en     km
en     km

រដ្ឋមន្រ្ដីការបរទេសអាមេរិក៖ ម៉ាឌូរ៉ូត្រៀមយន្ដហោះមួយគ្រឿងរត់ទៅគុយបា ខណៈពលរដ្ឋត្រៀមឡោមព័ទ្ធភូមិគ្រឹះរបស់គាត់

Share

រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន CNN បានឱ្យដឹង ប្រធានាធិបតីផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាម៉ាឌូរ៉ូបានត្រៀម យន្ដហោះមួយគ្រឿងដើម្បីរត់ទៅនៅប្រទេសគុយបា។លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា នៅពេលនេះប្រជាជនវេណេហ្សូអេឡាកំពុងតែធ្វើបាតុកម្មឡោមព័ទ្ធភូមិគ្រឹះ លោកម៉ាឌូរ៉ូ និង វិមានប្រធានាធិបតី។

ស្របពេលជាមួយគ្នានេះ សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយថា ស្ថានការណ៍នៅវេណេហ្សូអេឡា ធ្ងន់ធ្ងរណាស់ពេលនេះ ដោយសារការប៉ះទង្គិចគ្នាមួយបានផ្ទុះឡើង គឺភ្លាមៗដោយសារលោកមេដឹកនាំបក្ស ប្រឆាំងជួនហ្គៃដូ បានអំពាវនាវឱ្យកងទ័ពផ្ដួលរំលំ លោកម៉ាឌូរ៉ូ ជាបន្ទាន់។ ស្របពេលជាមួយគ្នានេះដែរ ប្រជាជនដែលគាំទ្រគណបក្សប្រឆាំងបានប្រកាសឱសានវាទ បញ្ចប់អំណាចលោកម៉ាឌូរ៉ូ នៅក្នុងសប្ដាហ៍នេះ។ លោករដ្ឋមន្រ្ដីការបរទេសអាមេរិក mike Pompeo បានប្រាប់ទៀតថា ប្រទេសគុយបាបានសម្របសម្រួលឱ្យជ្រកកោនក្នុងប្រទេសនេះ ប៉ុន្ដែរដ្ឋាភិបាលទីក្រុង ម៉ូស្គូបានបញ្ចុះបញ្ចូលឱ្យលោកម៉ាឌូរ៉ូបន្ដការតស៊ូទៅមុខទៀត។

ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីមួយបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតែដឹកនាំ ការធ្វើរដ្ឋប្រហារទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗនេះហើយ។ បណ្ដាញផ្សាយព័ត៌មាន Freshtv បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបានបញ្ជាទៅកាន់ពួកយោធាឱ្យបង់បោះលោកម៉ាឌូរ៉ូហើយគាំទ្រលោកជួនហ្គៃដូ។ ប្រភពនេះបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិក នឹងធ្វើការលុកលុយចូលវេណេហ្សូអេឡាភ្លាមបើសិន មានអំពើហិង្សាកាន់តែផ្ទុះឡើងខ្លាំងជាងនេះ។ អំពើហិង្សាមួយបានផ្ទុះឡើង ដោយសារពួកសន្ដិសុខនិងកងប៉ូលីសប្រឆាំងបាតុកម្មបានបើករថយន្ដដេញជាន់បាតុករ ហើយបានតាមសេចក្ដីរាយការណ៍ហិង្សាបានផ្ទុះពេញទំហឹងចូលដល់ថ្ងៃទី១ឧសភា។

សូមជម្រាបថា សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទាំងស្រុងលើមុខជំនួញប្រេងវេណេហ្សូអេឡា ចាប់ពីថ្ងៃទី២៨មេសា ដោយបញ្ជាឱ្យក្រុមហ៊ុនប្រេងរបស់អាមេរិកទាំងអស់បញ្ឈប់ការទិញប្រេង ពីវេណេហ្សូអេឡា ដែលមួយថ្ងៃៗអាមេរិកទិញប្រេងពីប្រទេសនេះជាង៥០ម៉ឺនបារ៉េល មិនតែប៉ុណ្ណោះ អាមេរិកបានប្រាប់ទៅប្រទេសឥណ្ឌា និង ប្រទេសដទៃទៀតឱ្យ ផ្អាកជាបន្ទាន់ការទិញ ប្រេងឆៅពី វេណេហ្សូអេឡា គឺរង់ចាំដល់បញ្ចប់អំណាចលោកម៉ាឌូរ៉ូទាំងស្រុង៕

Share

Image
Image
Image