en     km
en     km

រដ្ឋមន្ត្រី​ក្រសួង​​កិច្ចការ​នារី​​ អំពាវ​នាវ​​ឱ្យ​​អង្គការ​​សង្គម​​ស៊ី​វិល​​ចូល​រួម​​ជជែក​​ពី​​បញ្ហា​​ស្ត្រី​​

Share

​ភ្នំពេញ​ ៖​ កន្លង​មកនេះ​ក្រសួង​កិច្ចការ​នារី​ បាន​រៀបចំ​គោលនយោបាយ​មួយ​ចំនួន​ទាក់ទង​នឹង​ស្ត្រី​ដែល​គោលនយោបាយ​នោះ​ផ្តោត​ទៅ​លើ​ស្ត្រី​ធ្វើ​យ៉ាងណា​ ឱ្យ​ពួក​គេ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​នៅ​ក្នុង​សង្គម​ តាម​រយៈ​ការ​រៀបចំ​ច្បាប់​ក៏​ដូច​ជា​គោ​លន​យោ​យ​បាយ​មួយ​ចំនួន​ជាដើម​ ប៉ុន្តែ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ទាក់ទង​នឹង​ស្ត្រី​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​ចូលរួម​ពិភាក្សា​បញ្ហា​ស្ត្រី​ជាមួយ​ក្រសួង​កិច្ចការ​នារី​ច្រើន​នោះ​ទេ​ ។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ នៅ​ក្នុង​ពិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ធី​ណិ​ន​ថ​ល​នៅ​ថ្ងៃ​១១​ខែឧសភា​ម្សិលមិញ​នេះ​ ។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

woman-politic-1
ពិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ធី​ណិ​ន​ថ​ល​នៅ​ថ្ងៃ​១១​ខែឧសភា​ម្សិលមិញ​នេះ

​ក្នុង​កិច្ច​ពិ​ភាក​ក្សា​នេះ​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​អំពាវនាវ​ឱ្យ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ និង​ ដៃគូរ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឱ្យ​ចូលរួម​ជជែក​អំពី​ការ​រៀបចំ​គោលនយោបាយ​របស់​ក្រសួង​កិច្ចការ​នារី​ទាក់ទង​បញ្ហា​ស្ត្រី​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្ត្រី​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​នៅ​ក្នុង​សង្គម​កម្ពុជា​ ។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ៖​ «​ក្រសួង​កិច្ចការ​នារី​ ក្រុមហ៊ុន​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​មាន​គោល​ជំហរ​ទូលំទូលាយ​ណាស់​សូម​អ​ញ្ចើ​ញ​សង្គម​ស៊ី​វិល​ចូលរួម​ក្នុង​ការ​រៀបចំ​ច្បាប់​ ក្នុង​ការ​រៀបចំ​កម្មវិធី​ ក្នុង​ការ​រៀបចំ​គោលនយោបាយ​..»​ ។​

​លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ បាន​លើក​ទ្បើ​ង​ថា​ស្ត្រី​បាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចួ​ល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ ប៉ុន្តែ​លោកស្រី​ថា​ដើម្បី​ឱ្យ​ស្ត្រី​កាន់តែ​មាន​តួនាទី​កាន់តែ​សំខាន់​ទៀត​នោះ​ស្ត្រី​ខ្លួនឯង​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ ការ​តស៊ូ​មតិ​ធ្វើ​យ៉ាងណា​ឱ្យ​គេ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ ។​

​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ច​នារី​នេះ​ដែរ​ នាយិការ​អង្គការ​សីល​កា​ ​លោកស្រី​ ធីតា​ ឃឹះ​ មាន​ប្រសាសន៍​ថា​កន្លង​មក​លោកស្រី​ក៏​ធ្លាប់​បាន​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ផង​ដែរ​ ប៉ុន្តែ​ការ​ចូលរួម​ប្រជុំ​ម្តងៗ​មិន​មាន​ប្រសិទ្ធ​ភាពល្អ​ច្រើន​នោះ​ទេ​ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ទើប​លោកស្រី​ ច្រើន​ខកខាន​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ ។​

