en     km
en     km

រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​ជា​លើក​ដំបូង​ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

Share

​ភ្នំពេញ​ ៖​ អង្គការ​អភិរក្ស​សត្វព្រៃ​ WCS​ បាន​រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​ ជា​លើក​ដំបូង​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ខេត្ដមណ្ឌលគិរី​ កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​។​ អង្គការ​នេះ​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បរបាញ់​ ការ​បំពុល​ និង​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ដើម្បី​និរន្ដរភាព​យូរអង្វែង​របស់​សត្វព្រៃ​ ដ៏​កម្រ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុម​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​ តាមដាន​សត្វព្រៃ​ ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ខេត្ដមណ្ឌលគិរី​ បាន​រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​ចំនួន​ ០៧​សំបុក​ ដែល​កំពុង​បង្ក​កំណើត​។​ ការ​រក​ឃើញ​នេះ​ គឺជា​ដំណឹង​ដ៏​ល្អ​មួយ​ ពីព្រោះ​តែ​កន្លង​មក​ ក្រុម​អភិរក្ស​សត្វព្រៃ​ បានឃើញ​តែ​មេបា​ប៉ុណ្ណោះ​ តែ​មិន​ធ្លាប់​ប្រទះ​ឃើញ​ពពួក​ត្រដក់​តូច​ កាច់​សំបុក​ពង​កូន​នៅ​តំបន់​នេះ​ទេ​។​

​លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ អ្នក​ស្រប​សម្រួល​ផ្នែក​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​តាមដាន​សត្វព្រៃ​របស់​អង្គការ​ WCS​ បាន​និយាយ​ថា​ ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ក៏​ជាទី​ជម្រក​ដ៏​មាន​សារសំខាន់​មួយ​បន្ថែម​ទៀត​ សម្រាប់​សត្វ​ត្រដក់​តូច​ ក្នុង​ការ​រស់នៅ​ និង​បង្ក​កំណើត​។​ ពីព្រោះ​តែ​តំបន់​នេះ​ សម្បូរ​ទៅ​ដោយ​ប្រភេទ​ព្រៃ​ល្បោះ​ ព្រៃស្រោង​ វាលស្មៅ​ ត្រពាំង​ អូរ​ និង​ចំណីអាហារ​ ដែល​ពពួក​ត្រដក់​តូច​ ចូល​ចិត្ដ​ ដែល​មាន​ដូច​ជា​ ត្រី​ កង្កែប​ ពពួក​ល្មួ​ន​ ក្ដាម​ ខ្យង​ និង​សត្វល្អិត​ជា​ច្រើន​ប្រភេទ​។​

​លោក​ វ៉ា​ន់​ឌឿ​ន​ បន្ដ​ថា​ បច្ចុប្បន្ន​នេះ​ សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃឈើ​ បាន​បង្ក​ជា​ការ​គំរាមកំហែង​ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ទី​ជម្រក​ និង​កន្លែង​ពង​កូន​របស់​សត្វ​ត្រ​ដល់​តូច​ ពិសេស​ក្នុង​រដូវ​ពង​កូន​។​ សត្វ​ត្រដក់​តូច​ បន្ដ​ពូជ​ចាប់ពី​ខែតុលា​ រហូត​ដល់​ ខែមិថុនា​។​ បក្សី​ប្រភេទ​នេះ​ ក្នុង​មួយ​សំបុក​អាច​មាន​ពង​ពី​ ៣​ ទៅ​ ៤​គ្រាប់​ ហើយ​ត្រឹមតែ​រយៈពេល​ ២​ខែ​ប៉ុណ្ណោះ​ ពង​របស់​ពួក​គេ​នឹង​ញាស់​។​ ដើម្បី​ថែរក្សា​វត្ដមាន​សត្វ​ត្រដក់​តូច​ ក៏​ដូច​ជា​សត្វព្រៃ​ដទៃៗ​ទៀត​ លោក​សំណូមពរ​ឲ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ ដោយ​ឈប់​ការ​បំផ្លាញ​ព្រៃឈើ​ ឈប់​បំពុល​ និង​ជា​ពិសេស​សុំ​ឲ្យ​អាជ្ញាធរ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ក្នុង​ការ​ការពារ​ព្រៃឈើ​ ៖«​វា​ត្រូវការ​ចំណី​ អាហារ​នៅ​តាម​បឹង​ត្រពាំង​ អ​ញ្ចឹ​ង​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​នាំ​គ្នា​បំពុល​ អ​ញ្ចឹ​ង​សត្វ​ហ្នឹង​នឹង​ស្លាប់​ដោយសារ​ការ​បំពុល​ផង​ដែរ​។​ អ​ញ្ចឹ​ង​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​គឺ​សំខាន់​ខ្លាំង​ណាស់​ ហើយ​មួយទៀត​គ្រប់ការ​អនុវត្ដ​ច្បាប់​ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ជា​អ្នក​អនុវត្ដ​ច្បាប់​ ត្រូវ​ការពារ​ឲ្យ​បាន​តឹងរ៉ឹង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការ​កាប់​ព្រៃ​»​។​

