ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានប្រាប់សាលារាជធានីភ្នំពេញ ឲ្យត្រៀមរថយន្ដសាធារណៈ សម្រាប់ឲ្យពលរដ្ឋជិះក្នុងរាជធានី និងដឹកទៅស្រុក ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីភ្ជុំបិណ្ឌ។ មន្ដ្រីនាំពាក្យសាលារាជធានី បញ្ជាក់ថា សម្ដេចចង់រួមចំណែកកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ពេលទៅស្រុកក្នុងឱកាសបុណ្យទាន។ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញ បានសម្រេចយករថយន្តក្រុង ចំនួន២១៥គ្រឿង បើកបរដឹកពលរដ្ឋទាំងនៅរាជធានី និងទៅខេត្តសម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ។
លោក លៀ ស៊ីណា រាយការណ៍៖
លោក ម៉េត មាសភក្ដី មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០៤ តុលា ថា រថយន្ដទាំង ២១៥គ្រឿងនេះ មាន ៩៥គ្រឿង ត្រៀមសម្រាប់បម្រើសេវាដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ និង ១២០គ្រឿងទៀត ត្រៀមសម្រាប់បម្រើសេវាដឹកប្រជាពលរដ្ឋទៅស្រុកកំណើត។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អាចជិះរថយន្ដសាធារណៈបាន ដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទៅស្រុកកំណើត រថយន្ដសាធារណៈរបស់រដ្ឋ នឹងផ្ដើមចេញដំណើរចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ រថយន្ដសាធារណៈ នឹងផ្ដើមចេញដំណើរពីម៉ោង ៥៖៣០ នាទីព្រឹក។ មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ បញ្ជាក់ថា ពលរដ្ឋមិនចាំបាច់មានសំបុត្រទេ គ្រាន់តែទៅដល់ចំណត គឺអាចជិះរថយន្ដទៅស្រុកបាន ៖«បាទត្រូវហើយដូចដែលយើងធ្លាប់រៀបចំកាលពីលើកទី១ លើកមុនអញ្ចឹង។ គឺការរៀបចំផ្ដល់ជូននេះសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ មិនចំពោះទេ។ គឺឲ្យតែបងប្អូនប្រជាពលរដ្ឋយើងមានចំណង ធ្វើដំណើរទៅតាមកាលបរិច្ឆេទ។ និយាយដោយឡែកសម្រាប់អ្នកធ្វើដំណើរទៅតាមខេត្ដ គឺគាត់គ្រាន់តែដឹង អំពីទីតាំង និងពេលវេលាដែលត្រូវចេញដំណើរ។ អ្នកដែលទៅដល់មុនគេ គាត់អាចទទួលបានអាទិភាពក្នុងឡើងរថយន្ដមុនគេ ហើយនិងផ្ដល់ជូនជាបន្ដបន្ទាប់»។
ប្រជាពលរដ្ឋមានស្រុកកំណើតនៅ ស្វាយរៀង ព្រៃវែង តាកែវ កែប ចំណតរថយន្ដស្ថិតនៅផ្លូវ ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុន ម៉ែកស៊ីដែសបិន។ ចំណែករថយន្ដចេញដំណើរទៅខេត្ដ កំពត កំពង់ស្ពឺ និងខេត្ដព្រះសីហនុ ចំណតស្ថិតនៅផ្សារសិនជូរីផ្លាហ្សា។ ដោយឡែកសម្រាប់រថយន្ដចេញដំណើរទៅខេត្ដ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ ចំណតស្ថិតនៅសួនច្បារឬស្សីកែវ។ បន្ថែមពីនេះ រថយន្ដចេញដំណើរទៅខេត្ដកំពង់ធំ សៀមរាប និងខេត្ដកំពង់ចាម ចំណតស្ថិតនៅផ្លូវបេតុក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារខាងជើងរង្វង់មូលព្រហ្មមុខ ៤។ លើសពីនេះ រថយន្ដដែលចេញដំណើរទៅខេត្ដ ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង ចំណតស្ថិតនៅគីឡូម៉ែត្រលេខ ៩។
យ៉ាងលោក ម៉េត មាសភក្ដី បញ្ជាក់ថា រថយន្ដរបស់សាលារាជធានីភ្នំពេញ នឹងជូនពលរដ្ឋទៅគ្រប់ខេត្ដ គ្រាន់តែខេត្ដខ្លះ សាលារាជធានីភ្នំពេញ មិនបានដាក់លម្អិត ដោយសារតែខេត្ដនោះស្ថិតនៅតាមផ្លូវដែលរថយន្ដឆ្លងកាត់៖«ឧទាហរណ៍ថា ខេត្ដកណ្ដាលអញ្ចឹង ផ្លូវជាតិលេខ១ហ្នឹង ក្នុងតម្រាយផ្លូវរបស់យើងមានដាក់ថា ពីភ្នំពេញស្វាយរៀង ភ្នំពេញ ព្រៃវែង តែតាមពិតយើងត្រូវជិះឆ្លងកាត់ខេត្ដកណ្ដាលសិន។ មិនអាចថា ចេញភ្នំពេញទៅដល់ស្វាយរៀងទេ។ អញ្ចឹងហើយបានជាក្រដាស់នេះអត់បានបញ្ជាក់នៅក្នុងហ្នឹង។ តែលោកអាចអញ្ជើញទៅតាមផ្លូវជាតិ នៅលើតម្រាយផ្លូវដែលបងប្អូនរបស់យើង ដឹងថា ខេត្ដគាត់ត្រូវជិះតាមផ្លូវណា»។
ការរៀបចំឲ្យមានរថយន្ដក្រុងសាធារណៈរបស់រដ្ឋដើម្បីដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃនេះ គឺជាលើកទី២ហើយ ដែលកាលពីលើកទីមួយ គឺធ្វើឡើងក្នុងឱកាសពិធីបុណ្យឆ្នាំប្រពៃណីជាតិ កាលពីដើមខែមេសា ឆ្នាំ២០១៨។
មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ បានប្រាប់ថា នេះជាចេតនារបស់សម្ដេច ហ៊ុន សែន ដែលចង់ចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋគ្រប់រូប នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងមួយវិញទៀត បំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យទានម្ដងៗ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋបាលរាជធានីភ្នំពេញ លោកក៏សំណូមពរផងដែរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបមុនពេលដែលចេញដំណើរទៅស្រុកកំណើត ឬក៏ទៅកម្សាន្ដនៅទីកន្លែងណាមួយ មុនពេលចេញដំណើរត្រូវធ្វើឲ្យប្រាកដថា ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី ត្រូវបានបិទ និងមួយវិញទៀត លោកស្នើឲ្យអ្នកបើកបរយានយន្ដទាំងអស់ ត្រូវបើកបរដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីធ្វើយ៉ាងណាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាស របស់ក្រសួងការងារ បានបញ្ជាក់ថា កម្មករ និយោជិត មន្ដ្រីរាជការទាំងអស់ គឺត្រូវបានឈប់សម្រាករយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨៕