en     km
en     km

រយៈពេល​ ៩​ខែ​ឆ្នាំ​២០១៨​ រន្ទះបាញ់​សម្លាប់​មនុស្ស​ជិត​ ១០០​នាក់​

Share

​ភ្នំពេញ​ ៖​ របាយការណ៍​ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បញ្ជាក់​ថា​ ៩​ ខែ​ដើមឆ្នាំ​២០១៨​ រន្ទះបាញ់​បាន​សម្លាប់​មនុស្ស​ជិត​ ១០០​នាក់​។​ តែបើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧​ ចំនួន​នេះ​គឺ​មានការ​កើនឡើង​។​ មន្ដ្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​អនុវត្ដ​ វិធាន​សុវត្ថិភាព​ដើម្បី​ការពារ​រន្ទះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​មន្ដ្រី​នាំពាក្យ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បាន​វាយតម្លៃ​ករណី​គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៨​នេះ​ មាន​ភាព​កាច​សាហាវ​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយ​យោង​លើ​តួលេខ​អ្នក​ស្លាប់​ និង​ការ​រង​ផល​ប៉ះពាល់​លើ​ដំណាំ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ កែវ​ វី​ មន្ដ្រី​នាំពាក្យ​ គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្ដរាយ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គិត​ពី​ខែមករា​ ដល់​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​ រន្ទះ​ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​ ៩៦​នាក់​ និង​រង​របួស​ចំនួន​ ៦៣​នាក់​។​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​ ៩៦​នាក់​ មាន​ស្ដ្រី​ ២៦​នាក់​។​ មន្ដ្រី​នាំពាក្យ​បន្ដ​ថា​ ជន​រង​គ្រោះ​ទាំងអស់​មាននៅ​ខេត្ដពោធិ៍សាត់​ កំពង់ធំ​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ដឧត្ដរមានជ័យ​។​ លើស​ពី​នេះ​ ក៏​មាន​សត្វ​គោ​ ក្របី​ ចំនួន​ ១០១​ក្បាល​ផង​ដែរ​ ដែល​ត្រូវ​រន្ទះបាញ់​ងាប់​។​

​មន្ដ្រី​នាំពាក្យ​ បន្ដ​ទៀត​ថា​ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​ ចំនួន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​ នៅ​ឆ្នាំ​២០១៨​នេះ​ គឺ​មានការ​កើនឡើង​។​ ពីព្រោះ​តែ​បាតុភូត​អាកាសធាតុ​ឆ្នាំ​នេះ​ ហាក់​មិនសូវ​ល្អ​ ដោយសារ​តែ​ការ​រង​ឥទ្ធិពល​ពី​ព្យុះ​ ដែល​កើត​នៅ​ប្រទេស​ជិតខាង​កម្ពុជា​ ៖«​ឆ្នាំ​មុន​តិច​តូច​ទេ​ (២០១៧)​ ឆ្នាំ​មុន​ខ្ទង់​មួយ​ឆ្នាំ​ហ្នឹង​តែ​ ៧០​ ទៅ​៨០​នាក់​ទេ​។​ ឆ្នាំ​នេះ​គ្រោះថ្នាក់​សារ​រន្ទះ​វា​ច្រើន​ជាង​ ដោយសារ​យើង​មើល​ហើយ​ស្ថានភាព​អាកាសធាតុ​មានការ​ផ្លាស់​ប្ដូរ​ច្រើន​ វា​មាន​ខ្យល់ព្យុះ​ក្នុង​តំបន់​ច្រើន​។​ វា​បង្កើត​ជា​ជ្រលង​សម្ពាធ​ផ្សេងៗ​ដាក់​មក​លើ​ស្រុក​ខ្មែរ​យើង​ មាន​ខ្យល់​ មាន​ព្យុះ​អ​ញ្ចឹ​ង​ទៅ​ វា​ក៏​បង្ក​ឲ្យ​មានការ​រង​គ្រោះ​ដោយសារ​រន្ទះ​ហ្នឹង​ក៏​ច្រើន​ដែរ​»​។​

