en     km
en     km

រាជបណ្ឌិត្យសភាកម្ពុជាព្យាករណ៍ថាផែនការមាតុភូមិនិវត្តន៍លោកសមរង្ស៊ីមកផ្ដួលរំលំរាជរដ្ឋាភិបាលគឺបរាជ័យ

Share

រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់លោកបណ្ឌិតសុខទូច បានរៀបចំនូវកិច្ចពិភាក្សាមួយស្ដីពីមាតុភូមិនិវត្តន៍លោកសមរង្ស៊ីដែលមានបញ្ហាប្រឈមជាច្រើនខណៈសល់តែ៤០ថ្ងៃជាងប៉ុណ្ណោះលោកសមរង្ស៊ីបន្ដបញ្ចេញឥរិយាបថក្ដៅផង ត្រជាក់ ផង មកលើរាជរដ្ឋាភិបាល។

បញ្ញវន្ដបីរូបនៃរាជបណ្ឌិត្យសភាបានលើកអំពី កាលប្រវត្តិនៃគ្រួសារលោកសមរង្ស៊ី អង្គហេតុដែលត្រូវនាំឱ្យមានការចាប់ខ្លួនលោក និង ការបរាជ័យឃោសនា ប្រជាធិបតេយ្យរបស់លោក។

កញ្ញា ឆោមពៅនិកា រាយការណ៍៖

ថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពីផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោកសមរង្ស៊ី។សមាសភាពវាគ្មិន៣រូបដែលរួមមាន អ្នកប្រវត្តិសាស្រ្ដ ក្រុមប្រឹក្សាអ្នកច្បាប់ និង អ្នកវិទ្យាសាស្រ្ដនយោបាយ បានទស្សន៍ទាយពីភាពបរាជ័យនៃផែនការរបស់លោកសមរង្ស៊ីដោយលើកឡើងនូវបញ្ហាប្រឈម និង ភាពតានតឹងជាច្រើន។ លោកសមរង្ស៊ីនៅឯបរទេស តែងតែអះអាងតាមរលកធាតុអាកាសបណ្ដាញផ្សាយព័ត៌មានខ្មែរអន្ដរជាតិថា លោកមិនខ្លាចការចូលប្រទេសឡើយទោះមានការចាប់ខ្លួនលោកយ៉ាងណាក៏ដោយ តែមហាជនមិនតិចជាង១លាននាក់ទៀតដែលលោករំពឹងថានឹងមកស្វាគមន៍លោក។

អ្នកប្រវត្តិសាស្រ្ដ ឌៀបសុផល បានហៅការចូលស្រុករបស់លោកសមរង្ស៊ីថា គឺជាទម្រង់នៃទុច្ចរិតនយោបាយ មិនខុសពីការចូលមកលើកមុនដែលបង្កឱ្យមានបាតុកម្ម។ ដោយលោកបានលើកឡើងពីប្រវត្តិនៃការចោទឪពុករបស់លោកសមរង្ស៊ីថា ហេតុអ្វីគាត់ត្រូវបានគេហៅថាក្បត់ជាតិ​ ហើយថាលោកសមរង្ស៊ីមានចរិតគុំគួននឹងរាជានិយមតាំងពីពេលនៅកុមារភាពមកទោះមានការថ្លែងបញ្ជាក់ពីសម្ដេចសីហនុក្ដី។ អ្នកប្រវត្តិសាស្រ្ដរូបនេះ បានសន្និដ្ឋានថា​លទ្ធផលនៃការមកដល់របស់លោកសមរង្ស៊ីនឹងទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងអាណាធិបតេយ្យ។

