en     km
en     km

រាជរដ្ឋាភិបាល​នឹង​​អនុវត្ត​​ម៉ឺងម៉ាត់​បំផុត​ចំពោះ​អ្នក​បំពាន​ច្បាប់​ចរាចរណ៍ចាប់ពីថ្ងៃទី១៥ មីនា​ តទៅ​

Share

​ភ្នំពេញ​៖​ នគរបាល​ចរាចរណ៍​​​នឹង​​ធ្វើការ​​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ​​ចំពោះ​អ្នក​បំពាន​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោក​ ចាប់ពី​ថ្ងៃទី​១៥​ មីនា ​តទៅ​។​ ការ​ពិ​ន័យ​​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ បង្កើន​ស​កម្ម​ភាព​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ តាម​រយៈ​ការ​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ព្រមទាំង​អំ​ពាវ​​នាវ​ដល់​ពលរដ្ឋ​ទាំងអស់​ ត្រូវ​បង្កើន​ស្មារតី​គោរព​ច្បាប់​ចរាចរ​ទាំងអស់​គ្នា​។
traffin-in-phnompehnសេចក្តី​ជូនដំណឹង​របស់​គណៈ​កម្មា​ធិការ​​​​ជាតិ​​សុវត្ថិ​ភាព​​​ចរា​ច​រ​ណ៍​​​ផ្លូវ​​គោក​​​​កាល​​ពី​ថ្ងៃ​​​ទី​ ១១​ ​ខែ​មីនា​ កន្លង​ទៅ​​ បាន​ឱ្យ​​ដឹង​​ថា​ ​ចាប់​ពី​​ថ្ងៃ​​ទី​១៥​ ខែមីនា​​ តទៅ​ ​មន្ត្រី​​ចរាចរណ៍​​ផ្លូវ​គោក​នឹង​​បង្កើន​​សកម្មភាព​​ត្រួត​ពិនិត្យ​​ការ​អនុវត្ត​​ច្បាប់​​​​បន្ថែម​​​ទៀត​ ​ដោយ​ធ្វើ​ការ​​​​ផាក​ពិន័យ​​យ៉ាង​​ម៉ឺង​ម៉ាត់​​បំផុត​​។​ ការ​​ផាក​ពិន័យ​​នេះ​​នឹង​​ធ្វើ​​ចំពោះ​​អ្នកបើក​បរ​​មិន​ពាក់មួក​​​សុវត្ថិ​ភាព​ ការ​​បើក​បរ​លើស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ មិន​គោរព​សិទ្ធិ​អាទិភាព​ ការ​ដឹក​ជញ្ជូន​លើស​ចំណុះ​បង្ក​ឱ្យ​ធ្លាក់​ ឬ​អូស​សម្ភារៈ​លើ​ផ្លូវ​បង្កើត​ធូលី​ដី​ហុយ​  ឬ​ធ្វើឱ្យ​រំខាន​ផ្សេងៗ​ទៀត​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ព្រមទាំង​ត្រួតពិនិត្យ​ពិន័យ​លើ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជាដើម​។​

​លោក​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​នរ​គ​បាល​ចរាចរ​នេះ​ ធ្វើ​ឡើង​ដើម្បី​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ប្រសិទ្ធភាព​។​ លោក​ ទី​ ឡុ​ង​ បាន​បន្ត​ទៀ​ថា​ កន្លង​ទៅ​រដ្ឋាភិបាល​បាន​ពន្យារ​ពេល​ អនុញ្ញាតិ​ឱ្យ​ពលរដ្ឋ​បំពេញបែបបទ​ ឬ​លិខិត​ស្នាម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​។​ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែមីនា​ខាង​មុខ​ ការ​រឹត​បន្តឹង​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​រួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ធ្វើ​ដោយ​ម៉ឺងម៉ាត់​បំផុត​ ព្រោះ​កន្លង​ទៅ​ មាន​ចំណុច​មួយ​ចំនួន​មិន​ទាន់​បាន​អនុវត្ត​ ឬ​មានការ​លើកលែង​។​

«​ពី​មុន​មក​ដោយសារ​មាន​ករណី​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​បញ្ហា​ឯកសារ​ យើង​បាន​លើកលែង​…​ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​ទី​ ១៥​ ខាង​មុខ​នេះ​តទៅ​ យើង​នឹង​អនុវត្ត​ច្បាប់​នេះ​ឱ្យ​ពេញលេញ​នូវ​ចំណុច​មួយ​ចំនួន​ ដែល​មិន​ទាន់​បាន​អនុវត្ត​តាំងពី​ខែ​មួយ​កន្លង​មកនេះ​»​។​