​ករណី​រន្ទះបាញ់​នេះ​ គឺជា​គ្រោះ​ធម្មជាតិ​ដែល​ងាយ​នឹង​កើតឡើង​ វាយប្រហារ​មិន​ថា​ មនុស្ស​ សត្វ​ ដើមឈើ​ ឬ​ផ្ទះសំបែង​នោះ​ទេ​។​ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ក្លាយជា​ចំណុច​គោលដៅ​របស់​រន្ទះ​ លោក​ ចាន់​ យុ​ត្ថា​ មន្ដ្រី​នាំពាក្យ​ ក្រសួង​ធនធានទឹក​ មាន​ប្រសាសន៍​ថា​ កាលណា​ពលរដ្ឋ​បាន​សង្កេត​ឃើញ​ ផ្ទៃមេឃ​ពពក​ឡើង​ខ្មៅ​ រកកល​ចង់​ភ្លៀង​ គឺ​មិន​ត្រូវ​ស្ថិត​នៅ​កន្លែង​ដែល​មានទឹក​ដក់​ឡើយ​។​ លើស​ពី​នេះ​ មិន​ត្រូវ​កាន់​សម្ភារ​ដែល​ធ្វើ​ពី​លោហៈ​ មាន​ដូច​ជា​ កាំ​បិទ​ ពូថៅ​ ចបជីក​ និង​ចបកាប់​ជាដើម​ ហើយ​រឹតតែ​សំខាន់​ទៀត​នោះ​ គឺ​មិន​ត្រូវ​ជ្រក​កោ​ម​ដើមឈើ​ ហើយ​ត្រូវ​ទៅ​រក​ទីកន្លែង​ដែល​ស្ងួត​ ស្រឡះ​ និង​អង្គុយ​ចុះ​ឲ្យ​ទាប​ បន្ទាប់​មក​យកដៃ​ក្ដោប​ស្លិ​ត្រចៀក​។​ វិធី​នេះ​ គឺ​ត្រូវ​ប្រើ​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ កំពុង​ស្ថិត​នៅ​កណ្ដាលវាល​៖«​យើង​ត្រូវ​តែ​គេច​ពី​ដើមឈើ​ ហើយ​ទៅ​រក​វាល​ វាល​ឲ្យ​ស្រឡះ​ ហើយ​យើង​អង្គុយ​ចុះ​ឲ្យ​ទាប​ បាន​យើង​អង្គុយ​ អង្គុយ​ចោងហោង​ ឱន​ទៅ​មុខ​ ហើយ​យកដៃ​ទាំង​ពីរ​ ក្ដោប​ស្លឹកត្រចៀក​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​របស់​យើង​កាន់តែ​ទាប​ កាន់តែ​ល្អ​។​ ចំណុច​មួយទៀត​ដែរ​ ប្រសិនបើ​មាន​គ្រឿង​អេ​ឡិច​ត្រូ​ច​និក​ ផ្សេងៗ​ មាន​ដូច​ជា​ ទូរស័ព្ទ​ កូន​វិទ្យុ​ កូន​ម៉ា​ញ៉េ​អី​ គឺថា​ សូម​បិទ​វា​ ហើយ​បើ​យក​ល្អ​ គឺ​ដោះ​ថ្ម​ចេញ​តែ​ម្ដង​ ដើម្បី​កុំ​ឲ្យ​មាន​ចរន្ដអគ្គិសនី​ឆ្លងកាត់​»​។​

​ទន្ទឹម​នឹង​នេះ​ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដែល​នៅ​ក្នុងផ្ទះ​ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ គួរតែ​ផ្ដាច់​ចោល​ឲ្យ​អស់​នូវ​ចរន្ដអគ្គិសនី​ បញ្ឈប់​ការ​មើល​ទូរទស្សន៍​ ការ​ស្ដាប់​វិទ្យុ​ ការ​ប្រើ​អ៊ិ​ន​ធើ​ណេ​ត​ ឬ​ការ​និយាយ​ទូរស័ព្ទ​ជាដើម​។​ មន្ដ្រី​ពាក្យ​ ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ប្រសិនបើ​ ពលរដ្ឋ​អាច​អនុវត្ដន៍​តាម​អ្វី​ដែល​ជម្រាប​ជូន​ខាងលើ​នេះ​បាន​ គឺ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​បាន​ក្នុង​កម្រិត​ខ្ពស់​។​

