en     km
en     km

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

Share

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ———-រដ្ឋមន្រ្ដីថ្មីនៃក្រសួងយុត្តិធម៌លោកកើតរិទ្ធបានថ្លែងនៅក្នុងសន្និសីទស្ដីពីយុទ្ធនាការដោះស្រាយបញ្ហាសំណុំរឿងកកស្ទះនៅសាលាជម្រះក្ដីជាន់ទាបថាក្រសួងយុត្តិធម៌នឹងចាត់នីតិវិធីនិងសហការលើផ្នែកវិជ្ជាជីវៈលើចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីណាពុករលួយក្នុងឱកាសនេះ។លោកអះអាងថាមន្រ្ដីតុលាការទាំងនេះហើយជាតួអង្គចម្បងក្នុងការធ្វើឱ្យមានប្រសិទ្ធភាពនិងស័ក្កសិទ្ធភាពយុទ្ធនាការមួយនេះ។

កញ្ញា ឆោមពៅនិការាយការណ៍

នៅថ្ងៃទី១៨ ខែឧសភា នេះរដ្ឋមន្រ្ដីយុត្តិធម៌ថ្មីទើបឡើងកាន់តំណែងបានបើកសន្និសីទ សារព័ត៌មានលើកដំបូងរបស់ខ្លួន។សន្និសីទនេះគឺជាការប្រកាសបើកយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីខេត្ត។យុទ្ធនាការនេះនាំមកនូវការប្ដេជ្ញាចិត្តរបស់រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌បានក្នុងការចាត់វិធានការលើមន្រ្ដីតុលាការទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់ ខុសវិន័យ។

សំឡេង——–

យុទ្ធនាការនេះក្រសួងយុត្តិធម៌ប្រកាន់ជំហរមិនជ្រៀតជ្រែកឯករាជ្យអំណាចតុលាការទេ តែជួយលើកកម្ពស់សមត្ថភាពតាមរយៈគោលការណ៍ណែនាំលើកទឹកចិត្តតម្រង់ទិសទៅតុលាការ។មុនសន្និសីទនេះ លោករដ្ឋមន្រ្ដីនិងប្រតិភូបានចូលជួបប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹងបានជជែកពិភាក្សាគ្នាដោយចាត់ទុកថា លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ គឺជាស្នូល ជាខ្លឹម នៃគំនិតកែទម្រង់របស់ឯកឧត្តមរដ្ឋមន្រ្តី ទន្ទឹមនឹងនេះអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ដៃក្រសួងយុត្តិធម៌យ៉ាងស្និទ្ធក្នុងការទប់ទល់ពួកឱកាសនិយម ដែលឆ្លៀតរកផលប្រយោជន៍ពីយុទ្ធនាការដោះស្រាយកាតកកស្ទះសំណុំរឿងនេះ។អង្គភាពប្រឆាំងអំពើពុករលួយថានឹងចែករំលែកព័ត៌មានសម្ងាត់ជូនដល់ លោករដ្ឋមន្ត្រី ជួយក្រសួងស្រាវជាវ ស៊ើបអង្កេត ករណីដែលក្រសួងទទួលបាននិងជម្រាបតាមក្រោយ។

លោកបន្ថែមថា ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ដែរ ហើយបន្ដទៀតនេះ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈដូចគ្នាផងដែរ ហើយកំហុសវិន័យធំជាងគេផ្នែកវិជ្ជាជីវៈ ដែលអាចរកឃើញ គឺការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដងព្រោះលោកឈ្វេងយល់ថាការចូលរួមរបស់ចៅក្រម និងព្រះរាជអាជ្ញា ក្របដោយការទទួលខុសត្រូវ គឺជាកត្តាជោគជ័យការងារនេះខ្ពស់។

យោងតាម១៣៤ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ស្ថិត​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ។​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​សេចក្ដី​ស្នើ​ថ្វាយ​ ព្រះមហាក្សត្រ​អំពី​ការ​តែងតាំង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​អម​សាលា​ជម្រះ​ក្ដី​ទាំងអស់។យោងលើសពីនេះទៅទៀតបើតាមច្បាប់ស្ដីពីការរៀបចំនិងការ ប្រព្រឹត្តទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៃមាត្រា៤ប្បញ្ញត្តិថាឧត្តមក្រុមប្រឹក្សានេះមានសមាជិក១១រូបក្នុងនោះរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ជាសមាជិកលំដាប់ទី១។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្នុង​មុខ​ការ​ដាក់​វិន័យ​ចំពោះ​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ ត្រូវ​ប្រជុំ​ក្រោម​អធិបតីភាព​នៃ​ប្រធាន​តុលាការ​កំពូល​ ឬ​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ អាស្រ័យ​ដោយ​ករណី​ទាក់ទង​នឹង​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា។

