en     km
en     km

របាយការណ៍​៖​អត្រា​កម្មករ​-​កម្មការិនី​រោងចក្រ​ដួល​សន្លប់​ឆ្នាំ​២០១៧​ដូចនឹង​ឆ្នាំ​មុន​

Share

​ភ្នំពេញ៖ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​សហជីព​ការពារ​កម្មករ​បង្ហាញ​ផល​វិជ្ជមាន​ចំពោះ​ការ​ទប់ស្កាត់​ ត្រួតពិនិត្យ​ស្តង់ដា​រោងចក្រ​និង​សុវត្ថិភាព​ការងារ​មាន​លក្ខណៈ​ល្អ​ប្រសើរ​គឺ​អត្រា​កម្មករ-​កម្មការិនី​ដួល​សន្លប់​ឆ្នាំ​២០១៧​និង​ឆ្នាំ​មុន​មាន​ចំនួន​ដូច​គ្នា​។​ចំពោះ​ករណី​នេះ​ ក្រសួង​ការងារ​នឹង​ចាប់​អនុវត្ត​ដាក់​ពិន័យ​និង​ទោសទណ្ឌ​ចំពោះ​ម្ចាស់​​គ្រឹះស្ថាន​ សហគ្រាស ​មិន​គោរព​លក្ខ​ខណ​ការងារ​និង​ស្តង់ដា​សុវត្ថិភាព​ការងារ​ក្នុង​រោងចក្រ​។​

                         កម្មការិនីដួលសន្លប់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅឆ្នំា២០១៧។ប្រភពរូបភាព៖ facebook


​បើ​យោង​តាម​របាយការណ៍​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្ហាញ​ថា​អត្រា​កម្មករ​-​កម្មការិនី​រោងចក្រ​ដួល​សន្លប់​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​១១៦០​នាក់​ស្មើនឹង​ឆ្នាំ​២០១៦​ខណៈ​ដែល​ករណី​កម្មករ​-​កម្មការិនី​ដួល​សន្លប់​កាលពី​ឆ្នាំ​២០១៤​និង​២០១៥​មាន​ចំនួន​១៨០៦​នាក់​។​

​យោង​តាម​របាយការណ៍​នេះ​បញ្ជាក់​ថា​មូលហេតុ​បណ្តាល​ឲ្យ​ដួល​សន្លប់​ដោយសារ​ការ​សាយភាយ​សារធាតុ​គីមី​ រោងចក្រ​មិន​មាន​ស្តង់ដា​ បរិយាកាស​មិនល្អ​ ចង្អៀត​ ផ្នែក​ចិត្តសាស្ត្រ​សង្គម​ ករណី​កម្មករ​ស្លុត​ដួល​សន្លប់​តាម​គ្នា​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​ ប៉ុក​ វណ្ណ​ថា​ត​ ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ការ​ដួល​សន្លប់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ករណី​កម្មករ​កម្មការិនី​រោងចក្រ​សន្លប់​នៅ​ឆ្នាំ​២០១៧​នេះ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ព្រោះ​ក្រសួង​ខិតខំ​ប្រឹងប្រែង​រឹង​បណ្តឹង​ការ​អនុវត្ត​ច្បាប់​និង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​កម្មករ​និ​យោ​ជិ​ក​និង​និយោជក​អំពី​ការ​ទប់ស្កាត់​ការ​ដួល​សន្លប់​កម្មករ​។​

លោក​វេជ្ជបណ្ឌិត​ ប៉ុក​ វណ្ណ​ថា​ត​ សង្កត់ធ្ងន់​ថា​ក្រសួង​ការងារ​នឹង​ចាប់ផ្តើម​ធ្វើការ​ផាកពិន័យ​ចំពោះ​រោងចក្រ​ណា​មិន​អនុវត្ត​តាម​គោល​ការ​ណែនាំ​អំពី​សុវត្ថិភាព​ការងារ​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

លោក​វេជ្ជបណ្ឌិត​ ប៉ុក​ វណ្ណ​ថា​ត៖«​លើក​ក្រោយ​នេះ​ចំពោះ​រោងចក្រ​ណា​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដួល​សន្លប់​ដោយ​មិន​អនុវត្ត​តាម​សេចក្តីជូនដំណឹង​១១​ចំណុច​របស់​ក្រសួង​នឹង​ធ្វើការ​ផាកពិន័យ​ហើយ​។​»

