en     km
en     km

រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃពុធ ដើម្បីនិយាយអំពី«ភាពជាដៃគូសន្ទនារបស់អាស៊ាន»

Share

រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ដូមីនិក រ៉ាអាប (Dominic Raab) គ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងថ្ងៃពុធ ទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ដើម្បី«ពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម»។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃចន្ទ ដែលប្រាប់បន្ថែមថា ឯកឧត្ដម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា នឹងជួបប្រជុំទ្វេភាគីជាមួយលោក ដូមីនិក រ៉ាអាប។

សេចក្ដីប្រកាសព័ត៌មានដដែលរំពឹងថា វត្តមានរបស់ប្រមុខការទូតអង់គ្លេសនៅកម្ពុជានឹង«ជួយរួមចំណែកជំរុញនិងពង្រឹងបន្ថែមទៀត» នូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រទាំងពីរ។

យោងតាមសេចក្ដីប្រកាសនេះ ក្រសួងការបរទេសកម្ពុជាយល់ឃើញថា ទស្សនកិច្ចនេះក៏ជា«ការបោះជំហានទៅមុខ»ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ានដែរ។

យោងតាមវេបសាយត៍របស់រដ្ឋាភិបាលអង់គ្លេស លោក ដូមីនិក រ៉ាអាប នឹងពន្យល់ឯកឧត្ដម ប្រាក់ សុខុន យ៉ាងពិស្ដារអំពី«មហិច្ឆតា»របស់ចក្រភពអង់គ្លេស ក្នុងបំណងបង្កើតឋានៈ«ភាពជាដៃគូសន្ទនាអាស៊ាន» នៅមុនពេលដែលកម្ពុជាធ្វើជាប្រធានសមាគមអាស៊ាននៅឆ្នាំក្រោយ។

«ឋានៈនេះនឹងអនុញ្ញាតឱ្យចក្រភពអង់គ្លេសមានទម្រង់នៃទំនាក់ទំនងជិតស្និទបំផុតជាមួយអាស៊ាន។» នេះបើយោងតាមក្រសួងការបរទេសអង់គ្លេស ដែលបញ្ជាក់ថា លោករដ្ឋមន្ត្រីកំពុងស្ថិតនៅប្រទេសវៀតណាម ហើយនឹងបន្ដដំណើរទៅប្រទេសសិង្ហបុរីទៀត បន្ទាប់ពីស្នាក់នៅកម្ពុជាមួយរយៈខ្លី។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជារបស់លោក ដូមីនិក រ៉ាអាប នឹងប្រព្រឹត្តទៅដោយមានជំនួបជាមួយរដ្ឋម​ន្ត្រីបរិស្ថានកម្ពុជា គឺឯកឧត្ដម សាយ សំអាល់ ដែរ មុនពេលលោកទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា៕

Share

Image
Image
Image