en     km
en     km

រដ្ឋាភិបាលអូស្រ្ដាលីបង្កើនចំនួនចំនួនស្រ្ដីដល់៥០ភាគរយក្នុងការទទួលអាហារូបករណ៍

Share

ភ្នំពេញ៖ បច្ចុប្បន្ននេះមួយភាគបីនៃចំនួនអាហារូបករណ៍អូស្រ្ដាលីបានផ្ដល់ជូនទៅស្រ្ដី ។ ប៉ុន្ដែនៅថ្ងៃខាងមុខរដ្ឋាភិបាលអូស្រ្ដាលីមានក្ដីប្រាថ្នាបង្កើនចំនួនស្រ្ដីដែលទទួលបានអាហារូបករណ៍អូស្រ្ដាលីអោយដល់ ៥០ភាគរយស្មើនឹងចំនួនបុរសផងដែរ។

 

លោកស្រី បណ្ឌិតហ្សាមែន ស្គូន ឯកអគ្គរដ្ឋទូតអូស្រ្ដាលីសម្រាប់កិច្ចការស្រ្ដី និងកុមារី បញ្ជាក់ថា ការជម្រុញអោយស្រ្ដីមានឱកាសទទួលបានការសិក្សាអោយស្មើនឹងចំនួនបុរស ដោយសារតែការអប់រំគឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកម្ពស់អំណាចសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំដល់ស្រ្ដី។

ការលើកឡើងរប​ស់លោកស្រី ហ្សាមែន ស្គូន ដូចនេះ នៅក្នុងពិធីជួបជុំអតីតនិស្សិតដែលបានទៅសិក្សានៅប្រទេសអូស្រ្ដាលី កាលពីរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកស្រី បណ្ឌិតហ្សាមែន ស្គូន៖«បច្ចុ​ប្បន្នេះ មួយភាគបីនៃចំនួនអាហារូបករណ័៍បានផ្ដល់ជូនទៅ ស្រ្ដី។ ប៉ុន្ដែយើងមានក្ដីប្រាថ្នាធំជាងនេះចំពោះកម្មវិធីអាហារូបករណ៍អូស្រ្ដាលី និងចំពោះស្រ្ដីនៅកម្ពុជាដែលកំពុងស្វែងឱកាសបន្ដការសិក្សានេះ​។ យើងចង់បង្កើនចំនួនស្រ្ដីដែលទទួលបានអារហារូបករណ៍អោយដល់៥០ភាគរយ »។

បញ្ញាវ័ន្តមួយរូបដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្រ្ដាលីនៅឆ្នាំ២០១៦ កញ្ញា សាន សុជាតា បានប្រាប់ថា កញ្ញាបានចេញទៅសិក្សានៅប្រទេសអូស្រ្ដាលីក៏ព្រោះតែទទួលបានឱកាស ពីរាជរដ្ឋាភិបាលអូស្រ្ដាលី និងការលើកទឹកចិត្តពីក្រុមគ្រួសារ។

កញ្ញា សាន សុជាតា ៖ «ការពិតសម្រាប់ខ្ញុំ ខ្ញុំគិតថា ចំនុចសំខាន់ទីមួយដែលជាចំនុចជួយលើកទឹកចិត្តអោយខ្ញុំបន្ដការសិក្សា គឺ ការគាំទ្រពីក្រុមគ្រួសារ (ឱពុកម្ដាយពីបងប្អូន)ហើយនិងពីសាច់ញាតិ ពីព្រោះការគាំទ្រពីអ្នកនៅជុំវិញខ្លួន គឺជាចំនុចសំខាន់ដែលធ្វើអោយយើងមានទឹកចិត្តនិង បន្ដការសិក្សា​បន្ដទៀត»។

បច្ចុប្បន្ន កញ្ញា សាន សុជាតា ជាអ្នកប្រឹក្សាលើគម្រោងជាមួយអង្គការ GIZ ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ កញ្ញាបន្ដថា ទន្ទឹមនឹងឱកាសទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល​​អូស្រ្ដាលី គឺការលើកទឹកចិត្តដល់ខ្លួនឯងក៏ជារឿងសំខាន់ផងដែរ ។

កញ្ញា សាន សុជាតា ៖«ខ្ញុំគិតថា សារសំខាន់របស់ខ្ញុំ គឺជួយខ្លួនឯង ចឹងដើម្បីជួយខ្លួនឯងគឺ លុះត្រាតែខ្លួនឯងមានសមត្ថភាព មានចំណេះដឹង ហើយអាចឈរដោយខ្លួន​ឯងបាន ចឹងនៅពេលដែលយើងអាចជួយខ្លួនឯងបាន យើងក៏អាចជួយអ្នកដទៃ យើងក៏អាចជួយអ្នកនៅជុំវិញ ហើយក្រុមគ្រួសារ ហើយយើងក៏ជួយអោយគ្រួសាររីកចំរើនបានដែរ ចឹងជាចំនុចដែលខ្ញុំពិតចង់អោយបងប្អូនជាពិសេសស្រ្ដីគាត់បន្ដគឺបន្ដការសិក្សាទៅកម្រិតខ្ពស់បំផុតតាមដែលអាចធ្វើបាន ពីព្រោះទាល់តែយើងជួយខ្លួនឯងបានទើបយើងអាចមានសមត្ថភាពជួយអ្នកដទៃដែលនៅជុំវិញខ្លួនបាន​»។

