en     km
en     km

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​មាន​បំណង​បង្កើត​មូលនិធិ​ទ្រទ្រង់​ជួយ​ដល់​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ​

Share

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​បំណង​បង្កើត​មូលនិធិ​មួយ​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ ដែល​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​ផលិត​ខ្សែភាពយន្ត​។​ ការ​បង្កើត​ឱ្យ​មាន​មូលនិធិ​នេះ​ ក្នុង​គោលបំណង​ដើម្បី​អាច​ឱ្យ​ផលិតករ​ដែល​ខ្វះខាត​ថវិកា​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​របស់​ខ្លួន​ អាច​ខ្ចី​ថវិកា​ពី​មូលនិធិ​នេះ​ យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ផលិត​ខ្សែ​ ភាពយន្ត​ ហើយ​នៅ​ពេល​ដែល​ចាក់​បញ្ចាំង​បាន​ចំណូល​ពី​ខ្សែភាពយន្ត​នេះ​ហើយ​ សឹម​យក​មក​សង​មូលនិធិ​វិញ​។​

លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​!

cover-ministry-of-Info-&-Khieu-Kanharith
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​បំណង​បង្កើត​មូលនិធិ​មួយ​ ដើម្បី​ជួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ ដែល​កំពុង​ខ្វះខាត​ថវិកា​។​

នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ (AKP)​ ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​ ក្នុង​ការ​ផ្សាយ​នោះ​ស្រង់​ប្រសាសន៍​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បន្ត​ថា​ ការ​បង្កើត​មូលនិធិ​នេះ​ គឺ​សម្រាប់​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ ដោយ​ពួក​គេ​អាច​ខ្ចី​ថវិកា​ពី​មូលនិធិ​នេះ​ យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​  ហើយ​នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ចំណូល​ពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​ខ្លួន​ហើយ​នោះ​ សឹម​ពួក​គេ​យក​មក​សង​ឱ្យ​មូលនិធិ​វិញ​។​

យោង​តាម​សារព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀត​ថា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​បាន​ជំរុញ​ឱ្យ​សមាគម​សិល្បករ​ខ្មែរ​ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ ពិភាក្សា​គ្នា​រក​យន្តការ​ត្រឹមត្រូវ​មួយ​ ហើយ​លើក​ជា​សំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​សម្រេច​បង្កើត​នូវ​មូលនិធិ​នេះ​ឡើង​។​

រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ និង​តួ​សម្តែង​ ទាំងអស់​ឱ្យ​ខិតខំ​រួម​សាមគ្គី​គ្នា​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ខ្សែភាពយន្ត​ ក៏​ដូច​ជា​កម្មវិធី​ផ្សេងៗ​ទៀត​ ដែល​ផលិត​ដោយ​ខ្មែរ​ខ្លួនឯង​ កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​មានគុណ​ភាពល្អ​។​

ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ ផលិតករ​ខ្សែភាពយន្ត​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​ ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ នេះ​ដែរ​ថា​ លោក​ គាំទ្រ​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​បំណង​បង្កើត​ឱ្យ​មាន​មូលនិធិ​នេះ​ឡើង​។​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បន្ថែម​ទៀត​ថា​ ប្រសិនបើ​មូលនិធិ​មួយ​នេះ​កើត​ទ្បើ​ង​ហើយ​នោះ​ នឹង​អាច​ជួយ​សម្រួល​ទៅ​ដល់​ផលិតករ​មួយ​ចំនួន​ ដែល​កំពុង​តែ​ខ្វះខាត​ថវិកា​ក្នុង​ផលិត​ខ្សែភាពយន្ត​របស់​ខ្លួន​ អាច​ខ្ចី​ថវិកា​ពី​មូលនិធិ​មួយ​នេះ​បាន​។​