​សូម​ជម្រាប​ថា​ ក្នុង​អំឡុង​ជាង​ ២​ខែ​ ជំនន់​ទន្លេមេគង្គ​ និង​ជំនន់​ទឹកភ្លៀង​ បាន​វាយប្រហារ​រាជធានី​ ខេត្ដ​ ចំនួន​ ២៣​ លើកលែង​ខេត្ដមណ្ឌលគិរី​ និង​ឧត្ដរមានជ័យ​។​ ជំនន់​ទឹកភ្លៀង​ មិន​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នោះ​ទេ​ ក៏​ប៉ុន្ដែ​ជំនន់​ទន្លេមេគង្គ​ បាន​ឆក់​យក​ជីវិត​មនុស្ស​ ៦១​នាក់​។​ ជន​រង​គ្រោះ​ទាំង​ ៦១​នាក់​ មាននៅ​ខេត្ដកំពង់ចាម​ ២៦​នាក់​ ព្រៃវែង​ ២៧​នាក់​ ស្ទឹង​ត្រែង​ ៤​នាក់​ ក្រចេះ​ ៣​នាក់​ និង​ខេត្ដ​ត្បូងឃ្មុំ​ ម្នាក់​។​

​លោក​ កែវ​ វី​ បាន​ប្រាប់​ទៀត​ថា​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ ជំនន់​ទឹកភ្លៀង​ និង​ជំនន់​ទន្លេមេគង្គ​ មាន​ចំនួន​ ១៣៤​ពាន់​ ៨៥៧​គ្រួសារ​ ស្ថិត​ក្នុង​រាជធានី​ ខេត្ដ​ទាំង​ ២៣​។​ ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​ចំនួន​ ១​ម៉ឺ​ ២​ពាន់​ ០១២​គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ចេញ​ ដោយសារ​ទឹក​លិច​។​ បន្ថែម​ពី​នេះ​ ផ្ទះ​ចំនួន​ ២៤០​ខ្នង​ ត្រូវ​បាន​រុះរើ​ ពីព្រោះ​តែ​ការ​បាក់​ច្រាំង​ទន្លេ​។​ សាលារៀន​ ២៣៥​កន្លែង​ វត្ដ​អារាម​ ១៣៤​កន្លែង​ និង​មណ្ឌល​សុខភាព​ ២៨​កន្លែង​ ទឹក​បា​លិច​។​

​មន្ដ្រី​នាំពាក្យ​ គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​រយៈពេល​ទឹក​លិច​ជាង​ ២​ខែ​នេះ​ គោ​ ក្របី​ ចំនួន​ ៣៥០០៧​ក្បាល​ ត្រូវ​បាន​ជម្លៀស​ចេញ​ ហើយ​មាន​ងាប់​ចំនួន​ ២៨​ក្បាល​។​ ទឹកបាន​លិច​ស្រូវ​សម្ទូង​ និង​ស្រូវពង្រោះ​ ១០៦​ពាន់​ ០១៣​ហិច​តា​ ហើយ​ខូច​អស់​ ៥​ម៉ឺន​ ៤​ពាន់​ ៤៩៥​ហិច​តា​។​ មិនតែប៉ុណ្ណោះ​ទឹក​ក៏​បាន​លិច​ដំណាំ​រួម​ផ្សំ​ប្រមាណ​ ១​ម៉ឺន​ ៦​ពាន់​៧១៧​ហិច​តា​ បណ្ដាល​ឲ្យ​ខូច​អស់​ ១​ម៉ឺន​ ១​ពាន់​ ៣៨៥​ហិច​តា​ផង​ដែរ​៕

Share

Image
Image
Image