ចំណែកអនុបណ្ឌិតមួយរូបទៀត គឺ លោក យី សុភ័ណ្ឌ ។លោកបានឱ្យដឹងថា អាហារូបករណ៍របស់ស្ថានទូតអូស្រាលី គឺបើកទូលាយគ្រប់ប្រភេទការងារទាំងអស់។ យ៉ាងណា លោកលើកទឹកចិត្តអោយអ្នកដែលមានបំណងដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្ដាលីទាំងអស់ដែលបានសិក្សា ឬមានបទពិសោធការងារលើជំនាញអ្វី ត្រូវដាក់យកជំនាញនោះ ពីព្រោះការដាក់ពាក្យសុំអាហារូបករណ៍ដែលធ្លាប់មានបទពិសោធន៍និងជួយអោយមានភាពងាយស្រួលទទួលបានជោគជ័យ។

លោក​ យី សុភ័ណ្ឌ ៖«លក្ខខ័ណ្ឌហើយនិងបទពិសោធន៍អ្វីដែលខ្ញុំអាចនិយាយជារួម ខ្ញុំគិតថា មានពីរចំនុចសំខាន់សម្រាប់ខ្ញុំផ្ដល់ឱ្យនាពេលបច្ចុប្បន្នសម្រាប់ព័ត៌មានលម្អិតគឺយើងមានចុះនៅលើវេបសាយរបស់ខាងអូស្រ្ដាលី Awards យើងអាចចូល Google យើងគ្រាន់តែវាយ AIS Cambodia ហើយឃ្លីកទៅលើហ្នឹងវាចូលទៅដល់វេបសាយរបស់ស្ថានទូតគេនិយាយលម្អិតតែ ម្ដង។ ប៉ុន្ដែអ្វីដែលត្រូវត្រៀមខ្លួនដែលនឹង គឺ មានពីរបីចំនុច ទីមួយ.អ្វីដែលសំខាន់គឺត្រូវការបទពិសោធការងារ គឺយ៉ាង ២ឆ្នាំ ទីពីរ.ត្រូវបំពាក់បំប៉នភាសាអង់គ្លេសកាន់តែប្រសើរ»។

លោក សុភ័ណ្ឌ បានបញ្ចប់អនុបណ្ឌិតលើមុខវិជ្ជាគ្រប់គ្រងនិងអភិវឌ្ឍន៍បរិស្ថាន នៅប្រទេសអូស្រ្ដាលី ។ នៅឆ្នាំ ២០១៧ លោកក៏បានត្រឡប់មកកម្ពុជាវិញ។ ពេលមកដល់កម្ពុជាវិញលោកក៏បានបន្ដកិច្ចការងាររបស់លោកលើគម្រោងចុះជួយអភិវឌ្ឍន៍សហ គមន៍ជាមួយអង្គការមួយនៃប្រទេសហូឡង់ ។

ក្នុងបំណងរបស់លោក សុភ័ណ្ឌ លោកចង់ធ្វើអ្វីដែលជួយទៅដល់សហគមន៍នៅតាមជនបទអោយបានច្រើនទាក់ទងទៅនិងបរិស្ថាន។

លោក យី សោភ័ណ្ឌ៖ «សម្រាប់ខ្ញុំផ្ទាល់ អ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំព្យាយាមធ្វើអ្វីដែលអាចមាន Impact  ចាប់ពី Community Level ទៅ ខ្ញុំអត់ដែលបានថា អ្វីដែលខ្ញុំរៀនឧទាហរណ៍ថា ខ្ញុំទទួលបានអនុបណ្ឌិតពីស្រុកគេ ហើយខ្ញុំនឹងព្យាយាម​​មកធ្វើអោយមាន Impact អី​ អោយធំទូលំទូលាយពេក ខ្ញុំប្រហែលជា មិនគិតដល់ថ្នាក់ណឹងទេ ប៉ុន្ដែអ្វីដែលខ្ញុំធ្វើ ខ្ញុំតោងយកការងារណា ​​អោយតែជាការងារសុចរិត ហើយមាន Impact ទៅលើសហ​គមន៍»។

ចាប់តាំងពីឆ្នាំ ១៩៩៤ មករដ្ឋាភិបាលអូស្រ្ដាលីបានឧបត្ថម្ភនិស្សិតកម្ពុជាប្រមាណជា ៧៥០នាក់ដើម្បីការសិក្សានៅប្រទេសនេះគឺ តាមរយៈកម្មវិធីអាហារូបករណ៍អូស្រ្ដាលី។

ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលអូស្រ្ដាលីបាន បើកទទួលពាក្យពីបេក្ខជនទាំងអស់ដែលមានបំណងចង់ទៅសិក្សាលើគ្រប់ផ្នែកទាំងអស់ចូលរួមដាក់ពាក្យសុំអាហារូបករណ៍នៅក្នុងឆ្នាំ២០១៩ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨។ ក្នុងនោះដែរបេក្ខជនមានបំណងដាក់ពាក្យសុំអាហារូបករណ៍ទាំងអស់អាចចូលទៅមើលព័ត៌បន្ថែមស្ដីពី

អាហារូបករណ៍ តាមរយៈវេបសាយរបស់ស្ថានទូតអូស្រ្ដាលី www.australiaawardscambodia .org ឬ ទំនាក់ទំនងព័ត៌មាន [email protected]

 

 

Share

Image
Image
Image