en     km
en     km

រដ្ឋមន្ត្រីទេសចរណ៍ព្រមានផាកពិន័យម្ចាស់ភោជនីយដ្ឋានណាមិនកំណត់ថ្លៃលើមុខម្ហូប

Share

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានព្រមានយ៉ាងដាច់អហង្កាថា ត្រូវតែចាត់វិធានការតឹងតែងចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលនៅតែមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu)។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រួសួងទេសចរណ៍ចុះផ្សាយកាលពីថ្ងទី ០៥ មេសា។

យោងតាមបទបញ្ជានេះ លោករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ និងបញ្ជ្រាបបញ្ហានេះដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ឲ្យបានមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ការព្រមានយ៉ាងម៉ឺងម៉ាត់បែបនេះ ធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ ឆមាសទី២ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ។

                                                                                              តារាងមុខម្ហូប និងតម្លៃ។

 

តាមរយៈបទបញ្ជានេះលោករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឡើងថ្លៃហួសហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយត្រូវបញ្ជ្រាបឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដាក់បង្ហាញតារាងតម្លៃលើមុខទំនិញ-សេវាកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងអាចទទួលយកបាន។

លោក ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ តែយើងអាចផាកអ្នកណាដែលអត់សរសេរតម្លៃ។ នេះមានន័យថា យើងអត់ផាករឿងឡើងថ្លៃ ឬមិនឡើងថ្លែនោះទេ គឺអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលសរសេរត្រឹមត្រូវ ឬអត់»។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការជឿជាក់ថា ការធ្វើបែបនេះប្រាកដជាជំរុញឲ្យអាជីវករទាំងនោះភ្ញាក់រឭក និងងាកមកអនុវត្តត្រឹមត្រូវវិញ ពីព្រោះការប្រកបអាជីវកម្មមិនមែនតែមួយថ្ងៃពីរនោះទេ ពោលគឺពួកគេនៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូច្នេះការកំណត់ថ្លៃហួសហេតុពេកនឹងប៉ះពាល់ដល់ភ្ញៀវ។

ឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ ក្នុងកំណើន ១០,៧% ដោយបាននាំមកនូវចំណូលជូនជាតិជាង ៤ពាន់លានដុល្លារអាមេរិក រួមចំណែក ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់។ ជាក់ស្តែង ក្នុងរយៈពេល ០២ខែ ដើមឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ១,២លាននាក់ ក្នុងកំណើន ៩,៣%៕

 

Share

Image
Image
Image