en     km
en     km

រដ្ឋាភិបាល​រំពឹង​ថា​ ក្រោយ​កម្មករ​ កម្មការិនី​ ចូល​និវត្ដ​នឹង​មិន​ជួប​បញ្ហា​ជីវភាព​

Share

​ភ្នំពេញ​ ៖​ ក្នុង​ពិធី​បូក​សរុប​សមិទ្ធផល​រយៈពេល​ ១០​ឆ្នាំ​ កាលពីដើម​ស​ប្ដា​ហ៍​នេះ​ នាយក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ មាន​ប្រសាសន៍​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ដាក់​ឲ្យ​មាន​របប​សោធន​និ​វត្ស​សម្រាប់​កម្មករ​ កម្មការិនី​ ចាប់ពី​ឆ្នាំ​២០១៩​ គឺ​ក្នុង​គោលបំណង​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​ជីវភាព​ក្រោយ​ដល់​អាយុ​ចូល​និវត្ដ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

លោក​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ កម្មករ​ កម្មការិនី​ នឹង​ទទួល​បាន​ប្រាក់​សោធន​និ​វត្ស​ដូច​ទៅ​នឹង​មន្ដ្រីរាជការ​ ក្រោយ​ពី​ពួក​គេ​ដល់​អាយុ​ចូល​និវត្ដ​។​ របប​សោធន​និវត្ដ​សម្រាប់​កម្មករ​ កម្មការិនី​នេះ​ នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ឆ្នាំ​២០១៩​។​ កម្មករ​ កម្មការិនី​ ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ លុះត្រាតែ​រោងចក្រ​ សហគ្រាស​ របស់​ពួក​គេ​បាន​​ទៅ​ចុះបញ្ជី​កា​ស្របច្បាប់​នៅ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​

​លោក​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មូលហេតុ​ដែល​រាជរដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​របប​សោធន​និ​វត្ស​ សម្រាប់​កម្មករ​នេះ​ គឺ​ក្នុង​គោលបំណង​ផ្ដល់​ការ​គាំពារ​សង្គម​ជូន​ពួក​គេ​ ដែល​មាន​ជា​អាទិ៍​គ្រោះថ្នាក់​ការងារ​ខណៈ​កំពុង​បំពេញការងារ​ និង​មួយវិញទៀត​ បំណង​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ កម្មការិនី​ រួច​ផុត​ពី​បញ្ហា​ជីវភាព​ ក្រោយ​ពេល​ពួក​គេ​ដល់​អាយុ​ចូល​និ​វត្ស​។​

​នាយក​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ បន្ថែម​ថា​ ការ​ផ្ដល់​ប្រាក់​សោធន​និ​វត្ស​សម្រាប់​កម្មករ​នេះ​ ក៏​អាច​ជួយ​ដល់​ពួក​គេ​ ឲ្យ​មាន​លទ្ធភាព​ជួយ​ខ្លួនឯង​ បើ​ទោះជា​មានកូន​ ឬ​គ្មាន​កូន​ ដើម្បី​ជួយ​ចិញ្ចឹម​នៅ​ពេល​ដែល​ចាស់ជរា​ក៏​ដោយ​។​

​លោក​ អ៊ុ​ក​ សមវិទ្យា​ ៖«​កាលណា​យើង​មាន​ប្រាក់​សោធន​និ​វត្ស​នេះ​ មិនមែន​ថា​ យើង​មិន​ពឹង​កូន​ទេ​ អាច​ថា​ ទោះបី​កូន​ហ្នឹង​វា​ចិញ្ចឹម​ ឬ​មិន​ចិញ្ចឹម​ គាត់​នៅ​តែ​មាន​លទ្ធភាព​រស់នៅ​ដោយ​ខ្លួនឯង​ ដូច​ជា​មន្ដ្រីរាជការ​យើង​បច្ចុប្បន្ន​អ៊ុំៗ​គាត់​ចូល​និវត្ដ​គាត់​ទទួល​បាន​»​។​

​លោក​ អ៊ុ​ក​ សមវិទ្យា​ បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ប​.​ស​.​ស​ បាន​ជូនដំណឹង​ ក៏​ដូច​ជា​ក្រើន​រំ​ឮ​ក​ដល់​ម្ចាស់​ រោងចក្រ​ សហគ្រាស​ ឲ្យ​មក​ចុះ​បញ្ជិកា​នៅ​ ប​.​ស​.​ស​ ដើម្បី​បំពេញ​កាតព្វកិច្ច​សង្គម​។​ តែ​យ៉ាងណា​លោក​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ ចំពោះ​ម្ចាស់​រោងចក្រ​ សហគ្រាស​ ដែល​ ប​.​ស​.​ស​ បាន​ជូនដំណឹង​ក៏​ដូច​ជា​ក្រើន​រំ​ឮ​ករួច​ហើយ​ ប៉ុន្ដែ​នៅ​តែ​មិន​ព្រម​មក​ចុះ​បញ្ជិកា​ ដើម្បី​បំពេញ​កាតព្វកិច្ច​នេះ​ ប​.​ស​.​ស​ នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ អ៊ុ​ក​ សមវិទ្យា​៖«​អ្វី​ដែល​យើង​អនុវត្ដ​កន្លង​ទៅ​យើង​ចាប់ផ្ដើម​ អនុវត្ដ​គោលការណ៍​តាម​ច្បាប់​ យ៉ាងណា​ក៏​យើង​មិន​ភ្លេច​ការ​អប់រំ​ ការ​ណែនាំ​ ផ្សព្វផ្សាយ​។​ សហគ្រាស​ណា​ដែល​នៅ​តែ​យឺតយ៉ាវ​ក្នុង​ការ​មក​ចុះបញ្ជី​គឺ​យើង​តែងតែ​រំ​ឮ​ក​គាត់​ ជា​រឿយៗ​ ហើយ​ក្នុង​ករណី​ដែល​គាត់​នៅ​តែ​មិន​មក​ចុះ​ យើង​នឹង​អនុវត្ដ​ច្បាប់​ជា​បន្ដបន្ទាប់​»​។​

​សូម​ជម្រាប​ថា​ រយៈពេល​ជាង​ ១០​កន្លង​មកនេះ​ មាន​ម្ចាស់​រោងចក្រ​ ប្រមាណ​ជា​ ១​លាន​ ៤​សែន​នាក់​ បាន​ទៅ​ចុះ​ឈ្មោះ​ជា​សមាជិក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ និង​មាន​សហគ្រាស​ជាង​ ១​ម៉ឺន​ក៏​បាន​ចុះបញ្ជី​ដែរ​៕

Share

Image
Image
Image