​ទន្ទឹម​នឹង​ការ​រឹត​​បន្តឹង​​​ច្បាប់​​ចរាចរណ៍​​ដ៏​​ម៉ឺងម៉ាត់​​នា​ពេល​​ខាង​មុខ​នេះ​ អនុប្រធាន​នាយកដ្ឋាន​ន​គ​រ​បាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ជា​អ្នកបញ្ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ ចាំបាច់​ត្រូវ​តែ​មាន​លិខិត​ស្នាម​ដែល​ច្បាប់​តម្រូវ​ឱ្យ​មាន​ដាក់​ជាប់​ខ្លួន​រាល់ពេល​បើកបរ​។​ លោក​ថា​ ការ​ចូលរួម​គោរព​ច្បាប់​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ល្អ​ នឹង​ធ្វើ​ឱ្យ​ប្រជា​ពល​មិន​ខាតបង់​ពេលវេលា​ ឬ​ប្រាក់​កាស់​ឡើយ​។​ ចំណែក​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ក្នុង​បទល្មើស​ផ្សេងៗ​ ដាច់ខាត​ពលរដ្ឋ​ត្រូវ​សុំ​បង្កាន់ដៃ​បង់ប្រាក់​ពី​មន្ត្រី​នរ​គ​បាល​ចរាចរណ៍​។​

លោក សន ជ័យ
លោក សន ជ័យ

​ជុំវិញ​បញ្ហា​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់តាំងពី​ដើមខែ​ឆ្នាំ​ ២០១៦​ កន្លង​ទៅ​ រហូត​ទល់​ពេល​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ ហាក់​ពុំ​ទាន់​យល់​ដឹង​ច្រើន​ពី​ច្បាប់​នេះ​ឡើយ​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ សន​ ជ័យ​ បាន​កត់​សម្គាល់ថា​ ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ មាន​លក្ខណៈ​ទូលំទូលាយ​ច្រើន​ ប៉ុន្តែ​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ គឺ​អ្នក​អនុវត្ត​ច្បាប់​ពុំ​យកចិត្ត​គោរព​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ឡើយ​។​

​លោក​ សន​ ជ័យ​ មាន​ប្រសាសន៍​បន្ត​ថា​ ទោះបី​គរ​បាល​ចរាចរណ៍​ចាប់ផ្តើម​ពិន័យ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់​តឹងតែង​យ៉ាងណា​ក៏​ដោយ​ ក៏​វិធាន​ចាប់បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​មួយ​នេះ​ នឹង​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយ​ ព្រោះ​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ទើបនឹង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល​ហាក់​មិន​បាន​ពិភាក្សា​ទូលំទូលាយ​និង​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។​

​លោក​ សន​ ជ័យ​ បាន​សង្កត់ធ្ងន់​ថា​ ដើម្បី​ឱ្យ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​សង្គម​ រាជរដ្ឋាភិបាល​គួរតែ​ពិនិត្យ​ទៅ​លើ​កត្តា​មួយ​ចំនួន​ ដូច​ជា​ការ​ត្រួតពិនិត្យ​រៀបចំ​គំនូស​សញ្ញា​ចរាចរណ៍​ ដាក់​ស្លាក​ចរាចរណ៍​ឡើង​វិញ​ ព្រមទាំង​ការ​ត្រួតពិនិត្យ​ចំពោះ​រថយន្ត​ធំៗ​ដឹក​ទំនិញ​នា​ពេល​បច្ចុប្បន្ន​ និង​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ជាដើម​។​

​សូម​ជម្រាប​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឱ្យ​ប្រជា​ពល​គោរព​និង​អនុវត្ត​កាលពី​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​។​ បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ មាន​សាធារណ​មតិ​ជា​ច្រើន​រិះ​គន់​យ៉ាង​ចាស់ដៃ​នៅ​ក្នុង​សង្គម​ចំពោះ​ការ​ពិន័យ​ក្នុង​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​។​ ការ​រិៈ​គន់​នេះ​ បាន​ធ្វើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ លើកលែង​បន្ធូ​បន្ថយ​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​៕

Share

Image
Image
Image