ឃ្លីប

ដោយឡែក អ្នកច្បាប់មួយរូប លោក សាវម៉ៅ បានហៅថាទង្វើចុងក្រោយរបស់លោកសមរង្ស៊ីទាក់ទងទៅនឹងការវាយប្រហារព្រះមហាក្សត្រគឺជាការរំលោភរដ្ឋធម្មនុញ្ញ និង រាជបល្ល័ង្គ លោកបានភ្ជាប់ជាមួយចំណុចដែលថាលោកសមរង្ស៊ីបានអំពាវនាវឱ្យកងកម្លាំងបែរកាណុងទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុនសែន និង  ការអំពាវនាវឱ្យពលរដ្ឋងើបឡើងនូវអំពើជិះជាន់របស់រដ្ឋាភិបាល។

លោក​បានហៅការណ៍ទាំងនេះថាជាអង្គហេតុគ្រប់គ្រាន់ក្នុងការឱ្យតុលាការសហការនឹងអាជ្ញាធរដែនដីធ្វើការអនុវត្តច្បាប់ ព្រោះលោកថាទម្រង់នៃមិនមែនជារឿងប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនោះទេ។

ចំពោះប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកសុខទូចបានហៅការបង្កើតវេទិកានេះថាដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានដឹងថានៅពីក្រោយផែនការលោកសមរង្ស៊ីមកស្រុកវិញជាអ្វី  ហើយលោកបានការពារការដឹកនាំ​របស់លោករដ្ឋាភិបាលបច្ចុប្បន្នដែលប្រសូតឡើងពីការបោះឆ្នោតនៅថ្ងៃ២៩កក្កដាឆ្នាំ២០១៨ ដោយថា ពលរដ្ឋមកបោះឆ្នោតមានសម្លេងលើសលុប ធ្វើឱ្យយុទ្ធនាការដេកផ្ទះឈ្នះឯងរបស់លោកសមរង្ស៊ីបរាជ័យ ។

លោកសមរង្ស៊ីចង់ឱ្យអតីតគណបក្សនយោបាយខ្លួនបានដូចនៅវេណេហ្សូអេឡា តែមិនចេះឡើយក្នុងការធ្វើទំនាក់ទំនងនឹងអាស៊ាន។ លោកថា លោកសមរង្ស៊ីមិនហ៊ានចុលស្រុកនោះទេ ហើយកម្ពុជាក្នុងពេលបច្ចុប្បន្នកំពុងស្ថិតក្នុងកណ្ដាប់ដៃអ្នកមានបទពិសោធន៍សង្គ្រាម។

យ៉ាងណាក៏ដោយលោកសមរង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនបានប្រកាសថាការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់កំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្ដរជាតិគឺសហរដ្ឋអាមេរិក សហភាពអឹរ៉ុប ក្រឹមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សភាអន្ដរជាតិ អាយភីយូ អ្នកតំណាងរាស្រ្ដនៃសមាគមអាស៊ាន និងអង្គការអន្ដរជាតិជាច្រើន​ទៀតមាន​ដូចជាអង្គការ human rights watch ជាដើម។លោកសមរង្ស៊ីបាន​ប្រកាសថា​ការវិលមកវិញ​របស់លោក​នៅថ្ងៃ៩វិច្ឆិកា គឺដើម្បីធ្វើឱ្យមានដំណោះស្រាយនយោបាយឡើងវិញហើយ គណបក្សសង្គ្រោះជាតិ នឹងរស់ឡើងវិញ។ ប៉ុន្ដែទន្ទឹមនឹងនេះលោកសមរង្ស៊ីអះអាងថា វត្តមានរបស់លោកក៏អាចបញ្ចប់ការគ្រប់​គ្រងមួយដែលលោកថាផ្ដាច់ការ។ តែយ៉ាងណា រាជរដ្ឋាភិបាល និងបក្សកាន់អំណាច បានប្រកាស​អោយថា សមត្ថកិច្ចគ្រប់ជាន់ដាក់បានត្រៀមរួចហើយដើម្បី ចាប់ខ្លួនលោក​សមរង្ស៊ី​ទៅពន្ធនាគារ​ក្រោម​បទចោទ ពីបទប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល៕

Share

Image
Image
Image