់កម្ពុជាហើយ ហើយរំពឹងថា នាវាដឹកវត្ថុធាតុដើមផ្សេងទៀត នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ រហូតដល់ថ្ងៃអាទិត្យទី១៥ខែមីនាខាងមុខនេះ។ ដោយឡែក លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ត្រូវបានស្រង់សម្ដីដោយភ្នំពេញប៉ុស្តិ៍ថា រោងចក្រ ៥០ បាន​ផ្អាក​ប្រតិបត្តិការ ដោយសារ​តែ​កង្វះ​វត្ថុធាតុដើម​។ ប៉ុន្តែរោងចក្រចំនួន​ ៧ ​ ​ចាប់ផ្ដើម​សកម្មភាព​ឡើងវិញនៅពេលនេះ បន្ទាប់ពី​ការមកដល់​កុងតឺន័រ​ទាំងនេះ​។

ទន្ទឹមនេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា មានប្រសាសន៍ថា វត្ថុធាតុដើម​ទាំងនេះ​មិន​អាច​បំពេញ​តម្រូវការ​តាម​បណ្ដា​រោងចក្រ​ដែល​កំពុង​ខ្វះខាត​បានយូរនោះ​ទេ ព្រោះដើម្បី​ផ្គត់ផ្គង់​រោងចក្រ​ឱ្យ​បាន​គ្រប់គ្រាន់​កម្ពុជា​ត្រូវការ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ពី​ចន្លោះ ១.៥០០ ទៅ ២.០០០ កុងតឺន័រក្នុងមួយសប្ដាហ៍៕

អត្ថបទ៖ លោក រស់ គង់

Share

Image
Image
Image