​សត្វ​ត្រដក់​តូច​ គឺ​ពពួកសត្វ​ស្លាប​មាឌធំ​ ហើយ​ពួក​គេ​មាន​កម្ពស់​រហូត​ដល់​ ១​ម៉ែត្រ​ ៣​តឹក​ ជាង​នេះ​បក្សី​ក្រុម​នេះ​ស្លាប​ទាំង​សងខាង​មាន​ប្រវែង​ជាង​២​ម៉ែត្រ​។​ នា​រយៈពេល​កន្លង​មក​គេ​បានឃើញ​ ត្រដក់​តូច​ តែងតែ​ទៅ​ប្រមូលផ្ដុំ​គ្នា​ ផ្ដល់​កំណើត​ឲ្យ​កូនៗ​របស់​ពួក​គេ​ នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ខេត្ដព្រះវិហារ​។​

​ត្រដក់​តូច​ត្រូវ​បាន​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​អន្ដរជាតិ​ ប៉ាន់​ប្រមាណ​ថា​ ពួក​គេ​មាន​ចំនួន​ជាង​ ១​ម៉ឺន​ក្បាល​នៅ​លើ​សាកលលោក​។​ តែ​យ៉ាងណា​ចំនួន​ពួក​គេ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​តំបន់​អាស៊ី​ និង​តំបន់​ភាគ​ខាងកើត​នៃ​ឧបទ្វីប​ឥ​ណ្ឌ​។​ ដូច្នេះ​ហើយ​ទើប​ សត្វ​ត្រដក់​តូច​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សត្វ​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​។​

​នៅ​ប្រទេស​កម្ពុជា​ សត្វព្រៃ​ដ៏​កម្រ​ច្រើន​ប្រភេទ​ បាន​រង​គ្រោះជា​បន្ដបន្ទាប់​ដោយ​ការ​ដាក់​អន្ទាក់​ ការ​បំពុល​ និង​ការ​ប្រមូល​យក​ពង​កូន​ របស់​សត្វ​ទាំងនោះ​។​ ក្រោយ​ពី​បាន​រក​ឃើញ​បញ្ហា​នេះ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ បាន​បង្កើត​កម្មវិធី​មួយ​ ដើម្បី​ការពារ​សំបុក​សត្វព្រៃ​ ដោយ​ជួល​ប្រជា​សហគមន៍​ ដែល​ជា​អ្នកមាន​ប្រវត្ដិ​ ធ្លាប់​ប្រមូល​យក​ពង​កូន​សត្វព្រៃ​ ជា​អ្នក​មើលថែ​សំបុក​ ពង​កូន​ សត្វព្រៃ​ទាំងនោះ​ តាំងពី​ពង​ រហូត​ដល់​ញាស់​ ហើយ​អង្គការ​ផ្ដល់​ជា​ប្រាក់​កម្រៃ​សម្រាប់​ពួក​គាត់​។​

​សត្វ​ត្រដក់​តូច​ ជា​ប្រភេទ​សត្វ​ស្លាប​ដែល​ចូល​ចិត្ដ​ធ្វើ​សំបុក​ពង​កូន​ ជា​បណ្ដុំ​នៅ​ជិតៗ​គ្នា​ លើ​ដើមឈើ​ខ្ពស់ៗ​ ហើយ​ជា​ប្រភេទ​ព្រៃ​ល្បោះ​ និង​ព្រៃស្រោង​។​ បក្សី​ប្រភេទ​នេះ​ ជា​សត្វ​មិន​ងាយ​ផ្អើល​ដូច​ពពួក​ត្រ​យ៉ង​យក្ស​ ឬ​ត្រ​យ៉ង​ចង្កំ​កស​ នោះ​ទេ​។​

​យ៉ាងណា​អង្គការ​ WCS​ បាន​អះអាង​ថា​ ក្រុម​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​តាមដាន​របស់​ខ្លួន​ នឹង​នៅ​តែ​បន្ដ​ស្វែងរក​សំបុក​ត្រដក់​តូច​ជា​បន្ដ​ទៀត​ ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ​សមាជិក​សហគមន៍​ ជា​ពិសេស​មន្ទីរ​បរិស្ថាន​ខេត្ដ​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ការពារ​សំបុក​ និង​ទីតាំង​ពង​កូន​របស់​សត្វ​ត្រដក់​តូច​នេះ​៕

Share

Image
Image
Image