en     km
en     km

រយៈពេល​ ២​ស​ប្ដា​ហ៍​ក្នុង​ខែកុម្ភៈ​ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ៧​ករណី​មក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​

Share

​ភ្នំពេញ​ ៖​ រយៈពេល​ពីរ​ ស​ប្ដា​ហ៍​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​រាជធានី​ភ្នំពេញ​ បាន​ទទួល​ព្យាបាល​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​ ៧​ករណី​ អាយុ​ចន្លោះ​ពី​ ៩​ខែ​ ដល់​ ១៣​ឆ្នាំ​ មាន​កុមារី​ ៣​នាក់​ និង​ កុមា​រា​ ៤​នាក់​ មក​ពី​រាជធានី​ ខេត្ដ​ចំនួន​ ៦​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​នេះ​។​

​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ទាំង​ ៧​ករណី​នេះ​ មាន​កុមារ​កើត​ជំងឺរបេង​ធ្ងន់ធ្ងរ​ ដូច​ជាង​ របេង​សួត​គ្រាប់​ខ្សាច់​ របេង​ស្រោមខួរ​ក្បាល​ និង​របេង​ដុំ​សាច់​ខួរក្បាល​។​ កុមារ​ទាំង​អស់នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​ ដោយ​ពុំ​ត្រូវ​បាន​គិត​ប្រាក់​ឡើយ​ កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនេះ​ គឺ​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​ទីទ័ល​ក្រ​។​

​កុមារ​ទាំង​ ៧​ករណី​នេះ​ គឺ​ត្រូវ​បាន​មើល​ពិនិត្យ​ និង​មើលឃើញ​ដោយ​ការ​ថត​ឆ្លុះ​ ជាមួយ​ម៉ាស៊ីន​ CT​ ស្កែ​ន​ និង​ MRI​ ដែល​បញ្ជាក់​ច្បាស់​ដោយ​ មន្ទីរពិសោធន៍​រក​មេរោគ​របេង​ GenExpert​។​ ក្រោយ​ការ​ពិនិត្យ​ កុមារ​ទាំង​អស់នេះ​ ពុំ​មាន​ករណី​ណាមួយ​ដែល​មាន​មេរោគ​ស៊ាំ​ទៅ​នឹង​ថ្នាំ​របេង​ឡើយ​ ពួក​គេ​ត្រូវ​ទទួល​ការ​ព្យាបាល​រយៈពេល​ ១២​ខែ​។​ កុមារ​ ទាំង​អស់នេះ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ ២​នាក់​ កំពង់ធំ​ម្នាក់​ ស្វាយ​រៀង​ម្នាក់​ តាកែវ​ម្នាក់​ កណ្ដាល​ម្នាក់​ និង​ខេត្ដកំពង់ចាម​ម្នាក់​។​

​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គឺជា​កេរ្ដិ៍​មរតក​របស់​លោក​ វេជ្ជបណ្ឌិត​ Beat​ Richner​ សញ្ជាតិ​ស្វី​ស​។​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ បាន​ចាត់​ទុក​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ គឺជា​ព្រះ​ដែល​បាន​ជួយ​ដល់​កុមារ​ខ្មែរ​ មាន​ជីវភាព​ក្រីក្រ​រាប់​លាន​នាក់​។​ លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ នៅ​ឆ្នាំ​១៩៩២​ ដើម្បី​ជួយ​ព្យាបាល​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ ដោយ​ឥត​គិតថ្លៃ​។​ ក្នុង​មួយ​ថ្ងៃៗ​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​កុមារ​ក្រីក្រ​ មក​ពី​គ្រប់​ច្រកល្ហក​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ យ៉ាង​ហោច​ណាស់​ ១៥០​ ទៅ​ ២០០​នាក់​។​

​យោង​តាម​របាយការណ៍​មន្ទីរពេទ្យ​ គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២​ រហូត​ដល់​ឆ្នាំ​២០១៦​ អ្នកជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ ពិសេស​ស្ដ្រី​ និង​កុមារ​ប្រមាណ​ជាង​ ១៥​លាន​នាក់​ បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គិត​មក​ដល់​ឆ្នាំ​២០១៧​ មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ​ មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​ ២៥០០​នាក់​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ប្រកាន់ខ្ជាប់​នូវ​បទបញ្ជាផ្ទៃក្នុង​ គឺ​គ្រូពេទ្យ​ទាំងអស់​ ដាច់ខាត​មិន​ត្រូវ​ទារប្រាក់​ពី​គ្រួសារ​អ្នកជំងឺ​ឡើយ​ ហើយ​ក៏​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​ ឆ្លៀត​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ នៅ​គ្លីនិក​ឯកជន​នោះ​ដែរ​។​ បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​មនុស្សធម៌​នេះ​ មាន​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​៕​

Share

Image
Image
Image