en     km
en     km

រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី ៖ការផ្ដល់ឱកាសអោយស្រ្ដីចូលរួមការងារនៅក្នុងសង្គមបានច្រើនប្រៀប​ដូចជាជួយទៅដល់សេដ្ឋកិច្ចជាតិ

Share

ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសមួយទាល់តែមានការចូលរួមពីស្រ្ដី ហើយបើស្រ្ដីនៅក្នុងប្រទេសនោះមានចំនួនច្រើនទៀតនោះ រឹតតែត្រូវពង្រឹងសមត្ថភាពរបស់ស្រ្ដី ដើម្បីអោយពួកគាត់កាន់តែមានឱកាសចូលរួមការងារនៅក្នុងសង្គម ។ ការលើកឡើងរបស់លោកស្រី អ៊ឹង កន្ថាផាវីរដ្ឋមន្រ្ដីក្រសួងកិច្ចការនារីដូចនេះ នៅក្នុងសិក្ខាសាលាស្ដីពី Super Women ដែលរៀបចំឡើងដោយក្រុមនិស្សិត Yes I Can នៅថ្ងៃទី ២៤​ ខែធ្នូ ឆ្នាំ២០១៧នេះ។ កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

នៅក្នុងសិក្ខាសាលា ស្ដីពី​« ការកសាងខ្លួនឲ្យក្លាយជានារីរឹងមាំ មានគុណភាព លើសពីនារីដែលគ្រាន់តែស្អាត  Super Women» លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការផ្ដល់ឱកាសអោយស្រ្ដីចូលរួមការងារនៅក្នុងសង្គមបានច្រើន គឺប្រៀប​ដូចជាជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែជឿនលឿន។

លោកស្រី អ៊ឹង កន្ថាផាវី ៖«ចឹងយើងដើម្បីអោយប្រទេសយើងមានកម្រិតបរិមាណគុណភាពខ្ពស់ យើងត្រូវរត់ ដើម្បី​ឲ្យសេដ្ឋកិច្ចយើងអោយខ្ពស់ដូចប្រទេសអ្នកជិតខាងយើង។ ចឹងបើយើងយកប្រគល់ភារកិច្ចអោយទៅបុរស ៤៧ភាគរយធ្វើ មិនយោង ៥២ភាគរយនៅខាងក្រោយទេ ចឹងយើងការធ្វើដំណើររបស់បុរសយឺត ចឹងយើងត្រូវអោយស្រ្ដីខ្លួនឯងដើរអោយលឿនដែរ ដើម្បីរួមគ្នាដើរទៅមុខ»។

តាមលោកស្រី អ៊ឹង កន្ថាផាវី  ស្រ្ដី មានចំនួនច្រើនជាងបុរសដល់ទៅ ៥២ ភាគរយ នៃចំនួនប្រជាជនសរុប ។ លោកស្រី អ៊ឹងកន្ថាផាវី ថា ការដែលស្រ្ដីមានចំនួនច្រើន គឺ រឹតតែត្រូវផ្ដល់លទ្ធភាពអោយស្រ្ដីធ្វើដំណើរទៅមុខទន្ទឹមនឹងបុរស។

លោកស្រី អ៊ឹង កន្ថាផាវី  ៖ «ផ្ដល់លទ្ធភាពអោយដៃគូរយើងដែលជានារីមានលទ្ធភាពធ្វើដំណើរទៅមុខ ហើយក្លាយទៅជាដៃគូររបស់បុរស ដោយសារតែជាការងាររបស់បុរស ធ្វើអោយការងាររបស់បុរសធូរស្រាល»។

លោក ហុង មកពីសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញបានលើកឡើងដែរថា នារីគួរតែចូលរួមការងារសង្គមអោយបានច្រើនជាងបុរស។

លោក ហុង៖«ខ្ញុំគិតថា នារីគួរតែចូលរួមកម្មវិធីអោយបានច្រើនជាងបុរស អនាគតទៅដូចគាត់និយាយចឹង នៅពេលដែលនារីធ្វើជាអ្នកដឹកនាំ គាត់មានមនោសញ្ជាតនា មានការអាណិតអាសូរ ច្រើនជាងបុរស បើបុរសគាត់គិតរឿងសេដ្ឋកិច្ចច្រើន»។

ជុំវិញរឿងនេះ ប្រធានក្លឹប Yes I Can  កញ្ញា ស្រេង ណៃហួយ មានក្ដីរំពឹងទុកថា ក្រោយពេលដែលសិក្ខាសាលានេះបញ្ចប់ទៅ ស្រ្ដីនឹងបុរសកាន់តែស្វែងយល់ពីគ្នា ហើយជួយគ្នាបានកាន់តែច្រើនទាំងទៅលើតួនាទី ការងារ ដែលស្រ្ដី និងបុរសចាំបាច់ធ្វើ ហើយ​បំពេញអោយគ្នាទៅវិញទៅមក។

Yes I can ឬខ្ញុំអាចធ្វើបាន គឺ ជាក្លឹបនិស្សិត ដែលបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយនិស្សិតមកពីបណ្ដាសកលវិទ្យាល័យផ្សេងៗគ្នានៅទូទាំងរាជធានីភ្នំពេញ។ ការបង្កើតឱ្យមានក្លឹបនិស្សិតនេះដែរ ក៏ដើម្បីចូលរួមចំណែកសម្រេចក្ដីសុបិនរបស់និស្សិតកម្ពុជា ហើយជួយលើកកម្ពស់ទៅដល់សមត្ថភាពស្រី្ដនៅ​​កម្ពុជាផងដែរ៕

Share

Image
Image
Image