en     km
en     km

រដ្ឋអាជ្ញាក្រុងញូយកកំណត់ពេលឱ្យលោកត្រាំពន្យល់ មុនពេលសម្រេចចោទឬមិនចោទ

Share

ក្រុមមេធាវីរបស់អតីតប្រធានាធិបតីអាម៉េរិក មានពេល ២៤ ម៉ោង នៅថ្ងៃចន្ទ ទី ២៨ ខែមិថុនានេះ ដើម្បីពន្យល់រដ្ឋអាជ្ញាក្រុងញូយក អំពីហេតុដែលក្រុមហ៊ុនលោក ដូណល ត្រាំ មិនគួររងការចោទនៅតុលាការ។

ក្រុមរដ្ឋអាជ្ញាក្រុងញូយកបានផ្ដល់រយៈពេល ២៤ ម៉ោង ទៅឱ្យបណ្ដាមេធាវីរបស់លោក ដូណល ត្រាំ សម្រាប់ឆ្លើយតប ដោយលើកយកអំណះអំណាងនានា មកការពារកុំឱ្យមានការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើជំនួញគ្រួសារអតីតប្រធានាធិបតី។ នេះជាសេចក្ដីរាយការណ៍របស់ ឌិហ្គាឌៀន ផ្សាយនៅថ្ងៃចន្ទ ទី ២៨ ខែមិថុនានេះ ដោយផ្អែកតាមរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ។

ឱសានវាទ កំណត់ពេលត្រឹមថ្ងៃចន្ទ ជាសញ្ញាសំខាន់មួយទៀត ដែលបង្ហាញថា រដ្ឋអាជ្ញានៅខណ្ឌ មេនហាថាន់ ឈ្មោះ ស៊ីរុស វ៉ានស៍ (Cyrus Vance) និងអគ្គរដ្ឋអាជ្ញាក្រុងញូយក ឈ្មោះ ឡេទីត្យា ចេមស៍ (Letitia James) កំពុងពិចារណាចោទប្រកាន់ក្រុមហ៊ុនត្រាំ ពីបទល្មើសព្រហ្មទណ្ឌ។ ប្រភព ដែលផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន រើយធើ និងដែលស្រង់ព័ត៌មានពី វ៉ាស៊ីនតុន ប៉ុស្តិ៍ បន្តប្រាប់ឱ្យដឹងដូច្នេះ។

បើតាម ឌិហ្គាឌៀន មានដំណឹងផ្សាយកាលពីថ្ងៃសុក្រថា លោក ស៊ីរុស វ៉ានស៍ អាចនឹងប្រកាសអំពីការចោទប្រកាន់ទៅលើក្រុមហ៊ុនត្រាំ និងអគ្គហិរញ្ញិកក្រុមហ៊ុនេះ ឈ្មោះ អាឡិន វ៉េស្សែលប៊ើក (Allen Weisselberg) ក្នុងរយៈពេល ៧ ថ្ងៃ។

ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌណាមួយដែលកើតឡើង នឹងក្លាយជាការស៊ើបអង្កេតដំបូងរបស់លោក វ៉ានស៍ ទៅក្នុងការប្រព្រឹត្តរបស់លោកត្រាំនិងក្រុមហ៊ុនរបស់គាត់។ ឌិហ្គាឌៀន ប្រាប់ដូច្នេះ ដោយបន្ថែមថា បណ្ដាអ្នកជំនាញខាងច្បាប់បានលើកឡើងថា ការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងក្រុមហ៊ុនត្រាំ នឹងអាចបណ្ដាលឱ្យវាក្ស័យធន ដោយសារតែការចុះខ្សោយក្នុងទំនាក់ទំនងជាមួយធនាគារនិងដៃគូពាណិជ្ជកម្ម។

ការិយាល័យរបស់រដ្ឋអាជ្ញា ស៊ីរុស វ៉ាន់ស៍ បានថ្លែងថា ខ្លួនកំពុងស៊ើបអង្កេតលើ«ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាយូរនិងប្រហែលជាយ៉ាងទូលំទូលាយផង»នៅក្នុងក្រុមហ៊ុនត្រាំ។ ឌិហ្គាឌៀន រាយការណ៍បន្តយ៉ាងដូច្នេះ ដោយបញ្ជាក់ថា ក្នុងចំណោមបទល្មើសនានា មានការបន្លំពន្ធ ការបន្លំថ្លៃធានារ៉ាប់រង និងការក្លែងឯកសារអាជីវកម្ម។

យោងតាម ឌិហ្គាឌៀន ទោះបីជាការចោទប្រកាន់ផ្លូវការមិនកើតឡើងក៏ដោយ ការស៊ើបអង្កេតរបស់លោក វ៉ានស៍ អាចនឹងធ្វើឱ្យដំណើររបស់លោក ដូណល ត្រាំ ក្នុងការវិលចូលឆាកនយោបាយវិញ ប្រែជាស្មុគស្មាញ ដោយហេតុថា លោកបានបាត់បង់សមត្ថភាពក្នុងទំនាក់ទំនងជាមួយមហាជន ក្រោយពី ធ្វីតធើ បានបិទគណនីរបស់គាត់ជាអចិន្ត្រៃយ៍ ហើយ ហ្វេសប៊ុក បានសម្រេចព្យួរគណនីយរបស់គាត់រយៈពេល ២ ឆ្នាំ។

ចំពោះការិយាល័យរបស់អគ្គរដ្ឋអាជ្ញា ឡេទីត្យា ចេមស៍ វិញ ឌិហ្គាឌៀន រាយការណ៍មកថា បាននិងកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុនត្រាំបានបំប៉ោងតម្លៃទ្រព្យសម្បត្តិមួយចំនួន ដើម្បីទទួលបានប្រាក់កម្ចីកាន់តែអំណោយផល និងបានបន្ទាបតម្លៃអចលនទ្រព្យទាំងនោះ ដើម្បីទទួលបានសម្បទានផ្នែកពន្ធឬយ៉ាងណា៕

Share

Image
Image
Image