ក្រសួងយុត្តិធម៌ក៏បើកដៃស្វាគមន៍ឲ្យសង្គមស៊ីវិលទាំងអស់ ចូលរួមធ្វើការជាមួយ ក្រសួងយុត្ដិធម៌ ពាក់ព័ន្ធនឹងយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ដ។សង្គមស៊ីវិលអាចធ្វើការនឹងក្រសួងយុត្តិធម៌នេះគឺអាចធ្វើទំនាក់ទំនងដោយសេរី ជាមួយ Page ក្រសួង ឬក៏ទាក់ទងជាមួយនឹងអ្នកនាំពាក្យដោយបារម្ភអង្គការសង្គមស៊ីវិលប្រើប្រាស់អំណាចរបស់ពួកគេដែលអត់មានច្បាប់ចែង លូកចូលដល់តុលាការ ហើយទៅធ្វើរបាយការណ៍មួយផ្សេង អត់ដឹងថា របាយការណ៍គាត់ផ្អែកលើអ្វីទេ។អាស្រ័យកត្តាសហប្រតិបត្តិការទាំងនេះក្រសួងរំពឹងថាដោយសុឆន្ទៈ ក្នុងរយៈពេលពី ៦ខែ ទៅ៩ខែ នឹងអាចសម្រេចលទ្ធផលប្រហែល៥០ ទៅ៧០ភាគរយ។

ក្រសួងយុត្តិធម៌សង្កេតឃើញថាបច្ច័យដែលនាំឱ្យកើនឡើងសំណុំរឿងគឺស្ថិតក្នុងដំណាក់កាលស៊ើបសួរដោយ អយ្យការអមសាលាដំបូងរាជធានី-ខេត្ត ពុំសូវបានប្រើប្រាស់វិធីចោទប្រកាន់ចំពោះបទមជ្ឈឹម តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាមនោះទេ ប៉ុន្ដែតែងប្រើវិធីចោទប្រកាន់ចំពោះបទល្មើសប្រភេទនេះ តាមរយៈការបើកស៉ើបសួរច្រើន ក៏ដូចករណីបើកយុទ្ធនាការគ្រឿនញៀនជាការបង្កើតការកកស្ទះសំណុំរឿង។ប៉ុន្ដែយុទ្ធនាការនេះធ្វើតាមច្បាប់គឺសំណុំរឿងទូទៅដោយមិនផ្ដោតលើសំណុំរឿងប្រភេទណា បទល្មើសប្រភេទណានោះទេ មិនមានបំណងដោះលែងអ្នកជាប់ចោទបទល្មើសគ្រឿងញៀននោះទេ។ដើម្បីភាពជោគជ័យលើយុទ្ធនាការនេះ លោក កើត រិទ្ធ ណែនាំឱ្យប្រធានសាលាដំបូងរាជធានី-ខេត្ត ផ្តោតទៅលើគោលការណ៍ចំនួន៣រួមមាន៖

  • គោលការណ៍នៅក្នុងដំណាក់កាលអយ្យការគឺក្រសួងលើកទឹកចិត្តឱ្យអយ្យការអមសាលដំបូងផ្ដល់អាទិភាពប្រើវិធីចោទប្រកាន់ចំពោហបទមជ្ឈឹមបញ្ចូនទៅជំនុំជម្រះផ្ទាល់ឬបង្ហាញខ្លួនភ្លាមផ្នអែកតាមអង្គហេតុនៅក្នុងសំណុំរឿងនីមួយតាមនីតិវិធីព្រហ្មទណ្ឌ
  • គោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ គឺចៅក្រមស៊ើបសួរគួរពន្លឿនការស៊ើបសួររបស់ខ្លួននិងគោរពគោលការណ៍សេរីភាពជនជាប់ចោទនៃការឃុំខ្លួនបណ្ដោះអាសន្នតែករណីបទឧក្រិដ្ឋឬបទមជ្ឈឹមភាពស្មុគស្មាញនិងធ្ងន់ធ្ងរនិងក្រសួងលើកទឹកចិត្តឱ្យជ្រើសរើសវិធានការត្រួតពិនិត្យតាមផ្លូវតុលាការជាជាង
  • និងចុងក្រោយគឺស្ថិតក្នុងគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ៖គឺតុលាការគប្បីពន្លឿនការបើកសវនាការ ក្រសួងលើកទឹកចិត្តឱ្យប្រើរបបនៃការព្យួរទោសជាពិសេសការព្យួរទោសសាកល្បងឱ្យអស់លទ្ធភាព

ក្រសួងយុត្តិធម៌បានជម្រាបថាសំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់(អ្នកជាប់ឃុំនៅក្នុងសំណុំ រឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។នៅឯសាលាដំបូងរាជធានីភ្នំពេញសំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿង ក្នុងមួយខែដែលបានធ្វើឲ្យ សាលាដំបូងរាជធានីភ្នំពេញក្នុងស្ថានភាពបច្ចុប្បន្នមិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ។

សូមបញ្ជាក់ថាមួយខែមកនេះនៃការឡើងកាន់តំណែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។គណៈកម្មាការនេះមាន មានភារកិច្ច ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីខេត្ត ,ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ,ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ, តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការ៕

Share

Image
Image
Image