​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​រក្សា​សុវត្ថិភាព​កម្មករ​ កម្មការិនី​ ពេល​បំពេញការងារ​ចំនួន​ ១១​ចំណុច​ ដែល​តម្រូវ​ឲ្យ​ម្ចាស់​គ្រឹះស្ថាន​ និង​ សហគ្រាស​ត្រូវ​អនុ​វត្ថ​តាម​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ការងារ​ ព្រមទាំង​បង្ការ​ការ​កើត​មាន​ករណី​ដួល​សន្លប់​ជាយថាហេតុ​។​

​ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​បំផុត​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​នានា​ ដែល​មាន​ជា​ធរ​មា​ចំពោះ​ម្ចាស់​គ្រឹះស្ថាន​ និង​នាយក​សហគ្រាស​ទាំងអស់​មិន​អនុវត្ត​តាម​ចាប់ពី​ឆ្នាំ​ ២០១៨​តទៅ​។​

​​​​​​​​​​​​​​​​​​​​​​​                                           លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា 



​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ទទួលស្គាល់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​លទ្ធផល​វិជ្ជមាន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​ទប់ស្កាត់​ករណី​ដួល​សន្លប់​របស់​កម្មករ​រោងចក្រ​កាលពី​ឆ្នាំ​មុន​។​

លោក​ អាត់​ ធន់​ មើលឃើញ​ថា​មូល​ចំបង​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ​បណ្តាល​មក​ពី​កត្តា​សុខភាព​កម្មករ​ចុះ​ខ្សោយ​ព្រោះ​របប​អាហារ​ខ្វះ​ជីវជាតិ​ ការ​ធ្វើ​ការងារ​ហួសកម្លាំង​ រោងចក្រ​គ្មាន​ស្តង់ដា​ការងារ​និង​ការ​សាយភាយ​សារធាតុ​គីមី​ជាដើម​។​

​លោក​ អាត់​ ធន់​ ៖«​ខ្ញុំ​ឃើញ​តួលេខ​មិន​ជាង​គ្នា​គឺ​ប្រហាក់ប្រហែល​គ្នា​ ហើយ​ការ​សន្លប់​គឺ​ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពី​ក្រសួង​ផង​បាន​វា​នៅ​ប៉ុណ្ណឹង​ បើ​កុំ​មានការ​យកចិត្ត​ទុក​ច្រើន​ឆ្នាំ​នេះ​ប្រហែល​ខ្ញុំ​គិត​ថា​ច្រើន​ជាង​នេះ​ព្រោះ​ចុះ​ច្រើន​ ចុះ​ពិនិត្យ​ នៅ​សន្លប់​ប៉ុណ្ណឹង​។​»

​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ផ្ដល់​ការងារ​ដល់​ស្ត្រី​ប្រមាណ​៧០​ម៉ឺន​នាក់​នឹង​ទទួល​បាន​ប្រាក់ខែ​គោល​១៧០​ដុល្លារ​ចាប់ពី​ខែមករា​ ឆ្នាំ​២០១៨​នេះ​។​ទោះបី​យ៉ាងណា​ លោក​ អាត់​ ធន់​ មើលឃើញ​ថា​កម្មករ​ កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ នៅ​តែ​ប្រឈម​បញ្ហា​សុវត្ថិភាព​និង​កិច្ចសន្យាការងារ​។​

​រដ្ឋាភិបាល​ប្រកាស​ជា​សាធារណៈ​អនុញ្ញាត​ឲ្យ​កម្មករ​ កម្មការិនី​ ចាប់ពី​ឆ្នាំ​នេះ​ទៅ​ទទួល​បាន​សេវា​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិតថ្លៃ​។​បន្ថែម​ពី​នេះ​ថា​ក​ម្មា​រិ​នី​មាន​ផ្ទៃពោះ​នឹង​ចេញពី​ធ្វើការ​មុន​ម៉ោង​ចំនួន​១៥​នាទី​និង​រដ្ឋាភិបាល​ឧបត្ថម្ភក​ម្មា​រិ​នី​សម្រាលកូន​ម្នាក់​ទទួល​បាន​៤០​ម៉ឺន​រៀល​ កូនភ្លោះ​២​នាក់​៨០​ម៉ឺន​រៀល​ និង​កូនភ្លោះ​៣​នាក់​ ទទួល​បាន​១​លាន​២០​ម៉ឺន​រៀល​និង​ក្លាយជា​កូនចិញ្ចឹម​របស់​នាយក​រដ្ឋមន្ត្រី​និង​ប្រាក់​ឧបត្ថម្ភ​៥​លាន​រៀល​ថែម​ទៀត​៕

Share

Image
Image
Image