«​បង​គាំទ្រ​ ចំពោះ​គំនិត​បង​ផ្ទាល់​ព្រោះថា​ ឧបមា​ថា​ បង​ចង់​ផលិត​រឿង​ភាគ​មួយ​ មាន​ទូរទស្សន៍​មួយ​គេ​ចាំតែ​យក​ហើយ​ ប៉ុន្តែ​គេ​ច្រើន​ឱ្យ​បង​ចេញ​លុយ​ខ្លួនឯង​ផលិត​សិន​ តែ​បងអត់​លទ្ធភាព​អត់​មាន​លុយ​ អ​ញ្ចឹ​ង​បង​ត្រូវ​ស្ទះ​នៅ​ត្រឹម​ហ្នឹងហើយ​ ប៉ុន្តែ​បង​ផលិត​ហើយ​គេ​ដឹង​ទិញ​យើង​ឱ្យ​លុយ​យើង​ហើយ​…»​។​

ចំណែកឯ​ផលិតករ​ខ្សែភាពយន្ត​មួយ​រូប​ទៀត​គឺ​ លោក​ លី​ វេ​ត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ លោក​មាន​អារម្មណ៍​រំភើប​ នៅ​ពេល​ដែល​លោក​បានដឹង​ថា​ រដ្ឋាភិបាល​មាន​បំណង​បង្កើត​មូលនិធិ​ទ្រទ្រង់​សម្រាប់​ជួយ​ដល់​ផលិតករ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​។​ លោក​ លី​ វេ​ត​ បន្ត​ថា​ មូលហេតុ​ដែល​លោក​មាន​អារម្មណ៍​រំភើប​នោះ​ ដោយសារ​តែ​អ្នក​ដែល​ជា​ផលិតករ​ភាពយន្ត​នឹង​មាន​ដើមទុន​ មួយ​ដោយសារ​តែ​មូលនិធិ​ខាងលើ​នេះ​ នឹង​អាច​ឱ្យ​ផលិតករ​ខ្ចី​ថវិកា​ទៅ​ផលិត​ខ្សែភាពយន្ត​របស់​ខ្លួន​នៅ​ពេល​ដែល​ខ្លួន​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​។​

«​បាទ​!​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ ព្រោះ​ផលិតករ​ខ្លះ​មានគំនិត​ច្រើន​ចង់​ផលិត​អ្វីមួយ​ប៉ុន្តែ​គាត់​ខ្វះ​ថវិកា​។​ ប្រសិនបើ​រាជរដ្ឋាភិបាល​គាត់​រៀបចំ​កម្មវិធី​មូលនិធិ​នេះ​ទ្បើ​ង​ ខ្ញុំ​គិត​ថា​ផលិតករ​ដែល​មាន​ស្នាដៃ​ដែល​ចង់​បង្ហាញ​គំនិត​ថ្មីៗ​ហ្នឹង​ គាត់​មានឱកាស​ចង់​បង្ហាញ​ពី​គំនិត​របស់​គាត់​បាទ​…»​។​

យ៉ាងណា​ក៏​ដោយ​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ពាក់ព័ន្ធ​នឹង​នីតិវិធី​ក្នុង​ការ​ខ្ចី​ថវិកា​នេះ​ទេ​។​ សំណួរ​សំខាន់​មួយ​សម្រាប់​បញ្ហា​នេះ​គឺថា​ តើ​ស្នាដៃ​របស់​ផលិតករ​នោះ​ មានការ​វាយតម្លៃ​ ឬ​មាន​កិច្ចព្រមព្រៀង​ទិញ​ជា​មុន​ទេ​ ទើប​អាច​ខ្ចី​លុយ​ពី​មូលនិធិ​បាន​?​ បើសិនជា​ផលិតករ​បរាជ័យ​ មិន​អាច​លក់​ស្នាដៃ​របស់​ខ្លួន​ រក​ថវិកា​សង​មូលនិធិ​វិញ​ តើ​នឹង​ទៅ​ជា​យ៉ាងណា​?

សូម​ជម្រាប​ជូន​ផង​ដែរ​ថា​ ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ​ ដោយ​តម្រូវ​ឱ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​ត្រូវ​ផ្សាយ​វណ្ណ​កម្ម​ខ្មែរ​ចាប់ពី​ម៉ោង​ ៧​ យប់​ ដល់​ ម៉ោង​ ៩​ យប់​។​ ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ក្នុង​គោលបំណង​ដើម្បី​លើក​ស្ទួយ​វិស័យ​វប្បធម៌​​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​៕​

Share

Image
Image
Image