​លោកស្រី​ ធីតា​ ឃឹះ​ ពន្យល់​ថាការ​ប្រជុំ​មិនសូវ​មាន​ប្រសិទ្ធ​ដោយសារ​តែ​ការ​បើក​កិច្ចប្រជុំ​នោះ​មាន​លក្ខណៈ​ទូលំទូលាយ​ពេក​គឺ​មាន​ន័យ​ថា​ មនុស្ស​ចូលរួម​ប្រជុំ​ច្រើន​ប៉ុន្តែ​ប្រសិទ្ធភាព​មាន​ចំនួន​តិច​ ។​ ទោះបីជា​យ៉ាងនេះ​ក្តី​លោកស្រី​ថា​ បច្ចុប្បន្ន​អង្គការ​សង្គម​ស៊ី​វិល​កំពុង​រៀបចំ​ផែនការ​ធ្វើ​យ៉ាងណា​ឱ្យ​សង្គម​ស៊ី​វិល​ដែល​បាន​ធ្វើការ​ទាក់ទង​ស្ត្រី​នេះ​បាន​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត​ជាមួយ​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ខាង​រដ្ឋាភិបាល​ ។​

​ធីតា​ ឃឹះ​៖​ «​យើង​កំពុង​តែ​មាន​ផែនការ​ដើម្បី​នឹង​ការ​ប្រជុំ​នឹង​ទៀងទាត់​ជាមួយនឹង​សង្គម​ស៊ី​វិល​ដើម្បី​យក​ការងារ​ដែល​ខាង​រាជរដ្ឋាភិបាល​ លោក​ធ្វើ​គោលនយោបាយ​ដែល​លោក​ធ្វើ​យក​មក​ឱ្យ​សង្គម​ស៊ី​វិល​នឹង​ធ្វើការ​ពិចារណា​ដើម្បី​ជជែក​គ្នា​..»​ ។​

​ចំណែកឯ​នាយិការ​អង្គការ​យេ​ន​ឌ័​រ​ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ លោកស្រី​ រស់​ សុភាព​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​លោកស្រី​គាំទ្រ​ការ​អំពាវ​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ដែល​ចង់ឱ្យ​សង្គម​ស៊ី​វិល​ចូលរួម​ជជែក​ពី​ការ​លើកកម្ពស់​ស្ត្រី​។​

​លោកស្រី​ រស់​ សុភាព​បាន​លើក​ទ្បើ​ង​ផង​ដែរ​ថា​ការ​ចូលរួម​សហការ​ពី​ភាគី​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ជា​រឿង​សំខាន់​ដែល​មិន​អាច​ខ្វះខាត​គ្នា​បាន​ ។​

​លោកស្រី​ រស់​ សុភាព​៖«​យើង​ចង់ឱ្យ​ខាង​រដ្ឋាភិបាល​ហ្នឹង​ពេល​មានកម្ម​វិធី​អី​អាច​លោក​ដាក់​ពេល​ហ្នឹង​ឱ្យ​បាន​ឆ្ងាយ​បន្តិច​ព្រោះ​កាលណា​ឆាប់​ពេក​យើង​ជាន់​នឹង​កម្មវិធី​របស់​យើង​ដែរ​ ហើយ​បើសិនជា​ខាង​ក្រសួង​ដាក់​មក​គឺ​តិច​ពេក​មាន​ពេល​ជួនកាល​សំបុត្រ​អត់​ទាន់​មក​ដល់​យើង​ទេ​កម្មវិធី​ចាប់ផ្តើម​រួច​ទៅ​ហើយ​..»​ ។​

​សូម​ជំរាប​ថា​ ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​«​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ ដែល​មាន​គោលបំណង​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​ឈរ​ ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ នា​ពេល​ខាង​មុខ​ ។​

​គម្រោង​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​បន្ទាយស្រី​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ និង​ អង្គការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ ក្រោម​ជំនួយ​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ ។​ គម្រោង​នេះ​ មាន​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨​ ។​ គម្រោង​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៣​ រួម​មាន​ខេត្តសៀមរាប​ បាត់ដំបង​ និង​ខេត្តកំពង់ធំ​ ។​

Share

Image
Image
Image