en     km
en     km

រដ្ឋមន្ត្រី​ទេសចរណ៍​ ៖​ កីឡាករ​ប្រណាំងទូក​កុំ​គិត​រឿង​ឈ្នះ​ចាញ់​ សំខាន់​គឺ​សាមគ្គី​

Share

​ ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោ​ង​ ខុន​ ថ្លែង​ផ្តាំផ្ញើ​ទៅ​កីឡាករ​ប្រណាំងទូក​ថា​ កុំ​គិត​រឿង​ឈ្នះ​ចាញ់​ ព្រោះ​បញ្ហា​នេះ​មិន​សំខាន់​ទេ​ អ្វី​ដែល​សំខាន់​នោះ​ គឺ​កីឡាករ​បាន​ចូលរួម​ប្រណាំង​ ដែល​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​។

​តាម​រយៈ​ការ​ចុះ​ផ្សាយ​នេះ​បញ្ជាក់​ថា​ ការ​ថ្លែង​បែប​នេះ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ធ្វើ​ឡើង​ក្រោយ​ពេល​បញ្ចប់​កិច្ច​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក​ទាំង​បី​ របស់​ក្រសួងទេសចរណ៍​ នៅ​ខណ្ឌ​ជ្រោយចង្វា​ កាលពី​ល្ងាចម្សិលមិញ​។​ នា​ឱកាស​នោះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូប​នេះ​ សន្និដ្ឋាន​ថា​ ក្នុង​មួយ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​ក៏​មាន​ភ្ញៀវ​ទេសចរ​ពី​ ៦០-៧០​ម៉ឺន​នាក់​ នឹង​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​នេះ​ នឹង​មិន​តិច​ជាង​២​លាន​នាក់​ សម្រាប់​រយៈពេល​ ៣​ថ្ងៃ​នេះនោះ​ទេ​។​

​លោក​ ថោ​ង​ ខុន​ ផ្ដាំ​ទៅ​កីឡាករ​ប្រ​ណាំ​ទូក​ឱ្យ​គិតគូរ​ពី​សុខភាព​ជា​ចម្បង​ កុំ​សូវ​ដើរ​លេង​ច្រើន​ពេក​ ក្រែង​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ពេល​ប្រណាំង​។​ លោក​បន្ថែម​ថា​ ការ​ប្រណាំង​នេះ​ទោះ​លទ្ធផល​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​ វា​ជា​រឿង​ធម្មតា​ ពោល​វា​មិន​សំខាន់​នោះ​ទេ​។​ ប៉ុន្តែ​លោក​ថា​ អ្វី​ដែល​សំខាន់​ គឺ​ការ​ចូលរួម​ ការ​រួបរួមសាមគ្គី​គ្នា​ ការ​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​ការ​ចូលរួម​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​។​

​លោក​រដ្ឋមន្ត្រី​បាន​ ស្នើ​ទៅ​កីឡាករ​អុំទូក​ទាំងអស់​ត្រូវ​មាន​វិន័យ​ គោរព​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​គណៈកម្មការ​បច្ចេកទេស​ ត្រូវ​មាន​អនាម័យ​ក្នុង​ការ​ស្នាក់​នៅ​ ការ​ហូ​ក​ចុក​ ចៀសវាង​ការ​បរិភោគ​អាហារ​ណា​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ជា​ពិសេស​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​គ្រប់​ប្រភេទ​។​ លោក​ ថោ​ង​ ខុន​ ក៏​បាន​អំពាវនាវ​ទៅ​ចុងភៅ​ ត្រូវ​ចម្អិន​អាហារ​បាន​គ្រប់គ្រាន់​ មាន​អនាម័យ​ល្អ​ ដើម្បី​បំប៉នកម្លាំង​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​ឱ្យ​មាន​កម្លាំង​ថាមពល​ខ្លាំងក្លា​។​

​ជាង​នេះ​ លោក​ក៏​សុំ​ឱ្យ​មានការ​ចូលរួម​ថែរក្សា​អនាម័យ​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ដោយ​ចោល​សម្រាម​ក្នុង​ធុង​ ហើយ​នេះ​ជា​ការ​កែប្រែ​ទម្លាប់​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ពោរពេញ​ដោយ​ភាព​ស្អាត​ បៃតង​ មិ​ង​មាន​អនាម័យ​ល្អ​។​ ព្រះរាជ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២១-២២-២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨៕ (អត្ថបទដោយលោក សោម លាភ)

Share

Image
Image
Image